ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​៖ មកដល់​ព្រឹក​ថ្ងៃទី​២៩ មិថុនា អាជីវករ​ផ្សា​របឹង​កេងកង និង​ប្រជាពលរដ្ឋ នៅ​ជុំវិញ​ផ្សា​របឹង​កេងកង ចំនួន​ជិត ២៥០ នាក់​ហើយ ដែល​ក្រុម គ្រូពេទ្យ បញ្ជាក់ថា មាន​វិជ្ជមាន​កូ​វីដ​-១៩ ។​

​ប្រធាន​គណៈកម្មការ​ផ្សា​របឹង​កេងកង លោក ឯក និមល បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៩ មិថុនា នេះ មាន​បងប្អូន​អាជីវករ​ចំនួន ២៤៦ នាក់​ហើយ ដែល​ក្រុមគ្រូពេទ្យ បញ្ជាក់ថា មាន​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងចំណោម​មនុស្ស ចំនួន ១.១០០ នាក់ ដែល​បាន​ទៅយក​សំណាក​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​លោក បញ្ជាក់ថា ក្នុង​ចំនួន​នេះ​គឺ​មិន​ប្រាកដថា ជា​អាជីវករ នៅក្នុង​ផ្សា​របឹង​កេងកង ទាំងអស់​នោះទេ ដោយ​អ្នកខ្លះ ជា​អ្នកដំណើរ​ចេញ ចូលក្នុង​ផ្សារ បឹង​កេងកង ខ្លះទៀត​ជា​បុគ្គលិក ក្រុមហ៊ុន និង​មួយចំណែក​ទៀត ជា​ប្រជាពលរដ្ឋ មាន​លំនៅ​ជុំវិញ​ផ្សារ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា ខាងលើនេះ កាល​រសៀល​ថ្ងៃទី​២៨ មិថុនា ម្សិល​ម៉ិ​ញ​រដ្ឋបាល ខណ្ឌ​បឹង​កេងកង បាន​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ចេញ​-​ចូល ផ្សា​របឹង កេងកង ចាប់ពី​ថ្ងៃទី​២១ ខែមិថុនា ដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ ត្រូវ​ទៅយក សំណាក ជាបន្ទាន់ ដើម្បី​រក​ជំងឺ​កូ​វីដ​-១៩​។​

​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បានបញ្ជាក់​ថាៈ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​អាជីវករ ផ្សា​របឹង​កេងកង បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​ស្ថានភាព​នេះ បាន​ឆ្លង​រីក​រាលដាល យ៉ាង​ឆាប់រហ័ស គួរ​ឲ្យ​ព្រួយបារម្ភ និង​ចាំបាច់​ត្រូវមាន​វិធានការ សុខាភិបាល ដើម្បី​ទប់ស្កាត់​ជាបន្ទាន់​។ អ្នក​ដែល​ធ្លាប់​ចេញចូល​ផ្សារ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ សូម​ទៅយក​សំណាក រកឃើញ​ជំងឺ កូ​វីដ​-១៩ នៅ​បរិវេណ វិទ្យាល័យ ជា ស៊ីម បឹង​កេងកង នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១ ជាបន្ទាន់​ព្រមទាំង អនុវត្ត​វិធាន ស្របតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ បំផុត​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ដំណើរការ ជា​បណ្ដោះអាសន្ន ផ្សា​របឹង កេងកង រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​ផងដែរ​៕/V​-PC