​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ យោង​តាម​ការស្រាវជ្រាវ​មួយ​ដែល​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី Nature Biotechnology កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មិថុនា បានឱ្យដឹង​ថា​ឧបករណ៍​ចាប់​សញ្ញា​ខ្នាត​ល្អិត​ដែល​​បង្កប់​ទៅក្នុង​សាច់​ក្រណាត់​ដែល​អាច​ពាក់បាន​ដូចជា ម៉ាស់​និង​អាវ​ធំ អាច​ផ្តល់​ព័ត៌មាន​ភ្លាមៗ​អំពី​ការប៉ះពាល់​នឹង​ធាតុ​បង្ក​ជំងឺ​នានា​ដូចជា​វីរុស​កូរ៉ូណា​ជាដើម​។​

​សហ​អ្នកសិក្សា​លោក ភី​ត​ធឺ ង្វៀន ជា​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វី​ស​នៅ​សាកលវិទ្យាល័យ​ហា​វើដ បាន​និយាយថា ការ​ធ្វើតេស្តិ៍​រំញោច​ខ្ពស់​ដែល​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ប្រើ​សម្រាប់​តែ​មន្ទីរ​​ពិសោធន៍ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ឧបករណ៍​ពាក់បាន​ឆ្លាត​វៃ “​លើស​ពី​អ្វី​ដែល FitBit ឬ Applewatch អាច​ផ្តល់​បាន​ទៅ​ទៀត​”​។​

​លោក​និយាយថា “​គំនិត​នេះ​គឺ​ស្រដៀង​នឹង​របៀប​ដែល​ស្បែក​របស់​យើង​ដំណើរការ​ដែល​អ្នក​អាច​ដឹង​អំពី​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​ជាមួយនឹង​រំញោច​ខ្ពស់​ដោយ​មិនចាំបាច់​ចូលរួម​​យ៉ាង​សកម្ម​នៅក្នុង​ព័ត៌មាន​លម្អិត​នៃ​ដំណើរការ​នេះ​ទេ​”​។​

​នៅក្នុង​ការស្រាវជ្រាវ​ថ្មី​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាចបង្កើត​ផ្នែក​នៃ​កោសិកា​ឡើងវិញ ដែល​ដឹង​អំពី​មីក្រូ​សរីរាង្គ​បង្ក​គ្រោះថ្នាក់​និង​បង្កក​ពួកវា​។​

​យោង​តាម​លោក​ង្វៀន ពួក​វា​បន្ទាប់មក​នឹង​ត្រូវ​ធ្វើ​ឱ្យ​សកម្ម​ឡើងវិញ​ដើម្បី​ចាប់ផ្តើម​ការធ្វើ​តេស្តិ៍​ដោយ​ការ​បន្ថែមទឹក ដូច​ជា​ការ​ឆុង​មី​កញ្ចប់​យ៉ាង​អ៊ីចឹង​ដែរ​។​

​ការ​ធ្វើតេស្តិ៍​បែបនេះ​ពីមុន​មក​គឺ​ធ្វើឡើង​នៅ​លើ​កោសិ​ការស់ ដែល​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា​អាច​មាន​ភាពផុយស្រួយ​ហើយ​ពេល​ខ្លះ​មាន​គ្រោះថ្នាក់​ក្នុង​កន្លែង​ដែល​មិនមែន​ជា​វេជ្ជសាស្ត្រ​។​

​ក្នុង​ការសិក្សា​ថ្មី​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រើ​ប្រតិកម្ម​ដែល​គ្មាន​កោសិកា ដែល​ផ្ទុក​ឧបករណ៍​នៃ​កោសិកា​រស់ ដោយ​ពុំ​មាន​កោសិកា​ខ្លួន​វា​ផ្ទាល់​ទេ​។

​ដោយសារ​តែ​ពួក​វា​មិនមែន​ជា​កោសិកា​រស់ ឧបករណ៍​ចាប់​សញ្ញា​អាច​ត្រូវ​បាន​បង្កក​និង​រក្សា​ទុក​រាប់​ខែ​ទម្រាំ​ពួកវា​អាច​ដំណើរការ​ឡើងវិញ​បាន​។

​ក្រុម​អ្នកនិពន្ធ​ការសិក្សា​នេះ​បានបង្ហាញ​ថា ឧបករណ៍​ចាប់​សញ្ញា​ទាំងនេះ ដែល​ប្រើ​បច្ចេកវិជ្ជា​កែ​ហ្សែ​ន CRISPR អាច​ត្រូវ​ម៉ាច់​ជាមួយនឹង​ការរាវ​រក​មេរោគ​នៅ​មន្ទីរពិសោធន៍ និ​អាច​ដេរ​ភ្ជាប់​​នឹង​សាច់​ក្រណាត់​ដែល​អាច​ពាក់បាន​។

​លោក​ង្វៀន​និយាយថា ឧបករណ៍​ចាប់​សញ្ញា​ដែល​អាច​ពាក់បាន​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​ធ្វើការ​ក្នុង​បរិស្ថាន​ដែល​ពួកគេ​អាច​ប៉ះពាល់​នឹង​មេរោគ​ឬ​ជាតិពុល​៕

អ្នកស្រាវជ្រាវ​កំពុង​សិក្សា​ពី​ការបង្កើត​ម៉ាស់​ដែល​អាច​រកឃើញ​មេរោគ​កូរ៉ូណា​និង​បង្ក​មេរោគ​ចោល​