​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមគ្រួសារ​របស់​លោក​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​៣០​មិថុនា​ថា លោក​ដូណាល់ រ៉ាំ​ស្វែល ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ដ៏​ក្រអឺតក្រទម​ដ៏​មិនចេះ​ប្រែចិត្ត​ដែល​បាន​ដឹកនាំ​សហរដ្ឋ​អាម៉េរិក​​ចូល​ទៅក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្គានី​ស្ថាន បាន​ស្លាប់​នៅ​អាយុ ៨៨ ឆ្នាំ​។​

​ទទួលបន្ទុក​ផ្នែក​យោធា​អាម៉េរិក​សម្រាប់​ផ្នែក​ភាគច្រើន​នៃ​អាណត្តិ​ប្រធានាធិបតី​ច​ច ដា​ប់ប​ល​យូ ប៊ូ​ស លោក​រ៉ាំ​ស្វែល​មាន​ភាពរឹងរូ​ស​និង​ក្រអឺតក្រទម​ដោយ​បានច្រា​ន​ចោល​យ៉ាង​ល្បីល្បាញ​អំពី​ការ​លួច​​ប្លន់​រីក​រាលដាល​ពេញ​អ៊ីរ៉ាក់ បន្ទាប់​ពី​កងទ័ព​អាម៉េរិក​បាន​កាន់កាប់​ទីក្រុង​បា​ដា​ត ដោយនិយាយ​ឌឺ​មក​វិញ​ថា “​ចូរ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ៗ​”​។​

​សម្រាប់​មនុស្ស​រាប់លាន​នាក់ ដែល​ដើរ​តវ៉ា​តាម​ដងផ្លូវ​ដើម្បី​ថ្កោលទោស​សង្គ្រាម​នៅ​អ៊ីរ៉ាក់ លោក​រ៉ាំ​ស្វែល​និង​អនុប្រធានា​ធិបតី​លោក ឌី​ក​ឆេនី​គឺជា​និមិត្តរូប​នៃ​អ្វីដែល​គេ​មើលឃើញ​ថា​ជា​ការប្រព្រឹត្ត​ហួស​​ហេតុ​ពេក​នៅក្នុង “​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​” របស់​លោក​ប៊ូ​ស រួម​ទាំង​ការ​ឃុំឃាំង​ជនសង្ស័យ​ដោយ​គ្មាន​កាលកំណត់​នៅ​ឆកសមុទ្រ​ក្វាន​តា​ណា​ម៉ូ ប្រទេស​គុយបា និង​ការរំលោភបំពាន​ជនជាតិ​អ៊ីរ៉ាក់​​ពី​សំណាក់​អ្នកទោស​អាម៉េរិក​នៅ​ពន្ធនាគារ​អា​ប៊ូ​ហ្គ្រា​អ៊ីប​។​

​នយោបាយ​គួរឱ្យ​ស្អប់​របស់​អតីត​សមាជិក​សភា​រូបនេះ​នៅ​ទីបំផុត​លែង​មាន​ការគាំទ្រ ខណៈ​អ្នកនយោបាយ​មកពី​បក្ស​ទាំងពីរ​នាំ​គ្នា​ប្រឆាំង​នឹង “​សង្គ្រាម​គ្មាន​ទីបញ្ចប់​”​ហើយ​កងទ័ព​ដែល​គាត់​ត្រូវបាន​​បញ្ជូន​ទៅ​អា​ហ្វ​ហ្គានី​ស្ថានជា​លើក​ដំបូង​បន្ទាប់​ពី​ការវាយប្រហារ​ថ្ងៃទី ១១ ខែ​កញ្ញា​ឆ្នាំ ២០០១ នឹង​ដក​ចេញ​អស់​នៅ​សប្តាហ៍​ខាង​មុខ បន្ទាប់​ពី​ការស្លាប់​របស់​គាត់​។​

​ក្រុមគ្រួសារ​របស់​គាត់​បាន​និយាយថា លោក​រ៉ាំ​ស្វែល បាន​ស្លាប់​នៅ​ទីក្រុង​ថា​អូស រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ី​កូ ហើយ​បាន​ការពារ​កេរ្តិ៍ដំណែល​របស់​គាត់​ថា មួយ​ជីវិត​គាត់​គឺ​ដើម្បី​តែ​ការពារ​ប្រទេស​។​

​លោក​ប៊ូ​ស​បាន​ហៅ​រដ្ឋមន្ត្រី​ការពារជាតិ​របស់​លោក​ដែល​លោក​បាន​រក្សាទុក​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក​រហូត​ដល់​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត​គ្រប់គ្រង​សភា​នៅ​ឆ្នាំ ២០០៦ ថា​ជា “​មន្ត្រី​សា​​ធា​រណៈ​ដ៏​ឆ្នើម​ម្នាក់​និង​ជា​មនុស្ស​ល្អ​ម្នាក់​”​។​

​ដោយ​មិន​និយាយ​ចំៗ​អំពី​ការសម្រេចចិត្ត​ឈ្លានពាន​អ៊ីរ៉ាក់ លោក​ប៊ូ​ស​បាន​និយាយថា “​គាត់​គឺជា​អ្នកបម្រើ​ស្មោះត្រង់​របស់​កងកម្លាំង​ប្រដាប់អាវុធ​របស់​យើង​ហើយ​សហរដ្ឋ​អាម៉េរិក​មាន​សុវត្ថិភាព​និង​ប្រសើរឡើង​ដោយសារតែ​សេវាកម្ម​របស់​គាត់​”៕

លោក​រ៉ាំ​ស្វែល​ដើរ​នៅក្នុង​ពន្ធនាគារ​អា​ប៊ូ​ហ្គ្រា​អ៊ី​ប​ក្នុង​ក្រុង​បា​ដា​ត​នៅ​ខែ​ឧសភា​ឆ្នាំ​២០០៤