ដោយៈ ជា សីហៈ​/​ភ្នំពេញ​៖ កាលពី​ម្សិលមិញ​នេះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ កម្ពុជា ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ព្រះ​បរម​រាជានុញ្ញាត​ប្រោស​ព្រះរាជទាន​ជូន លោក វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយ​ដ​ង្វា​យ និង​ថ្វាយបង្គំ​លា ក្នុងឱកាស​ដែល ឯកឧត្តម ឯកអគ្គរដ្ឋទូត​ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​ប្រកបដោយ​ជោគជ័យ នៅ​កម្ពុជា ។

​នៅ​ថ្ងៃ​ដដែល​នោះ លោក ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ក៏ត្រូវ​បាន សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ព្រះ​បរម​រាជានុញ្ញាត​ប្រោស​ព្រះរាជទាន​ជួប​ថ្វាយបង្គំ​លា​ផងដែរ ផងដែរ ។

​ជំនួប​ជាមួយនឹង​ព្រះមហាក្សត្រ បានរៀបចំ​ឡើង​នា​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង ដោយឡែក ជំនួប​ជាមួយនឹង​សម្តេចព្រះ​មហាក្សត្រី​ព្រះរាជ​មាតា គឺ​រៀបចំ​នៅ​ព្រះរាជដំណាក់​គន្ធបុប្ផា​៕​/PC