ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ៖ នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បង្ក្រាប​ជាក់ស្តែង ករណី​លួច មាន​ស្ថាន ទំងន់ទោស ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធ​ករណី ធាក់​ជនរងគ្រោះ គំរាម​យក​ម៉ូតូ នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ២០-២១ ក្នុងភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​លោក ហ៊ាង ថា​រ៉េត អធិការ​ខណ្ឌឫស្សីកែវ បានឱ្យដឹងថាៈ ជនសង្ស័យ​ទាំង ៤​នាក់ ដែល​កម្លាំង​បង្ក្រាប រួមមានៈ ១.​ឈ្មោះ បឿន សុខ​ហាង អាយុ​២៦​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ លេខ​៦ ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ , ២.​ឈ្មោះ នៅ ពៅ អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ , ៣.​ឈ្មោះ ឆោម រដ្ឋ អាយុ​២១​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន​ស្នាក់នៅ ភូមិ​-​ឃុំ​ផ្សារ​សាមគ្គី ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង ៤.​ឈ្មោះ យាន វិ​រ័ត្ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។ យុវជន​សង្ស័យ ទាំង​៤ នាក់​នេះ សុទ្ធ​តែមាន​ផ្ទុក​សារធាតុ ញៀន នៅក្នុង​ខ្លួន​ទាំងអស់​។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ ប៉ី​ច ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ជេ​ធី​អាយ ស្នាក់នៅ​ភូមិ​ត្រពាំង​ខ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ក្នុងការ​បង្ក្រាប​ជនសង្ស័យ​នោះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង រួមមាន ម៉ូតូ​ចំនួន ៣ គ្រឿង (​ម៉ូតូ​ម៉ាក​ហុងដា C125 ១​គ្រឿង ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ PP1FN7118, ម៉ូតូ​ម៉ាក​ហុងដា ស្គុ​ប​ពី ពណ៌​ក្រហម ១​គ្រឿង ពាក់​ស្លាក​លេខ PP1IR5284, ម៉ូតូ​ម៉ាក ហុងដា ស្គុ​ប​ពី ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ PP1IR8717 ) ។​

​លោក​អធិការ បាន​បន្តថាៈ នៅ​ថ្ងៃ ខែ ឆ្នាំ ខាងលើ ជនរងគ្រោះ បាន​ចេញពីផ្ទះ គោលបំណង ទៅធ្វើ​បុណ្យ នៅឯ​ខេត្តកំពង់ឆ្នាំង ។ ពេល​ជិះ​មកដល់​ចំណុចកើតហេតុ ក៏មាន​ជនសង្ស័យ ៦​នាក់ ជិះ​ម៉ូតូ​មកពី​ក្រោយ និង​ធ្វើ​សកម្មភាព ធាក់​ម៉ូតូ​ជនរងគ្រោះ ឲ្យ​ដួល រួច​គំរាម​វាយ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ បាន​ទុក​ម៉ូតូ​ចោល រត់​យករួចខ្លួន ។ បន្ទាប់មក ជនសង្ស័យ​បាន​យក​ម៉ូតូ ជនរងគ្រោះ ជិះ​ត្រឡប់ក្រោយ ចូល​ភ្នំពេញ​វិញ ។ ពេលមកដល់​ចំណុច​ផ្លូវ​លលេ​ខ ១០០៣ ក្រុម​៤ សង្កាត់​ច្រាំ​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ បាន​ជួប​គោលដៅ កំលាំង​អធិការដ្ឋាន បាន​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ព្រមទាំង​ស្រាវជ្រាវ ឃាត់ខ្លួន​បាន ២ នាក់​បន្តទៀត​។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ នៅ​ចំពោះមុខ នគរបាល​អធិការដ្ឋាន បាន​បន្ត​ស្រាវជ្រាវ រក​បក្ខពួក និង​ម៉ូតូ​ជនរងគ្រោះ និង​កសាង​សំណុំរឿង បញ្ជូន​តាម​នីតិវិធី ៕/V​-PC