ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ក្រសួង​សុខាភិបាល​ថៃ​បាន​រាយការណ៍​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា ប្រទេស​ថៃ​នៅ​ថ្ងៃនេះ​មាន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ច្រើន​បំផុត​មិន​ដែល​មាន​គឺ ៥៣​នាក់ និង​មនុស្ស​៤.៧៨៦​នាក់​​បាន​ឆ្លង​ជំងឺ​នេះ​ថ្មី​នៅ​២៤​ម៉ោង​កន្លងទៅ​។​

២៤​ម៉ោង​កន្លង​ទៅ​ក៏​មាន​អ្នកជំងឺ​២.៤១៥​នាក់​បាន​ជាសះស្បើយ​ពី​កូវី​ដ​១៩​ផងដែរ​។​

​ក្រសួង​បាន​អោយដឹងទៀតថា ក្នុង​ចំនួន​ឆ្លង​ខាងលើ​មាន ៤.៦៥៩​នាក់​ជា​ប្រជាជន​ទូទៅ និង​១២៧​នាក់​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​១​មេសា​មក នៅពេលកូ​វីដ​១៩​រលក​ទី​៣​ចាប់ផ្តើម​វាយប្រហារ​ថៃ មាន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​២៣០.៤៣៨​នាក់ និង​ចាប់​តាំងពី​ដើម​ឆ្នាំ​មុន​មក ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​២៥៩.៣០១​នាក់ តែ​២០៧.៤៧៩​នាក់​បាន​ជា​និង​២.០២៣​នាក់​ស្លាប់​។​

​ទោះ​ជាកូ​វីដ​១៩​បន្ត​វាយប្រហារ​ថៃ ជាពិសេស​នៅ​ក្រុង​បាងកក ក៏​អាជ្ញាធរ​ថៃ​កំពុង​ពិចារណា​បន្ធូរបន្ថយ​ការ​រឹតត្បិត​ខ្លាំង​នៅ​តាម​ជំរំ​កម្មករ​និង​ការដ្ឋាន​សំណង់​ក្នុង​ក្រុង​បាងកក ដើម្បី​អនុញ្ញាត​អោយ​ការ​​ងារ​ចាំបាច់​បន្ត​ដំណើរការ និង​កុំអោយ​មាន​បញ្ហា​វិស្វកម្ម​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​ការបន្ធូរបន្ថយ​វិធានការ​ខ្លះ រួម​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​ការផ្អាក​ការងារ​សំណង់​ក្នុង​ក្រុង​បាងកក​ដែល​អាច​ធ្វើអោយ​ការងារ​សំណង់​ចាំបាច់​ខ្លះ​ស្ទះ ដូចជា​ការសាង់សង់​មន្ទីរពេទ្យ​៕

​កម្មករសំណង់ ភាគច្រើន​ជា​ជន​ចំណាកស្រុក​ទៅ​ពី​ប្រទេស​ក្បែរ​ខាង រង់ចាំ​ទទួល​អាហារ​នៅ​ជំរំ​របស់​គេ​ក្នុង​សង្កាត់ ផាយ៉ា​ថៃ ក្រុង​បាងកក​កាលពី​ថ្ងៃ​អង្គារ​។​ក្នុងចំណោម​កម្មករ​ជាង​៣០០​នាក់​នៅ​ទីនេះ មាន​២១៧​នាក់​បាន​ឆ្លងកូវី​ដ​១៩​និង​ត្រូវបាន​យកចេញ​ពី​ជំរំ ខណៈ​កម្មករ​នៅ​សេសសល់​ត្រូវ​ហាម​មិន​អោយ​ចេញ​ពី​ជំរំ​