ដោយៈ រ៉ា​ម៉ន / ភ្នំពេញ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បទ បញ្ជា ទៅ​ឲ្យ​អាជ្ញាធរ​ខណ្ឌ នៅ​កណ្ដាល រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់ ឱ្យបាន​ល្អប្រសើរ ដោយ​មិនមាន​ការអនុញ្ញាតឱ្យ មាន​ការលក់​ម៉ូតូ លក់​ឡាន រំលោភ​លើ​ចិញ្ចើមផ្លូវ ដើម្បី​ធ្វើ​អាជីវកម្ម ទៀត​នោះទេ ។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាស​ទុក​រយៈពេល ២ ខែ ដើម្បី​ឲ្យ​ពួកគាត់ រុះរើ ឬ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី ទៅ​នៅ​ជាយក្រុង នៃ​រាជធានី​ភ្នំពេញ​វិញ​។​

​ការដាក់​បទបញ្ជា​បែបនេះ របស់លោក ឃួ​ង ស្រេង បានធ្វើ​ឡើង កាលពី​ល្ងាច ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​ជាមួយ អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ នៅ​សាលា​រាជធានី ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​បញ្ជាក់ថាៈ វា​ល្មម​ដល់ពេល ដែល​យើង ត្រូវ​រៀបចំ សណ្ដាប់ធ្នាប់ នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅក្នុង​ខណ្ឌ​ចំនួន ៥ នៅ​កណ្ដាល រាជធានី​ភ្នំពេញ ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ ប្រសើរ​ហើយ ។ ដូច្នេះ​អាជ្ញាធរ ខណ្ឌ​ពាក់ព័ន្ធ នៅ​កណ្ដាល​ក្រុង ត្រូវតែ​ធ្វើ សេចក្តីជូនដំណឹង​អោយ​បងប្អូន ប្រជាពលរដ្ឋ ដែល​ប្រកបមុខរបរ​លក់​ម៉ូតូ និង​លក់​រថយន្ត ដោយ​ប្រើប្រាស់​ចិញ្ចើម ផ្លូវ​សាធារណៈ ធ្វើ​អាជីវកម្ម​បែប​អនាធិបតេយ្យ​នោះ ប្រញាប់ រុះរើ​ទីតាំង របស់ខ្លួន ទៅ​នៅ​ជាយ​រាជធានី​ភ្នំពេញ​វិញ ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទុក​រយៈពេល​ឱ្យ ២ ខែ ដើម្បី​ឲ្យ​ពួកគាត់ រក​ទីតាំង​ថ្មី ។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថាៈ មកដល់ពេលនេះ យើង​ឈប់​និយាយ រឿង​ប្រើប្រាស់ ចិញ្ចើមផ្លូវ ២ ភាគ ៣ ទៀតហើយ ព្រោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើការ​អនុគ្រោះ​ជាច្រើន​ឆ្នាំ កន្លងមកហើយ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​មូ​យ​ចំនួន ណា​នោះ ដូចជា​មិន​ចូលរួម ជាមួយ​អាជ្ញាធរ រាជធានី​ភ្នំពេញ ជុំវិញ​ការរៀបចំ សណ្ដាប់ធ្នាប់​សាធារណៈ​នោះទេ​។ ដូច្នេះ​ចាប់ពីពេលនេះ​តទៅ គឺ​មិនមាន​ការអនុញ្ញាត ឱ្យ​ការប្រើប្រាស់ ចិញ្ចើមផ្លូវ ធ្វើ​អាជីវកម្ម បន្តទៀត​ទេ​។​

​លោក​បាន​បន្តថាៈ បងប្អូន អាចធ្វើ​អាជីវកម្ម រកស៊ី​លក់ដូរ​បាន ប៉ុន្តែ​មិន​អនុញ្ញាត ឲ្យ​ប្រើប្រាស់ ចិញ្ចើមផ្លូវ​នោះទេ បងប្អូន​អាច​លក់​ម៉ូតូ លក់​រថយន្ត នៅក្នុង​ផ្ទះ ឬ ទីតាំង​របស់ខ្លួន ដោយ​មិន អោយ​រំលោភ លើ​ចិញ្ចើមផ្លូវ​សាធារណៈ ជា​ដាច់​ខាន សូម្បីតែ ២ ភាគ ៣ ក៏ដោយ បើ​មិន​ដូច្នេះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត វិធានការ ទៅតាម​ផ្លូវច្បាប់ ដោយ​មិនមាន​ការលើកលែង នោះទេ​៕/V​-PC