ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ :​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​គ​.​ជ​.​ប​.​នៅ​ព្រឹក​ទី​៣០​ខែមិថុនា​នេះ​បានរៀបចំ​ពិធី ប្រកាស​ចូលកាន់​តំណែង លោក​ប្រាជ្ញ ចន្ទ ប្រធាន​ថ្មី នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រី​ង្គា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ព្រះរាជតំណាង​ព្រះមហាក្សត្រ នៅ​ទីស្តីការ គ​.​ជ​.​ប​.​។

​លោក​ប្រាជ្ញ ចន្ទ ប្រធាន​ថ្មី​គ​.​ជ​.​ប​.​បាន​មានប្រសាសន៍ថា​ការងារ​គ​.​ជ​.​ប​គឺជា​ស្ថាប័ន​មួយ​ដែល​ត្រូវ​ប្រតិបត្តិ យ៉ាង​ខ្ជាប់ខ្ជួន​នូវ ច្បាប់​ជា​ធរមាន​ពិសេស​ច្បាប់​ស្តីពី​តួនាទី ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​នានា​ជា​ធរមាន ដូចជា​លិខិតបទដ្ឋាន បទបញ្ជា​ផ្ទៃ បទបញ្ជា និង​នីតិវិធី​ផ្សេងៗ ដែល​បានកំណត់ ឬក៏​ត្រូវ​កំណត់​សម្រាប់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងការ​ចាត់ចែង​បោះឆ្នោត​និ​មួយៗ ឲ្យ​បាន​ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​។​

​សូមជម្រាបថា លោក​ប្រាជ្ញ ចន្ទ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុ​ជាកា​លពី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០២១​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ជា​ប្រធាន​គ​.​ជ​.​ប​. ជំនួស​លោក​ស៊ិ​ក ប៊ុន​ហុក ដែល​បាន​លាលែង​ពី​តួនាទី និង​តំណែង​ប្រធាន គ​.​ជ​.​ប​។ ការចេញ​ព្រះរាជក្រឹត្យ​តែងតាំង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អង្គសភា​បានធ្វើការ​បោះឆ្នោត​ទុកចិត្ត​លោក ប្រាជ្ញ ចន្ទ ដោយ​ទទួលបាន​សំឡេង​យល់ព្រម​ចំនួន ៨២​សំឡេង នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៦ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​។

​ជាមួយគ្នានេះ ព្រះមហាក្សត្រ​ក៏បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ស៊ិ​ក ប៊ុន​ហុក ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បានតែងតាំង​ដោយ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥​។​
​លោក ប្រាជ្ញ ចន្ទ គឺជា​បេក្ខជន​មួយរូប​ក្នុងចំណោម​ពី​រូប (​លោក ប្រាជ្ញ ចន្ទ និង លោក​ការ លាន​) ដែល​បានដាក់​ពាក្យស្នើសុំ​ធ្វើ​ប្រធាន​គ​.​ជ​.​ប​.​ទៅកាន់​រដ្ឋសភា​ហើយ​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទៅតាម​ច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គ​.​ជ​.​ប​។​
​លោក​ប្រាជ្ញ ចន្ទ ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ចន្លោះ​ពី​ឆ្នាំ​១៩៩១​ដល់ ២០០១ ជា​អភិបាលខេត្ត​បាត់ដំបង​,​ពី​ឆ្នាំ​២០០១ ដល់​២០១៣ ជា​អភិបាលខេត្ត​ត្បូងឃ្មុំ​,​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧ និង​ជា​តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ពី​ឆ្នាំ​២០១៧ រហូតដល់​ក្លាយជា​ប្រធាន​គ​.​ជ​.​ប​.​នាពេលនេះ​។​

​គួររម្លឹកថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ បានអនុម័ត​យល់ព្រម​នូវ​បេក្ខជន​ប្រធាន​គ​.​ជ​.​ប​. ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ចំនួន​ពីររូប​គឺ​លោក ប្រាជ្ញ ចន្ទ និង លោក ការ លាន ហើយ​បាន​បញ្ជូនទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ជ្រើសរើស​បេក្ខជន​ចំនួន​មួយរូប​ផ្ញើមក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានទទួល​លិខិត​ឆ្លើយតប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​១៦ ខែមិថុនា ឆ្នាំ​២០២១ គឺ​បានសម្រេច​ជ្រើសរើស​លោក ប្រាជ្ញ ចន្ទ ជា​បេក្ខជន​ប្រធាន​គ​.​ជ​.​ប​.៕