ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក ហង្ស សុវណ្ណ​រតនា ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់ ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ជន​ត្រូវ​ចោទ ឈ្មោះ សៅ​ខូ ច័ន្ទ​សូ​ឡារ ដាក់ពន្ធនាគារ​ព្រៃ​សរ ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោស នៅពេល​ក្រោយ​។​

​ការសម្រេច​ឃុំខ្លួន ជន​ត្រូវ​ចោទ​រូបនេះ គឺធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញារង បាន​ចោទប្រកាន់​ពីបទ «​ក្លែង​ស្លៀកពាក់ ឯកសណ្ឋាន នគរបាលជាតិ​, ក្លែង​ឯកសារ​របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ​, ឯកសារ​ក្រសួងមហាផ្ទៃ និង​ក្លែងខ្លួន​ជា​នាយករង នៃ​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន​» ជាដើម​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ បាន​បញ្ជូន​ជនជាប់សង្ស័យ ឈ្មោះ សៅ​ខូ ច័ន្ទ​សូ​ឡារ ទៅកាន់​សាលា ដំបូង រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ឲ្យ តំណាង​អយ្យការ បើក​ការ​ស៊ើបសួរ និង​ឈាន ទៅរក​កា​ចោទប្រកាន់ តាមច្បាប់​។ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ ក្លែងខ្លួន ជា​នាយករង នៃ​មន្ទីរ​ប្រឆាំង​បទល្មើស គ្រឿងញៀន ប្រព្រឹត្ត​នៅ​ភូមិ​ចម្ការ ឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​។​

​ជនសង្ស័យ​រូបនេះ បាន​ក្លែង​អត្តសញ្ញាណប័ណ្ណ នគរបាលជាតិ (​លួច​បន្លំ​អត្តលេខ​), ក្លែង​ប្រកាស ក្រសួងមហាផ្ទៃ ស្ដីពី​ការ​តម្លើង ឋានន្ដរស័ក្ដិ មន្ដ្រី​នគរបាលជាតិ និង​ប្រើប្រាស់​ឯកសណ្ឋាន នគរបាលជាតិ ដោយ​ខុសច្បាប់​, ក្លែងបន្លំ​លិខិត​បេសកកម្ម របស់​នាយកដ្ឋាន​កណ្ដា​ល នគរបាល​យុត្តិធម៌ ដាក់​តួនាទី​ជា នាយករង​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន​, ក្លែងបន្លំ​លិខិត បេសកកម្ម របស់​នាយកដ្ឋាន​កណ្ដា​ល នគរបាល​យុត្តិធម៌​, ប្រើប្រាស់ និង​ជួញដូរ​អាវុធ​ខុសច្បាប់​។​

​សូម​រំលឹកថា ជនសង្ស័យ​រូបនេះ ត្រូវបាន​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន ចាប់ខ្លួន​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ និង​បានប្រគល់​មកកាន់ នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​បន្ដ​សួរនាំ និង​ចាត់ការ តាម​នីតិវិធី​៕/V​-PC