​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ឥណ្ឌា​បាន​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង​កូវី​ដ​១៩ របស់​ក្រុមហ៊ុន Moderna ក្នុង​គ្រាអាសន្ន​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​មិថុនា ខណៈ​ដែល​ខ្លួន​ព្យាយាម​បង្កើន​ការចាក់​វ៉ាក់សាំង ក្នុងពេល​ការឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​នៅ​ខ្ពស់​នៅឡើយ​។​

​ប្រទេស​ដែល​មាន​ប្រជាជន ១,៣ ពាន់​លាន​នាក់​នេះ​ត្រូវបាន​វាយលុក​ដោយ​ការកើនឡើង​ករណី​ឆ្លង​វីរុស​កូរ៉ូណា​យ៉ាងខ្ពស់​កាលពី​ខែ​មេសា​និង​ឧសភា​ដែល​បាន​រុញ​ប្រព័ន្ធ​ថែទាំ​សុខភាព​ឈានដល់​​ចំណុច​រកកល់​ជិត​ដួលរលំ​។​

​វ៉ាក់សាំង​របស់ Moderna គឺជា​វ៉ាក់សាំង​ទី​បួន​ដែល​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល​ក្រុង​ញូវដេលី បន្ទាប់​ពី​វ៉ាក់សាំង Covishield និង​វ៉ាក់សាំង Covaxin របស់​ក្រុមហ៊ុន Oxford-AstraZeneca ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា Bharat Biotech និង វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី​។​

​លោក វី​ណុ​ដ ខេ ផូល ជា​សមាជិក​នៃ​ស្ថាប័ន​ប្រឹក្សា​រដ្ឋាភិបាល NITI Aayog បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រសួង យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ជម្រាប​ថា​ពាក្យសុំ​ដែល​ទទួល​​បាន​ពី Moderna តាមរយៈ​ដៃគូ​ឥណ្ឌា​របស់​ពួកគេ​គឺ Cipla ត្រូវបាន​ផ្តល់​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រា​អាសន្ន (EUA)”​។

​លោកផូ​លបាន​បន្ថែមទៀតថា ការអនុម័ត​វ៉ាក់សាំង​ប្រើ​បច្ចេកវិទ្យា mRNA លើក​ដំបូង​បង្អស់​នៅក្នុង​ប្រទេស​ឥណ្ឌា នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​វ៉ាក់សាំង​ពី​បរទេស​ដទៃទៀត ដែល​នាំ​ចូល​មក​ក្នុងប្រទេស​នេះ ខណៈ​ការខិតខំ​ដើម្បី​ទទួលបាន​វ៉ាក់សាំង Pfizer និង Johnson & Johnson កំពុងដំណើរការ​៕

​វ៉ាក់សាំង​កូ​វីដ​របស់ Moderna ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើ​នៅ​ឥណ្ឌា