ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ក្រោយពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ផ្សារ បឹង​កេងកង ដោយសារ​ផ្ទុះ​កូ​វីដ​-១៩ បណ្តាលអោយ​ឆ្លង អាជីវករ ២៤៦ នាក់ នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា​នោះ គណៈកម្មការ​ផ្សារ​រដ្ឋ​ទាំងអស់ បានដាក់​ចេញ​ជា​វិធានការ ម៉ឺងម៉ាត់​ទ្វេដង ដើម្បី​ទប់ស្កាត់ ឱ្យបាន​នូវ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩​នេះ ដូច​ករណី នៅ​ផ្សា​របឹង​កេងកង ។​

​លោក ចំរើន សុខ​លីម ប្រធាន​គណៈកម្មការ​ផ្សារ ទួល​ទំពូង បាន​មានប្រសាសន៍ ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា​នេះ​ថា​៖ អនុវត្តតាម​ការណែនាំ របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រុញ​អោយ គណៈកម្មការ​ផ្សារ​ទាំងអស់​យកចិត្ត​ទុក ដាក់​បំផុត នៅពេល​បើក​ផ្សារ​រដ្ឋ ឡើងវិញ​នេះ ពិសេស​គឺ​អនុវត្ត​កាតព្វកិច្ច ពាក់​ម៉ាស​, កាតព្វកិច្ច​រក្សា​គម្លាត សុវត្ថិភាព​, ការធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ​, ការ​វាស់​កម្ដៅ​, ការ​ស្កេ​ន QR Code និង​ត្រូវអនុវត្ត តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ជាពិសេស ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច នូវ​វិធានការ « ៣​ការពារ និង​៣​កុំ » របស់​សម្ដេច តេ​ជោ ហ៊ុន សែន ហើយ​ក្រោយពី​មាន ការផ្ទុះ​ឡើង នៅ​ផ្សា​របឹង​កេងកង សម្រាប់​ផ្សារ ទួល​ទំពូង គឺ​យើង​បាន​ព​ង្រឹ​ក ការប្រុងប្រយ័ត្ន នេះ​ទ្វេដង​។​

​លោក ហ៊​ត វ៉ាន់​ធី ប្រធាន​គណៈកម្មការ ផ្សារ​អូរឫស្សី បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា​នេះដែរ​ថាៈ សម្រាប់​ផ្សារ​អូរឫស្សី យើង​បាន​នឹង​កំពុង​អនុវត្ត នូវ​វិធានការ​យ៉ាង ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នេះ បងប្អូន​ប្រជាពលរដ្ឋ ចេញ ចូល​ផ្សារ ត្រូវការ​ពាក់​ម៉ាស​, រក្សា​គម្លាត​សុវត្ថិភាព​, ធ្វើ​អនាម័យ​សម្លាប់​មេរោគ​, វាស់​កម្ដៅ​,​ស្កេ​ន QR Code និង​អនុវត្តតាម ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស អនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» ។​

​លោក​បាន​ថាៈ ទោះ​យើង​ប្រឹងប្រែង​ខ្លាំង យ៉ាងណាក៏ដោយ បើ​បងប្អូន​ប្រជាពលរដ្ឋ មិន​ចូលរួម​ទេ គឺ​មិនបាន​ជោគជ័យ​ទេ​។ ចំណែក​ផ្សារ​ផ្សេងៗ​ទៀត បើតាម​ការពិនិត្យ មើល​ស្ថានភាព ជាក់ស្តែង គឺ​គ្រប់​ផ្សារ បាន​យកចិត្តទុកដាក់​ណាស់ ចំពោះ​វិធាន ការពារ «៣​ការពារ និង​៣​កុំ​» នេះ​។​

​គួរ​បញ្ជាក់ថា បើតាម​សេចក្ដីសម្រេច របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បានចេញ កាលពី​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ កន្លងមក បាន​បញ្ជាក់ថា ត្រូវបាន​អនុញ្ញាត ឲ្យ​បើក​ដំណើរការ គ្រប់​អាជីវកម្ម – ការលក់ដូរ ជា​ប្រក្រតី​ឡើងវិញ ក្នុង​ក្របខ័ណ្ឌ ផ្សារ​រដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​តទៅ​។ គ្រប់​អាជីវកម្ម​-​ការលក់ដូរ ដែល​ត្រូវបាន​អនុញ្ញាត ឲ្យ​បើក​ដំណើរការ ត្រូវអនុវត្ត វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល ឲ្យ​បាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស​, កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​, ការធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ​, ការ​វាស់​កម្ដៅ​, ការ​ស្កេ​ន QR Code និង​ត្រូវអនុវត្ត តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់ ជានិច្ច​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្នុង​ចំនួន​ផ្សារ​រដ្ឋ ទាំង​២៥ មាន​ផ្សា​របឹង កេងកង​មួយ ហើយ ដែល​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ​-១៩ ដោយ​គិត​មក​ត្រឹម​ព្រឹក ថ្ងៃទី​២៩ មិថុនា​នេះ មាន​អ្នក​វិជ្ជមាន នៅក្នុង​ផ្សារ​នេះ ចំនួន ២៤៦ នាក់ ក្នុងចំណោម​មនុស្ស យក​សំណាក ១.១០០ នាក់​៕/V​-PC