ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ នេះ បាន​មានប្រសាសន៍ថាៈ រដ្ឋបាលខេត្ត​ស្វាយរៀង បានទទួល​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ ១៩ ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ កម្មករ -​កម្ម​ការ​នី ព្រះសង្ឃ ចំនួន​៣​ក្រុង / ស្រុក គឺ​ក្រុង​បាវិត ស្រុក​កំពង់​រោទ៍ និង​ស្រុក​រំដួល ខេត្តស្វាយរៀង​។

​ក្នុងឱកាស​នោះ លោក​ក៏បាន​ថ្លែង​អំណ​គុណ ចំពោះ​ក្រសួងការពារជាតិ បាន​សហការ រៀបចំ យុទ្ធនាការ ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ( SINOVAC ) បង្ការ​ជំងឺ​កូ​វីដ ១៩ ដូ​ស​ទី​១ នៅ​ក្រុង​បាវិត មាន​ចំនួន ២៦.៨៩៧ នាក់ ស្មើនឹង ៦ ទីតាំង , ស្រុក​កំពង់​រោទ៍ ចំនួន ៤៧.២៧២ នាក់ ស្មើនឹង ១០ ទីតាំង និង​ស្រុក​រំដួល ចំនួន ៣៩.០២២ នាក់ ស្មើនឹង ៨ ទីតាំង សម្របសម្រួល​ចាក់​វ៉ាក់សាំង ដោយ​ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល​ខេត្ត ស្វាយរៀង​។​ឯកឧត្តម​បន្តថា កូ​វីដ​១៩ បាន​ផ្ទុះ​ចាប់ពី ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ រហូតដល់​បច្ចុប្បន្ន បាន​ផ្ទុះ​រាលដាល ដល់​សហគមន៍ ។ រដ្ឋបាលខេត្ត​បានរៀបចំ​គណៈ កម្ម​ការស្រាវជ្រាវ​ថ្នាក់​ខេត្ត រហូតដល់​មូលដ្ឋាន ដើម្បី​គ្រប់គ្រង និង​បញ្ជូនទៅ​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ចំពោះ​យុទ្ធនាការ នា​ព្រឹក​នេះ នៅ​ក្រុង​បាវិត ក៏បាន​រៀបចំ​ដោយ​កងទ័ព​ហើយ​លោក សូម សំណូមពរ សូម​ឲ្យ​ប្រជាពលរដ្ឋ មក​ចូលរួម​ចាក់​វ៉ាក់សាំង ចាក់​ដោយ​ស្ម័គ្រចិត្ត ដើម្បី​បង្ការ​កូ​វីដ ១៩ ។ ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើងទៅ​ចំនួន ១០ លាន​នាក់​ទូទាំង ប្រទេស​។ ចំណែក​ខេត្តស្វាយរៀង បាន​ចាក់​ជូន​មន្ត្រីរាជការ កងកម្លាំង​ទាំង បី​ភេទ បាន​ចំនួន ១៧.០០០ នាក់ ហើយ​យើង ត្រូវតែ​ចូលរួម អនុវត្ត​វិធាន​របស់​ក្រសួង សុខាភិបាល ពិសេស​វិធា​ការ «៣​កុំ ៣​ការពារ​» របស់​សម្តេច​តេ​ជោ ហ៊ុនសែន​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន យោធ​សេវា ក្រសួងការពារជាតិ បាន​មានប្រសាសន៍ថាៈ ក្រុម​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក បានទទួល​បញ្ជា ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​ចុះ​យុទ្ធនាការ ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ ជា​អាវ​ក្រោះ ចាក់​វ៉ាក់សាំង អត់​យកលុយ​នេះ ជា​គុណបំណាច់​ដ៏​ធំធេង​ណាស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​នាំមក សុខសន្តិភាព នាំមក​នូវ​ការអភិវឌ្ឍន៍ ហើយ​សម្តេច បាន​នាំ​វ៉ាក់សាំង​ការពារ​ជំងឺ កូ​វីដ​១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ កម្មករ កម្ម​ការ​នី មន្ត្រីរាជការ ព្រះសង្ឃ ដើម្បី​ឲ្យ​មាន ធាតុ​ស៊ាំ ប្រយុទ្ធ​តតាំង​ជាមួយ សត្រូវ​អរូប កូ​វីដ ១៩ ចាក់​ជា​ជំ​ហ៊ានៗ រហូត គ្រប់ ១០ លាន​នាក់​។ បន្ទាប់ពី​សំណេះសំណាល​រួចមក លោក​និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យ ទីតាំង នៅ​ក្រុង​បាវិត រួច​បន្តដំណើរ​ចុះ​ពិនិត្យ​ទីតាំង ស្រុក​កំពង់រោទិ៍ និង​ស្រុក​រំដួល​៕/V​