ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ដំណាក់កាល​ចំពោះមុខ​ចាប់ពី​ឆ្នាំ​២០២១ ដល់ ឆ្នាំ​២០២៤​តាមច្បាប់​បោះឆ្នោត​នឹងត្រូវរៀបចំ​ការបោះឆ្នោតចំនួន​បួន​។​នេះ​បើតាម​ការបញ្ជាក់​របស់លោក ប្រាជ្ញ ចន្ទ ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​។

លោក ប្រាជ្ញ ចន្ទ ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​

ថ្លែងក្នុងពិធីចូលកាន់តំណែងជាប្រធានគ.ជ.ប.ជាផ្លូវការកាលពីព្រឹកថ្ងៃទី៣០ខែមិថុនា លោក ប្រាជ្ញ ចន្ទ បាន​មានប្រសាសន៍ ថា សម្រាប់​ដំណាក់កាល​ចំពោះមុខ​ចាប់ពី​ឆ្នាំ​២០២១ ដល់ ឆ្នាំ​២០២៤ តាមច្បាប់​បោះឆ្នោត​នឹងត្រូវ​រៀបចំ​ការបោះឆ្នោតចំនួនបួន គឺ​ មួយ. ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ,ទីពីរ. ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣,​ទីបី.​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ,ទីបួន.​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌអាណត្តិ​ទី​៤ ឆ្នាំ​២០២៤​។

លោក​បន្តថា ជាមួយគ្នានេះដែរ គ.ជ.ប. បាននិងកំពុង​រៀបចំ​ការបោះឆ្នោត​លើក​ទី​១ ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពតដែល​ទើប​បង្កើត​ថ្មី ដែលតាម​គម្រោងនឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកក្កដាខាងមុខនេះ​។​

​ប្រធាន​ថ្មី នៃ​គ​.​ជ​.​ប បានបញ្ជាក់​ទៀតថា ការរៀបចំ​ការបោះឆ្នោត​ពី​ឆ្នាំ​២០២១-២០២៤​ដោយ​គិត​ទាំង​ការពិនិត្យ បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ផង​នោះ នឹង​ប្រព្រឹត្ត​ទៅក្នុង​សភាពការណ៍ដែល​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​នានា​បាននិងកំពុង​ទទួលរ​ង​ឥទ្ធិពល​និង​ផលប៉ះពាល់​បណ្តាលមកពី​ការរីក​រាលដាល​ជាស​កលន​ជំងឺ​កូ​វីដ​-១៩​។ ទោះជា​យ៉ាងណាក្តី តាមរយៈ​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការងារ​បង្ការ​ការ​ពារ និង​គ្រប់គ្រង ក៏ដូចជា​ការគោរព​តាម​វិធានការ​ចាំបាច់​នានា ទាក់ទង​នឹង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​រួមទាំង​អត្រា​កើនឡើង ខ្ពស់​គួរឱ្យកត់សម្គាល់​នៃ​ការចាក់​វ៉ាក់សាំង ពិតជា​អាចរួមចំណែក និង​ជា​អំណោយផល​ដល់ការធានាបាន​នូវ​ការរៀបចំ​ដំណើរការ​បោះឆ្នោត​ក្នុង​ជុំ​ថ្មី​នេះ​។​

​លោក ប្រាជ្ញ ចន្ទ បាន​ប្តេជ្ញា​ថា ក្នុងនាម​ជា​ប្រធាន​គ.ជ.ប. ដែល​ទើប​ទទួលបាន​នូវ​ការតែងតាំង​ថ្មី លោក​សូម​ធ្វើការ​ប្តេជ្ញា​ថា រូបលោក រួម​ជាមួយនឹង​អនុប្រធាន សមាជិក គ​.​ជ​.​ប ទាំងអស់ ព្រមទាំង​មន្ត្រីក្រោមឱវាទ នឹង​ខិតខំ​ប្រង ប្រែង យក​អស់ពី​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំ​ចាត់ចែង និង​គ្រប់គ្រង សា្ថ​ប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រចនាសម្ព័ន្ធ​ចំណុះ និង​កិច្ចការ បោះឆ្នោត​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី ជា​ធរមាន ដើម្បីឱ្យ​ការបោះឆ្នោត​នីមួយៗ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅ​បង្កើន​ការជឿទុកចិត្ត​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​។

​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ខាងលើលោក​សំណូមពរ និង​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បោះឆ្នោត គ្រប់លំដាប់​ថ្នាក់ដែលជា​ប្រតិបត្តិ​ករ​យ៉ាងសំខាន់ សូម​រួបរួមគ្នា ពង្រឹង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ បន្ត​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច ក្នុង​ការងារ បោះឆ្នោតឱ្យ​បានល្អ​ប្រសើរ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ឆ្លៀត​ក្នុង ឱកាស​នេះ​ផងដែរ ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ សូមមេត្តា​បន្ត​កិច្ចសហការ​ជាមួយ គ​.​ជប ទៅតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន ស្របតាម​ការកំណត់​នៃ​ច្បាប់ បទបញ្ជា និង​នីតិវិធី រួមទាំង​ឯកសារ​គតិយុត្ត​នានា ដែល​បាន​ដាក់ចេញ​ជា​ធរមាន រួមចំណែក​លើកកម្ពស់​ការអនុវត្ត​គោលការណ៍​ន លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​។​

​គួររម្លឹកថា ចាប់តាំងពី​ឆ្នាំ​១៩៩៨ រហូតមកដល់​បច្ចុប្បន្ន ព្រះរាជាណាចក្រ​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួនឯង ដោយមាន​ការចូលរួម និង​កិច្ចសហការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានរៀបចំ​ចាត់ចែង និង​គ្រប់គ្រង​ការបោះឆ្នោត​ទាំង​ថ្នាក់ជាតិ ទាំង​ថ្នាក់ក្រោម​ជាតិ ដោយ​អនុលោម​តាមច្បាប់ បទបញ្ជា និង​នីតិវិធី ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ និង​ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស បាន ចំនួន ១៦ លើក រួចមកហើយ​។ ការបោះឆ្នោត​ទាំង​សកល ទាំង​អសកល បាន​ប្រព្រឹត្តទៅ​យ៉ាង​ទៀងទាត់ ស្របតាម​ការកំណត់​នៃ​ច្បាប់ និង​ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ វាយតម្លៃថា បានរៀបចំ​ធ្វើ​ដោយ​រលូន ប្រកបដោយ​សន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ និង យុត្តិធម៌ ទាំង​ទិដ្ឋភាព​ច្បាប់ ទាំង​ទិដ្ឋភាព​បច្ចេកទេស​។
គួរបញ្ជាក់ថា ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់លោក​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រី​ង្គា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ព្រះរាជតំណាង​ព្រះមហាក្សត្រ នៅ​ទីស្តីការ គ​.​ជ​.​ប​.​៕សរន