ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ប្រតិបត្តិ​ករ​ថ្មី ចំនួន ៣ និង​ចាប់ផ្តើម​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ តទៅ នៅតាម​តំបន់​ចំនួន ៣ នៃ​ខណ្ឌ​ទាំង​១៤ ដោយ​ដាច់ដោយឡែក​ពីគ្នា ហើយ​ក្នុងនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ នៅ​រាជធានី​ភ្នំពេញ មេត្តា​វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​សំណល់​រឹង របស់ខ្លួន តាម​ការកំណត់ ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចូលរួម ថែរក្សា​អនាម័យ និង​បរិស្ថាន នៅ​រាជធានី​ភ្នំពេញ ឱ្យបាន​ស្អាត​ល្អជា​និច្ច និង​មេត្តា​យោគយល់​ចំពោះ​ភាពរ​អាក់ រ​អួល នៃ​ការចាប់​ផ្តើមដំបូង​នេះ​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ការចាប់ផ្តើម​អនុវត្ត ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ដោយ​ប្រតិបត្តិ​ករ​ថ្មី របស់​រដ្ឋបាល រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ៣០ មិថុនា​នេះ ដែល​ក្នុង​សេចក្តី​ជូន ដំណឹង​នេះ បានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង ដល់​បងប្អូន ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម សេវាកម្ម​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ​ឱ្យបាន ជ្រាបថា ប្រតិបត្តិ​ករ​ថ្មី ចំនួន ៣ នឹង​ចាប់ផ្តើម​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ តទៅ នៅតាម​តំបន់​ចំនួន ៣ នៃ​ខណ្ឌ​ទាំង ១៤ ដោយឡែក​ពីគ្នា ដូចខាងក្រោម​៖

១. ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited នឹងត្រូវ​ផ្តល់​សេវា ក្នុង​តំបន់​ទី​១ ដែលមាន ៥ ខណ្ឌ គឺ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌ​សែន​សុខ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ​។​

២. ក្រុមហ៊ុន Mizuda Group Co, Ltd នឹងត្រូវ​ផ្តល់​សេវា ក្នុង​តំបន់​ទី​២ ដែលមាន ៥ ខណ្ឌ គឺ ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល និង

៣. ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) នឹងត្រូវ​ផ្តល់​សេវា ក្នុង​តំបន់​ទី​៣ ដែលមាន​ន​០៤​ខណ្ឌ គឺ ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ​។​

​ក្នុង​ដំណាក់​ការ​អន្តរកាល នៃ​ការផ្ទេរ ការផ្តល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ពី​ប្រតិបត្តិ​ករចាស់ ទៅ​ប្រតិបត្តិ​ករ​ថ្មី គឺអាច​នឹងមាន​ភាព រអាក់រអួល​ខ្លះៗ នៃ​ការផ្តល់សេវា ជាពិសេស នៅ​តំបន់​ដែល​ទទួលខុសត្រូវ ដោយ​ប្រតិបត្តិ​ករ​ថ្មី​។​

​អាស្រ័យហេតុនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ នៅ​រាជធានី ភ្នំពេញ មេត្តា​វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​សំណល់ រឹង​របស់ខ្លួន តាម​កាំរ​កំណត់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចូលរួម ថែរក្សា​អនាម័យ និង​បរិស្ថាន នៅ​រាជធានី​ភ្នំពេញ ឱ្យបាន​ស្អាត​ល្អជា​និច្ច និង​មេត្តា​យោគយល់ ចំពោះ​ភាពរអាក់រអួល នៃ​ការចាប់​ផ្តើមដំបូង​នេះ​។​

​ទទួលបាន​សេចក្ដីជូនដំណឹង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម សេវាកម្ម​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប និង​ចូលរួម​អនុវត្ត​ឱ្យមាន ប្រសិទ្ធភាព​៕/V​-PC