ដោយ៖ កញ្ញារស្មី / ភ្នំពេញ៖ នៅពេលមេឃ បានកំពុងភ្លៀង លាយឡំដោយខ្យល់ កន្ត្រាក់ យ៉ាងខ្លាំងនោះ ដើមឈើមួយដើម ក្នុងចំណោមដើមឈើ ជាច្រើនដើម បានបាក់រលំមកលើ មហាវិថីសហព័ន្ធរុស្ស៊ី ហើយសង្កត់លើម៉ូតូកង់បីបណ្ដាលឱ្យ នារីម្នាក់ ដែលជិះនៅក្នុងនោះ បណ្ដាលឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍ នេះ បានកើតឡើង នារសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
បើតាមមន្ត្រីរដ្ឋបាល សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានរាយការណ៍ថាៈ នៅរសៀលថ្ងៃទី៣០ មិថុនា ម៉ោងប្រមាណជា ២និង៣០នាទី ភ្លៀងយ៉ាងខ្លាំង នៅក្នុងនោះ ក៏មានខ្យល់បក់បោក យ៉ាងខ្លាំង បណ្ដាលឱ្យមែកឈើ និងដើមឈើ មួយចំនួនទៀត បានបាក់ និងរលើងគល់ មកលើបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី បណ្តាលឱ្យសង្កត់លើកង់បី និងបានធ្វើឱ្យនារីម្នាក់ ដែលជិះលើកង់៣នេះ ត្រូវដើម ឈើរលំ មកលើ រងរបួសត្រង់ពោះ យ៉ាងដំណំ ហើយត្រូវបានគេជួយសង្គ្រោះ ដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ឯកជនភ្លាមដែរ ។
លោក ប៉ិច សុខខឿន ចៅសង្កាត់ទឹកល្អក់ទី១ បានបញ្ជាក់ឱ្យដឹងថាៈ ហេតុការណ៍ បាក់ដើមឈើ ដោយមេឃបង្អុរភ្លៀង លាយឡំដោយខ្យល់កន្ត្រាក់ យ៉ាងខ្លាំង នារសៀល ថ្ងៃទី៣០ មិថុនានេះ នៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានធ្វើអោយនារីម្នាក់ ក្នុងចំណោម ២ នាក់ ជិះម៉ូតូកង់បី ទៅធ្វើប័ណ្ណក្រីក្រ ប.ស.ស. បានរងរបួសហើយត្រូវបានគេជួយ សង្គ្រោះ ដោយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យឯកជនភ្លាមដែរ ។
លោកបានបន្តថាៈ គិតមកដល់ម៉ោងជាង ៤ រសៀលថ្ងៃនេះ អាជ្ញាធរសង្កាត់បានសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជួន រាជធានីភ្នំពេញប្រើគ្រឿង ចក្រ កាត់ដើមឈើ ដែលរលំមកលើមហាវិថី សហព័ន្ធរុស្ស៊ីនេះ ចេញអស់ហើយ ហើយបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ មហាវិថីសហព័ន្ធរុស្ស៊ីនេះ បានជាធម្មតាឡើងវិញហើយដែរ ក្រោយពីកកស្ទះចរាចរណ៍ អស់រយៈពេលជាង ១ ម៉ោង៕/V-PC