ដោយៈ សុផល / ភ្នំពេញ​៖ « មានតែ​ការទទួល បាន​វ៉ាក់សាំង​គ្រប់គ្នា ទូទាំង​សកល លោក​ទេ ជា​វិធី​តែមួយគត់ ដើម្បី​បញ្ឈប់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​យើង ពេលនេះ កំពុង​ដើរ​លើផ្លូវ ដោយ​ព្រួយបារម្ភ ប្រសិនបើ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​មេដឹកនាំ​ពិភពលោក មិន​ធ្វើ​អ្វី​គ្រប់យ៉ាង ដែល​ចាំបាច់ ដើម្បី​បាន​ចាក់​វ៉ាក់សាំង ឱ្យ​ប្រជាជន ទូទាំង​សកលលោក ការពារ​ពី​ជំងឺ​កូ​វីដ​១៩»​។​

​នេះ​ជាការ​លើកឡើង របស់លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ការិយាល័យ ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​មូលនិធិ ថែទាំ​សុខភាព អ្នកជំងឺ​អេដស៍ (AHF) ក្នុង​សន្និសីទ​សារព័ត៌មាន តាមរយៈ Zoom នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​។​

​សន្និសីទ​សារព័ត៌មាន តាម​អន​ឡាញ ដែល​ធ្វើឡើង ដើម្បី​ទាមទារ​ឲ្យ​មាន ការបង្កើន កិច្ចសហប្រតិបត្តិការ ជា​អន្តរជាតិ បង្កើន​ការផលិត​វ៉ាក់សាំង​ឱ្យបាន​ច្រើន​ទូទាំង ពិភពលោក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដោយមាន​ការចូលរួម ពី​វាគ្មិន លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង ប្រធាន​គ្រប់គ្រង​កម្មវិធី ប្រចាំ​ប្រទេស​អង្គការ មូលនិធិ ថែទាំ​សុខភាព អ្នកជំងឺ​អេដស៍​កម្ពុជា​, លោក ទឹម វ​រ៉ា តំណាង​អង្គការ សង្គម​ស៊ីវិល​, លោក ស៊ន សុទ្ធា​រិ​ទ្ធ ប្រធាន​បណ្តាញ​អ្នក​រស់ ជាមួយ​មេរោគ​អេដស៍ ប្រចាំ​ប្រទេស​កម្ពុជា និង​កញ្ញា វី ឌី​ណែ​ត អ្នកចំរៀង និង​តារា​សម្តែង ចំណែក​លោកស្រី ខៀវ សាន​សា​ណា ជា​អ្នកសម្របសម្រួល​។​

​លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បាន​អំពាវនាវ​ឱ្យ​ប្រទេស ដែល​អាច​ផលិត​វ៉ា​ក់ សាំង​បាន ជួយផ្តល់​ជូន​ប្រទេស ដែល​កំពុងតែ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​កូ​វីដ​១៩ បាន​ចាក់​វ៉ា​ក់ សង្គ្រោះ​ជីវិត បាន​ទាន់ពេលវេលា ដើម្បី​កាត់បន្ថយ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​នេះ ដោយ​កុំ​ឱកាស​នេះ ដើម្បី​ធ្វើការ​ស្វែងរក​ផលចំណេញ តាមរយៈ​ការផលិត​វ៉ាក់សាំង​។

​លោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង បានឱ្យដឹង​ដែរ​ថាៈ ការទទួលបាន​ការព្យាបាល ប្រឆាំង​វីរុស​កូ​វីដ​១៩ ជាស​កល គឺជា​គោលដៅ​ចុងក្រោយ របស់ AHF ដោយ​មនុស្ស គ្រប់រូប គួរតែមាន​លទ្ធភាព ទទួលបាន​វ៉ាក់សាំង សង្គ្រោះ​ជីវិត រួមទាំង​ថ្នាំ​ព្យាបាល ដោយ​មិន​គិត ពី​ស្ថានភាព​សេដ្ឋកិច្ច​។ ខណៈ​ឧស្សាហកម្ម​ឱសថ បាន​បង្ហាញថា វា​អាចឆ្លើយតប ជាមួយនឹង​ការច្នៃប្រឌិត​ថ្មី ដើម្បី​ឆ្លើយតប ទៅនឹង​តម្រូវការ​បន្ទាន់ សម្រាប់​វ៉ាក់សាំង​កូ​វីដ​-១៩ សូមឱ្យ​ក្រុមហ៊ុន ផលិត​វ៉ាក់សាំង​ជាច្រើន គិតពី​ជីវិត​មនុស្ស ជាង​ប្រាក់ចំណេញ ពី​ការលក់​វ៉ាក់សាំង​។​

​លោកស្រី បាន​បន្ថែមថាៈ សម្រាប់​ការវិនិយោគ តែមួយ​មុខ​នេះ ពិភពលោក គួរតែ​ទទួលបាន​នូវ​បច្ចេកវិទ្យា និង​ព័ត៌មាន ដែល​ខ្លួន​ត្រូវការ ដើម្បី​ពង្រីក​ផលិតកម្ម វ៉ាក់សាំង ទូទាំង​ពិភពលោក មិនថាតែ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ស្រាប់ ឬ​ត្រូវបាន បង្កើត​ថ្មី​នោះទេ​។​

