ដោយ :បូកគោ/កំពត: នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានប្រកាសជូនដំណឹងស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី៧៧នាក់បន្ថែម និងមានអ្នកស្លាប់ចំនួនពីរនាក់ទៀតដែលធ្វើឱ្យអ្នកបាត់បង់ជីវិតពាក់ព័ន្ធនឹងហេតុការណ៍នៅកាស៊ីណូក្បែរច្រកទ្វារទ្វេភាគីទាន់ហន់ស្រុកំពង់ត្រាចកើនដល់ចំនួន១៥នាក់។

សេចក្តីប្រកាសមានខ្លឹមសារថាយោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ គឺបានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន៧៧នាក់។ ជាមួយនេះដែរក៏មានស្ត្រីពីរនាក់បានស្លាប់ដោយសារជំងឺកូវីដដោយម្នាក់វ័យ៨១ឆ្នាំមានទីលំនៅឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស និងម្នាក់ទៀតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ។

រដ្ឋបាលខេត្តកំពតបានបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅទូទាំងខេត្តមានអ្នកជំងឺកូវីដ១៩សរុបចំនួន១.៤២៧នាក់។ ក្នុងនោះកំពុងសម្រាកព្យាបាល៥៨៦នាក់ បានជាសះស្បើយ ៨២៦នាក់ និងស្លាប់ចំនួន១៥នាក់៕