ដោយៈ ប​.​ខុន / ភ្នំពេញៈ ដើមឈើ​ចំនួន ១២ ដើម នៅតាម​សងខាង​មហាវិថី​សហព័ន្ធរុស្ស៊ី និង​វត្តភ្នំ បាន​រលំ​ដួល ដោយសារ​បាតុភូត​ខ្យល់​កន្ត្រាក់ នៅ​រសៀល ថ្ងៃទី​៣០ ខែមិថុនា នេះ​។​

​លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​៣០ ខែមិថុនា​ថាៈ ដើមឈើ ចំនួន ១២ ដើម នៅតាម​មហាវិថី​សហព័ន្ធ​រុស្សី និង​វត្តភ្នំ ចំ​ពីមុខ​ខ្យល់​ខ្លាំង នៅ​រសៀល​ថ្ងៃនេះ តែ​បាន​កាត់​យកចេញ​អស់ ពីលើ​ផ្លូវ​អស់ហើយ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង នៅ​ថ្ងៃទី​៣០ ខែមិថុនា​ថាៈ នៅ​រាល់ពេល​រសៀល ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ខ្យល់​បក់បោក​ខ្លាំង ជាមួយនឹង​ខ្យល់​កន្ត្រាក់ មកលើ​រាជធានី​ភ្នំពេញ ហើយ​បន្ត​កើតមាន រហូតដល់​ថ្ងៃទី​៣ ខែកក្កដា ទើប​ចុះខ្សោយ ទៅវិញ​។ បាតុភូត​នេះ កើតឡើង ដោយសារ​សីតុណ្ហភាព បាន​កើនឡើង​បន្តិច ប៉ុន្មាន​ថ្ងៃនេះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៩ ខែមិថុនា បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១​ថាៈ ប្រទេស​កម្ពុជា នឹង​ទទួលរង​នូវ​ឥទ្ធិពល ពី​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម និង​ជ្រលង​សម្ពាធ​ទាប ពី​ប្រទេស​ចិន​។​

​នៅក្នុង​សេចក្តីជូនដំណឹង សរសេរថាៈ ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ដល់​ថ្ងៃទី​៣ ខែកក្កដា គឺ​ទទួល​ឥទ្ធិពល ខ្យល់មូសុង​និរតី​ខ្សោយ ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​៦ ខែកក្កដា គឺ​ទទួល​ឥទ្ធិពល​ខ្យល់ មូសុង​និរតី​មធ្យម និង​ជ្រលង​សម្ពាធ​ទាប ពី​ចិន ។​

​ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ ,​ពីថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃទី​៣ ខែកក្កដា មាន​ភ្លៀង​ធ្លាក់ ខ្សោយ​ដោយ​អន្លើរ​។ ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​៦ ខែកក្កដា អាចមាន​ភ្លៀង​ធ្លាក់ កម្រិត​ពី តិច​ទៅ​បង្គួរ ។ ទន្ទឹមនឹងនោះ ក៏មាន​ផ្នែក​ខ្លះ មាន​ភ្លៀង​ធ្លាក់​ច្រើន ។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២២ ទៅ ២៤ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើរ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។​

​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត ពី​ខ្សោយ​ទៅ​មធ្យម ។​

​នៅក្នុង​សេចក្តីជូនដំណឹង ក៏បាន​អំពាវនាវ ដល់​សាធារណជន ឱ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ភ្លៀង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន ជាពិសេស នៅ​តំបន់​វាលទំនាប​ក​ណ្កា​ល ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែកក្កដា ៕/V​