ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះពីរនាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង ១A ១១៩២ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ៣A-៦៣៦១ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បើកបរពីកើតទៅលិចបុកពេញទំហឹង និងកិនជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពបានបន្តថាអ្នកបើកបររថយន្តក្រោយកើតហេតុចុះរត់គេចខ្លួនបាត់ស្រមោល រីឯសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិឲ្យទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាងទាំងពីរ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង រងចាំដោះស្រាយនៅពេលក្រោយ៕