ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានធ្វើ​លិខិត​ផ្លូវ​នៅ ថ្ងៃទី​៣០​ខែ មិថុនា​នេះ​រំលឹក​ទៅ​លោក ទិន សៃ តំណាង​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ឲ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព នយោបាយ​នៅតាម​មូលដ្ឋាន​ពីព្រោះ​គណបក្ស​នេះ​ពុំទាន់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​នៅឡើយ​។ ការ​រំលឹក​នេះ បាន​ធ្វើឡើង​ខណៈពេលដែល​លោក​អ៊ូ ច័ន្ទ​រ័ត្ន លោក​ប៉ុល ហំ​ម និង មន្ត្រី​មួយចំនួន​បាន​ចុះ​ធ្វើ​សកម្មភាព​នៅតាម​មូលដ្ឋាន​ដោយមាន​ការជួបជុំ​ប្រជាពលរដ្ឋ​។​

​យោងតាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ជម្រាប​ទៅ​លោក ទិន សៃ​តំណាង​ស្ថាបនិក​គណបក្ស​កែទម្រង់ កម្ពុជា​នៅ​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២១​បាន​បញ្ជាក់ថា​គណបក្ស​កែទម្រង់​កម្ពុជា​ពុំទាន់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​នៅឡើយ​។​ក្នុង​រយៈពេល​កន្លងមក​នេះ ក្រសួងមហាផ្ទៃ​ពិនិត្យឃើញថា គណបក្ស​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដែល​សកម្មភាព​ទាំងនេះ គឺជា​ការអនុវត្ត​បំពាន​ទៅនឹង​បញ្ញត្តិ​មាត្រា​៩ និង​បញ្ញត្តិ​មាត្រា​១៩​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ដូច្នេះ​គណបក្ស​កែទម្រង់​កម្ពុជា​ត្រូវ​បញ្ឈប់​នូវ​រាល់​សកម្មភាព​នយោបាយ​នៅតាម​មូលដ្ឋាន រហូតដល់​គណបក្ស​នេះ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​ស្មារតី នៃ​លិខិត​របស់​ក្រសួងមហាផ្ទៃ​។​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គេ​សង្កេតឃើញ​លោក​ប៉ុល ហំ​ម លោក​អ៊ូ ច័ន្ទ​រ័ត្ន​រួមទាំង​មន្ត្រី​មួយចំនួន​នៃ​គណបក្ស​កែ ទម្រង់​កម្ពុជា បាន​ចុះ​ធ្វើ​សកម្មភាព​ជួប​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដើ​ម្ប​គៀងគរ និង​ស្វែ​ករក​កា​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។ សកម្មភាព​ទាំងនេះ គឺ​បំពាន​ទៅនឹង​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ខណៈដែល​គណបក្ស​កែទម្រង់​កម្ពុ​ជា​នៅ​មិនទាន់ ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​នៅឡើយ​។

​លោក​អ៊ូ ច័ន្ទ​រ័ត្ន មន្ត្រីជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា​បាន​អះអាងថា ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​ឲ្យ​យើង​ដើរ​ផ្តិតមេដៃ​។ ដូច្នេះ​របៀប​នៃ​ការដើរ​ផ្តិតមេដៃ ត្រូវតែ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​សុំ​ការអនុញ្ញាត​ដើម្បី​ផ្តិតមេដៃ​និង​ពន្យល់​ប្រជាពលរដ្ឋ ឲ្យ​បាន​យល់​អំពី​ការបង្កើត​គណបក្ស​នេះ​។ លោក​យល់ថា មិនមាន​អ្វី​ខុស​ទេ​ព្រោះ​មានការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ ដោយ​ច្បាប់​ហើយ​សម្រាប់ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​។​
​លោក​បាន​បញ្ជាក់ថា “​យើង​ចុះ​ទៅតាម​មូលដ្ឋាន​ដើម្បី​ផ្តិតមេដៃ​នេះ វា​ជា​រឿង​មួយ​ដែល​ច្បាប់​អនុញ្ញាត ហើយ​គ្រាន់តែ​ការជួបជុំ​យក​ស្នាម​មេដៃ​នេះ​មិន​មានអី​ខុស​ទេ ហើយ​សិទ្ធិ​នៃ​ការជួប​ជុំគ្នា​ជជែក​គ្នា​វា​ជា​សិទ្ធិ​ពលរដ្ឋ​ផង សិទ្ធិ​នយោបាយ​ផង​វា​អត់​មានអី​ខុស​នឹង​ច្បាប់​”​។​
​សូមជម្រាបថា លោក អ៊ូ ច័ន្ទ រ័ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​យកពាក្យ​ស្នើសុំ​បង្កើត​គណបក្ស កែទម្រង់​កម្ពុជា ទៅ​ដា​ក់នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ ២០២១​។ ហើយ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​ឱ្យ​លោក អ៊ូ ច័ន្ទ​រ័ត្ន បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ក្រសួងមហាផ្ទៃ​នៅ​មិនទាន់​ចុះបញ្ជី​គណបក្ស​កែទម្រង់​កម្ពុជា​នៅឡើយ​ទេ ៕