​ដោយៈ សុផល / សៀមរាបៈ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អញ្ជើញ​ចូលរួម​វេទិកា សេដ្ឋកិច្ចពិភពលោក តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ក្រោម​ប្រធាន​ប​ទៈ “​ការ​ងើប​ឡើងវិញ នៃ​សកម្មភាព​ពាណិជ្ជកម្ម​៖ ការលើកកម្ពស់​សេដ្ឋកិច្ច តំបន់​ឡើងវិញ ជាមួយនឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់ ប្រកបដោយ​ភាព​ធន់​” ។​

​ថ្លែង​ក្នុង​សុន្ទរកថា ស្តីពី​ការត្រៀមខ្លួន​របស់​កម្ពុ​ជា ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​តំបន់ ទៅកាន់​មេដឹកនាំ មកពី​ជុំវិញ​ពិភពលោក អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ ពី​សារសំខាន់ នៃ​ប្រព័ន្ធ​ឌីជីថល ក្នុងការ​កាត់បន្ថយ ផលប៉ះពាល់ ពី​ជំងឺ​កូ​វីដ​-១៩ និង​ជា​ដំណោះស្រាយ ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ទ្រទ្រង់​សកម្មភាព​សាធារណៈ និង​ពាណិជ្ជកម្ម​។ វា​អាចជួយ​ឱ្យ​រដ្ឋ ជា​សមាជិក​អាស៊ាន ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់​អាស៊ាន ជា​សហគមន៍ ត​ភ្ជាប់​ប្រព័ន្ធ​ឌីជីថល​តែមួយ និង​ជំរុញ​ការតភ្ជាប់​របស់ខ្លួន ដើម្បី​ព​ន្លឿ​ន​ការ​ងើប ឡើងវិញ នៃ​ការអភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថាៈ កម្ពុជា​បានកំណត់​អាទិភាព​របស់ខ្លួន ក្នុងការ​ជំរុញ ប្រព័ន្ធ​ឌីជីថល នៅ​កម្ពុជា ដើម្បី​ធានាបាន​នូវ​លំហូរ ដោយ​រលូន​នៃ​ទំនិញ សេវា ការងារ​ជំនាញ មូលធន និង​ទិន្នន័យ​។ ដូច្នេះ​កម្ពុជា ចាំបាច់​ត្រូវ​ផ្តោតជាសំខាន់ កិច្ចសហប្រតិបត្តិការ​ច្បាប់ និង​ស្ថាប័ន ដើម្បី​សម្រប​ខ្លួន ទៅនឹង​បដិវត្ត​ឌីជីថល សម្រាប់​ពាណិជ្ជកម្ម ការវិនិយោគ កិច្ច​សម្រួល​ពាណិជ្ជកម្ម សហគ្រាស​ខ្នាតតូច និង​មធ្យម និង​ការអភិវឌ្ឍ​ជំនាញ កាន់​តែមាន​ប្រសិទ្ធភាព ជាង​មុន​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​សង្កាត់​ធ្ងន់ធ្ងរ​ថាៈ ដើម្បី​សម្រេច​ចក្ខុវិស័យ ឆ្ពោះទៅរក សេដ្ឋកិច្ច​ឌីជីថល​តំបន់ កម្ពុជា​បាន​ប្តេជ្ញា ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​គយ ASYCUDA គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ស្វយ័ត​ប្រវត្តិ​កម្ម Port EDI​ជាមួយ​ប្រព័ន្ធ ASYCUDA ដើម្បី​សម្រួល​ដល់ ការដឹកជញ្ជូន និង​ពាណិជ្ជកម្ម ប្រកបដោយ​ប្រសិទ្ធភាព បានអនុម័ត​ច្បាប់ ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក បានដាក់​ឱ្យ ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​អន​ឡាញ ច្រកចេញចូល​តែមួយ​របស់​អាស៊ាន (Asean Single Window) ហើយ​ជាពិសេស ក្នុងពេល​ថ្មីៗ កន្លងទៅនេះ កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​នូវ ការអនុវត្ត​ក្របខណ្ឌ គោលនយោបាយ​សង្គម និង​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ឆ្នាំ​២០២១-២០៣៥ ផងដែរ​៕/V​