​ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ នគរបាល​ខណ្ឌឫស្សីកែវ បាន បង្ក្រាប​ជាក់ស្តែង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ធាក់​ជនរងគ្រោះ​គំរាម​ប្លន់​យក​ម៉ូតូ នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​៣ និង​៥០​នាទី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០-២១ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល បង្កឡើង​ដោយ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​។​

​លោក ហ៊ាង ថា​រ៉េត អធិការ​ខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៤​នាក់ ដែល​កម្លាំង​យើង​បង្ក្រាបបាន​មាន ៖
១-​ឈ្មោះ​បឿន សុខ​ហាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងដែក​ស្នាក់​នៅផ្ទះ​លេខ​៦ ផ្លូវ​បេតុង​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ (​មាន​សារធាតុ​ញៀន​)
២-​ឈ្មោះ​នៅ ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ (​មាន​សារធាតុ​ញៀន​)
៣-​ឈ្មោះ​ឆោម រដ្ឋា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់នៅ​ភូមិ​-​ឃុំ​ផ្សារ​សាមគ្គី ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ (​មាន​សារធាតុ​ញៀន​)
៤-​ឈ្មោះ​យាន វិ​រ​ត្ន័ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ (​មាន​សារធាតុ​ញៀន​)​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៉ិច ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ជេ​ធី​អាយ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​៣​គ្រឿង គឺ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ មួយគ្រឿង​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ​១FN-៧១១៨, ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១IR-៥២៨៤ និង​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១IR-៨៧១៧​។​

​លោក​អធិការ​បន្តថា ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ បាន​ចេញពីផ្ទះ​ក្នុង គោលបំណង​ទៅធ្វើ​បុណ្យ​នៅឯ​ខេត្តកំពង់ឆ្នាំង ពេល​ជិះ​មកដល់​ចំណុចកើតហេតុ ក៏មាន​ជនសង្ស័យ​៦​នាក់​ជិះ​ម៉ូតូ​តាម​ពីក្រោយ ហើយ​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ជនរងគ្រោះ​ឲ្យ​ដួល រួច​គំរាម​វាយ​ជនរងគ្រោះ​ធ្វើឱ្យ​ជនរងគ្រោះ​ភ័យ​ក៏​ទុក​ម៉ូតូ​ចោល​រត់​យករួចខ្លួន ។ បន្ទាប់មក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ត្រលប់​ក្រោយ​ចូល​ភ្នំពេញ​វិញ ពេលមកដល់​ចំណុច​ផ្លូវ​លេខ​១០០៣ ក្រុម​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​ក៏​ជួប​គោលដៅ​កម្លាំង​អធិការដ្ឋាន​ឃាត់​ធ្វើការ​ប​ត្រួតពិនិត្យ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ព្រមទាំង​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​២​នាក់​បន្តទៀត​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នឹង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង​ម៉ូតូ​ជនរងគ្រោះ ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូនបន្ត​តាម​នីតិវិធី ៕​