ដោយៈ គ្រញូង / បាត់ដំបង​: បុរស​ម្នាក់ បាន​ចាក់​សាំង​ដុត សម្លាប់​ខ្លួនឯង ក្នុង​ភ្នក់ភ្លើង ឡើង​ខ្លោច ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ ដោយសារ តែ​បុរស​រូបនោះ ជា​មនុស្ស​កើតរោគ ស​សៃ​ប្រសាទ​ផង និង​តែង​រវើរវាយ​ថា គ្មាន​ឈ្មោះ ក្នុង​សៀវភៅ​គ្រួសារ​ផង​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ភូមិ​កំពង់​ឡី ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

​លោក​វរសេនីយ៍ទោ អធិការនគរបាល ស្រុក​កំរៀង ដែល​ទើប​ឡើង​ថ្មី បាន​ឲ្យ​ដឹងថា អត្តឃាត​ជន មានឈ្មោះ គី ឈាន ហៅ ទូច មាន​ប្រពន្ធ និង​កូនចិញ្ចឹម ១​នាក់ នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។​

​លោក វ៉ាន់ សុខា មេភូមិ​កំពង់​ឡី បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា នេះ​ថាៈ អត្តឃាត​ជន គឺជា​មនុស្ស​មាន​រោគ​រ៉ាំ​រៃ​ប្រចាំកាយ និង​មាន​សតិ មិនល្អ​ផង​។ ដោយ​ប៉ុន្មាន​ថ្ងៃនេះ គេ​តែងតែ​ទូរស័ព្ទ ទៅ​សួរ​លោក​មេភូមិ​ថា ឮ​គេ​វាយ​វិទ្យុទាក់ទង មក​ប្រាប់ថា ឈ្មោះ​របស់ខ្លួន មិនមាន​នៅក្នុង​បញ្ជី​ភូមិ ឃុំ​នោះទេ បើទោះបីជា លោក​មេភូមិ ព្យាយាម​ពន្យល់​ច្រើនដង​ក៏ដោយ ក៏​គេ​នៅតែ​បន្ត​ទូរស័ព្ទ មក​សួរ​ដដែលៗ ជា​ញឹកញាប់​។​

​ប្រភព​ដដែល បាន​បន្តថា នៅ​រសៀល​ថ្ងៃទី​២៩ មិថុនា ឆ្នាំ​២០២១ នេះ ជន​រូបនោះ បាន​និយាយប្រាប់ លោក​មេភូមិ​ថា ប្រពន្ធ កូន​របស់ខ្លួន គ្រាន់តែ​អោយ​ដេកស៊ី​សោះ ក៏​យ៉ាប់​ដែរ ចាំមើល​យប់​នេះ សម្លាប់ចោល​តែម្តង​។ គ្រាន់តែ​ឮ​ពាក្យ​នេះ លោក​មេភូមិ បាន​ប្រាប់​ទៅ​ស្ត្រី ជា​ភរិយា អោយ​ចេញទៅ ដេក​នៅផ្ទះ​បងប្អូន នៅ​ខាងក្រៅ ជា​បណ្តោះអាសន្ន​សិន ក្រែង​មាន​បញ្ហា​។ លុះ​ម៉ោង ៦ ល្ងាច ថ្ងៃទី​២៩ មិថុនា នេះ ក៏​ស្រាប់​តែមាន​អណ្តាតភ្លើង ឆាបឆេះ​ផ្ទះ​របស់​ជននេះ​តែម្តង ព្រមទាំង​មាន​ក្លិន សាំង ផងដែរ ទើប​ប្រភព​ជាច្រើន បាន​សន្និដ្ឋានថា ជន​រូបនេះ ប្រាកដជា​ចាក់​សាំង ដុត​ខ្លួន ធ្វើអត្តឃាត ពិតប្រាកដ ដោយសារតែ​ការ​រវើរវាយ ផ្តេសផ្តាស​៕/V-PC