ដោយៈ ស​រិ​ទ្ធ / កំពង់ស្ពឺៈ សាលាដំបូង និង​អយ្យការ អម​សាលាដំបូង ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១ នេះ បានសម្រេច​ផ្អាកនីតិវិធី​កោះហៅ និង​ការចូល ឆ្លើយបំភ្លឺ ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ចូលរួម ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​ខ្លាំង នៅ​ខេត្ត កំពង់ស្ពឺ​។​

​ស្ថានភាព​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តកំពង់ស្ពឺ មានការ​រាលដាល យ៉ាង​ឆាប់រហ័ស និង​ស្មុគស្មាញ ជាង​ព្រឹត្តិការណ៍​មុនៗ និង​ដើម្បី​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​បន្ថែ​ម​ទៀត នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ គឺជា​មូល​ហេតុដែល​សាលា ដំបូង និង​អយ្យការ អម​សាលាដំបូង ខេត្តកំពង់ស្ពឺ ដែល​សម្រេច​ផ្អាក នីតិវិធី​កោះហៅ និង​ការចូល​ឆ្លើយបំភ្លឺ នៅ​តុលាការ​នេះ​។​

​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានបញ្ជាក់​ថាៈ នឹង​កំណត់​កម្មវិធី​កោះហៅ​ឡើងវិញ ក្រោយពេល ស្ថានភាព ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្ត បាន​ធូរស្រាល​ឡើងវិញ​។ ដោយឡែក ពាក់ព័ន្ធ​នឹង​សំណុំរឿង ជាក់ស្ដែង សាលាដំបូង និង​អយ្យការ​អម សាលាដំបូង ខេត្តកំពង់ស្ពឺ នឹង​ចាត់ការតាម​ការជាក់ស្ដែង ដោយយោង​តាម​ករណី​នីមួយៗ​៕/V​-PC