​លោក ទឹម វ​រ៉ា តំណាង​អង្គការ​សង្គម​ស៊ីវិល បានលើកឡើង​ថាៈ កិច្ចខិតខំ​ប្រឹងប្រែង ទទួលបាន​ការចាក់ វ៉ាក់សាំង​ទាំងអស់គ្នា ជា​ប្រយោជន៍​ឯកជន និង​សាធារណៈ​។ យើង​ត្រូវតែ​អំពាវនាវ​ឱ្យ ក្រុមហ៊ុន​ផលិត វ៉ាក់សាំង​ទាំងអស់ ចែករំលែក​បច្ចេកវិទ្យា និង​កម្មសិទ្ធិបញ្ញា របស់​ពួកគេ ដោយ​បើកចំហ ហើយ​សម្រាប់ រដ្ឋាភិបាល ដើម្បី​ធានាថា វ៉ាក់សាំង​ការពារ​កូ​វីដ – ១៩ ត្រូវបាន​ប្រកាស ជា​សាធារណៈ​។ យើង​អាច​មើល ឧទាហរណ៍ ពី​អតីតកាល ច​ជា​ការរីក​រាលដាល នៃ​ជំងឺអេដស៍ និង​ជួយសង្គ្រោះ​ពិភពលោក ដូចដែល​យើង បានធ្វើ ជាមួយ​ថ្នាំ​ប្រឆាំងនឹង​មេរោគ អេដស៍ ត្រូវបាន​ផ្សព្វផ្សាយ ជាស​កល ដើម្បី​សង្គ្រោះ​ជីវិត​។​

​លោក ស៊ន សុទ្ធា​រិ​ទ្ធ បានឱ្យដឹង​ដែរ​ថា គម្លាត​នៃ​ធនធាន​ដើម្បី​ដោះស្រាយ ស្ថានការណ៍​រវាង​ប្រទេស ដែលមាន​ប្រាក់ចំណូល​ខ្ពស់ និង​មាន​ប្រាក់ចំណូល​ទាប គឺ​ធំធេង​ណាស់​។ ជាមួយនឹង​ដែន​កំណត់ ប៉ាតង់ និង​កម្មសិទ្ធិបញ្ញា​ការទទួលបាន ការចាក់​វ៉ាក់សាំង​មិនអាច​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​បាន​លឿន​ដើម្បី​តាម​ទាន់​ការ បំផ្លិចបំផ្លាញ​នៃ​កូ​វីដ​-១៩ ដែល​កំពុង​បង្ក​ឡើយ​។​

​លោក​បាន​បន្ថែមទៀតថា សារៈសំខាន់​នៃ​ការលើកលែង​ឬ​មិនចាំបាច់​មាន​ប៉ាតង់ នៃ​ការផលិត​វ៉ាក់សាំង ឬ​ថ្នាំ​ប្រឆាំង​វីរុស​កូ​វីដ​១៩ ដើម្បី​ដោះស្រាយ ស្ថានភាព​ការចម្លង កូ​វីដ​១៩ យើង​ត្រូវ​ដឹងថា បានចាប់ផ្តើម ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺអេដស៍​ហើយ​បាន ប្រយុទ្ធ តាំងពី​ដំណាក់កាល​ដំបូង នៃ​ជំងឺ​រាតត្បាត នៅពេល​ចាប់តាំងពី​ការបង្កើត ការព្យាបាល ដោយ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​មេរោគ​អេដស៍ ក៏​មិនបាន​គ្រប់គ្រាន់ និង​ទាន់ ពេលវេលា ដែល​ធ្វើ​ឲ្យ​បាត់​បង់ជីវិត ដោយសារ​បញ្ហា​ការផលិត​ថ្នាំ តែ​ពេលនេះ កំហុស​ដដែល​នោះ មិន​ត្រូវបាន​បង្កើតឡើង ដោយសារ​ការផលិត​វ៉ា​ក់​សាំង​ទេ ប៉ុន្តែ​យើង​កំពុង​ដើរ​លើផ្លូវ​នោះ ដោយ​ព្រួយ​បារ​ម្មណ៍ ប្រសិនបើ​ក្រុមហ៊ុន​ផលិត វ៉ាក់សាំង និង​មេដឹកនាំ​ពិភពលោក មិន​ធ្វើ​អ្វី​គ្រប់យ៉ាង ដែល​ចាំបាច់ ដើម្បី​ចាក់​វ៉ាក់សាំង ការពារ​ពិភពលោក​របស់​យើង​។

​កញ្ញា វី ឌី​ណែ​ត បានឱ្យដឹង​ដែរ​ថាៈ ការឈឺចាប់ និង​ការបាត់បង់ អ្នកជា​ទីស្រឡាញ់ ជា​រឿង​ដ៏​សោកសៅ និង​រស់នៅ​ជាមួយ​ការភ័យខ្លាច ជាមួយ​មេរោគ​កូ​វីដ​១៩ ជាការ​លំបាក ណាស់​។ ដើម្បី​ការពារ​ពិភពលោក ទាំងមូល មាន​សុ​វត្តិភាព​ទាំងអស់គ្នា សូម​អំពាវនាវ​ដល់​ប្រទេស ដែល​អាច​ផលិត​វ៉ាក់សាំង​បាន សូមជួយ​ផ្តល់​វ៉ាក់សាំង ឱ្យ​គ្រប់គ្នា​ទូទាំង​សកល ដែលជា​វិធី​តែមួយគត់ ដើម្បី​បញ្ឈប់​ជំងឺ​រាតត្បាត​នេះ​។ ប្រទេស​អ្នកមាន និង​មហាអំណាច ត្រូវតែ​ធ្វើ​អ្វីដែល​ត្រឹមត្រូវ និង​ផ្តល់​ការទទួល បាន​ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​គ្រប់គ្រាន់ ដើម្បី​មនុស្ស នៅ​គ្រប់​ទីកន្លែង និង​គ្រប់រូប មានឱកាស​ទទួលបាន​វ៉ាក់សាំង​ការពារ​ជីវិត​៕/V​-PC