​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ តារា​កំប្លែង​អាម៉េរិក​លោក ប៊ី​ល ខូសប៊ី ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​មិថុនា​នៅ​ក្នុង​វាយ​សំពង​ទៅ​នឹង​ចលនា #MeToo​បន្ទាប់​ពី​តុលាការ​អាម៉េរិក​បាន​​ច្រាន​ចោល​ការផ្តន្ទាទោស​គាត់​ពី​បទ​ដាក់​ថ្នាំ​និង​រំលោភ​ផ្លូវភេទ​លើ​ស្ត្រី​ម្នាក់​កាលពី ១៧ ឆ្នាំមុន​។​

​បុរស​វ័យ ៨៣ ឆ្នាំ​រូប​នេះ​បាន​លើក​ម្រាមដៃ​ជា​សញ្ញា V (​ជោគជ័យ​) នៅ​ខាងក្រៅ​ផ្ទះ​របស់​គាត់​ក្បែរ​ទីក្រុង​ហ្វីល​ឡា​ដែល​ហ្វៀ បន្ទាប់​ពី​ចាកចេញ​ពី​ពន្ធនាគារ​ក្រោយ​ការសម្រេច​របស់​តុលាការ​កំពូល​​នៃ​រដ្ឋ​ផេន​ស៊ីល​វ៉ា​នៀ​ថា​គាត់​ត្រូវបាន​គេ​បដិសេធ​មិន​ឱ្យ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​។ លោក​មិន​បាន​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន​ទេ​។​

​លោក​ខូសប៊ី ដែល​បាន​បំបែករ​បាំង​ជាតិ​សាសន៍​ជាមួយនឹង​ការសម្តែង​ដែល​ទទួលបាន​ពានរង្វាន់ Emmy របស់​គាត់​ក្នុង​រឿង “I Spy”​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៦០ ត្រូវបាន​ផ្តន្ទាទោស​កាលពី​ឆ្នាំ ២០១៨ ពី​បទ​រំលោភ​នាង អង់​ដ្រេ ខុន​ស្តែន នៅ​ឯ​ភូមិគ្រឹះ​របស់​គាត់​នៅ​ក្រុង​ហ្វីល​ឡា​ដែល​ហ្វៀ​ក្នុង​ឆ្នាំ ២០០៤ ។​

​ប៉ុន្តែ​ពួក​ចៅក្រម​បាន​សរសេរ​នៅក្នុង​សេចក្តីសម្រេច​កម្រាស់ ៧៩ ទំព័រ​ថា​កិច្ចព្រមព្រៀង​មិន​កាត់ទោស​រវាង​អតីត​មេធាវី​ម្នាក់​និង​លោក​ខូសប៊ី​ជុំវិញ​ភស្តុតាង​ដែល​គាត់​បាន​ផ្តល់​នៅក្នុង​រឿងក្តីរ​ដ្ឋ​​ប្បវេណី​មានន័យថា តារា​សម្តែង​រូបនេះ​មិន​គួរ​ត្រូវ​បាន​ចោទប្រកាន់​ទេ​។​

​ពួក​ចៅក្រម​បានសរសេរថា “​ការផ្តន្ទាទោស​និង​ការវិនិច្ឆ័យ​ទោស​របស់​លោក​ខូសប៊ី​ត្រូវបាន​ចាត់ទុក​ជា​មោឃៈ ហើយ​គាត់​ត្រូវបាន​ដោះលែង​”​។​

​អ្នកនាំពាក្យ​នាយកដ្ឋាន​កែតម្រូវ​នៃ​រដ្ឋ​ផេន​ស៊ីល​វ៉ា​នៀ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា លោក​ខូសប៊ី​បាន​ចាកចេញ​ពី​ពន្ធនាគា​រ SCI Phoenix ស្ថិតនៅ​ចម្ងាយ ៥៦ គីឡូម៉ែត្រ​ពី​ភាគ​ពាយព្យ​ក្រុង​ហ្វីឡា​ដែល​ហ្វៀ​នៅមុន​ម៉ោង ២៖៣០ រសៀល​៕

លោក​ខូសប៊ី​ ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរីភាព​កាលពី​ថ្ងៃ​ពុធ