ដោយ: ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វី​១៩ នា​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ បើក​ដំណើរ​ការចាក់​វ៉ាក់សាំង ជូន​ដល់​ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី និង​ប្រមាណ ៦០.០០០ នាក់ ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយប៉ែត ព្រមទាំង​ប្រគេន​ព្រះសង្ឃ មួយចំនួន​មកពី​ទូទាំង ខេត្តបន្ទាយមានជ័យ ។​

​សូមបញ្ជាក់ថា ទីតាំង​គោលដៅ ដែល​រដ្ឋបាលខេត្ត មន្ទីរ​សុខាភិបាល​ខេត្ត និង​រដ្ឋបាល​ក្រុង ប៉ោយប៉ែត ក៏ដូចជា​គ្រប់​អ្នកពាក់ព័ន្ធ បានរៀបចំ​វ៉ាក់សាំង មកដល់​វគ្គ​ថ្មី ជូន​នោះ មាន ៩ គោលដៅ រួមមាន​៖ ១.​ស្ថានីយ​រថភ្លើង ២ ក្រុម , ២.​មណ្ឌល​សំចត ២ ក្រុម , ៣.​វត្ត​ផ្សារកណ្តាល ២ ក្រុម , ៤.​វត្ត​រស្មី​ទួល​ពង្រ ២ ក្រុម , ៥.​សាលារៀន​បឋមសិក្សា ស្រះ​ត្រាច និមិត្ត ២ ក្រុម , ៦.​វត្ត​និមិត្ត​សុធី​រាម កូនដំរី ១ ក្រុម​, ៧.​វត្ត​ត្រាច ២ ក្រុម , ៨.​សាលាបឋមសិក្សា អូរឫស្សី ២ ក្រុម និង ៩.​ទល់មុខ​សាលា ក្រុង ១ ក្រុម ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ជម្រាបជូន ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កម្មករ កម្មការិនី ទាំងឡាយ​ថាៈ វ៉ាក់សាំង​ដែល​ចាក់​ជូន បងប្អូន​យើង នាពេលនេះ គឺជា​ការផ្តល់ជូន ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​សម្តេច បាន​ខិតខំ គ្រប់បែបយ៉ាង ដើម្បី​រក​វ៉ាក់សាំង និង​បាន​ដាក់ចេញ វិធានការ សម្រាប់​ចាក់​ជូន ប្រជាពលរដ្ឋ របស់​យើង ឱ្យបាន​គ្រប់ៗ​គ្នា​។ ដូច្នេះហើយ បងប្អូន ត្រូវគោរព​ដឹងគុណ ចំពោះ​សម្តេច​។​

​ក្នុងនាម​រដ្ឋបាលខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ លោក​បាន​សូម​គោរព​ថ្លែង អំណរគុណ និង​ជូនពរ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ទទួលបាន​នូវ សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​មាំមួន​ខ្លាំងក្លា បញ្ញាញាណ​វាងវៃ ជន្មាយុ​យឺនយូរ និង​ទទួលបាន​ជោគជ័យ ត្រចះត្រចង់ ក្នុង​ដឹកនាំ​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន ។​

​ក្នុងនាម​រដ្ឋបាលខេត្ត ក៏ដូចជា គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ លោក​អភិបាលខេត្ត បានដាក់​ចេញ​នូវ​ផែនការ​លម្អិត ដោយ​ចាត់​ក្រុមគ្រូពេទ្យ កម្លាំង និង​ក្រុមការងារ​យុវជន ដើម្បី​ចាត់ចែង​ទទួល​រៀបចំ ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កម្មករ កម្មការិនី ឱ្យមាន​សណ្តាប់ធ្នាប់ ស្របតាម​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេ​ជោ ព្រមទាំង​ការណែនាំ របស់​ក្រសួងសុខាភិបាល​ដើម្បី​កាត់បន្ថយ ការឆ្លង​ជំងឺ​កូ​វីដ​១៩ និង​អាចជួយ​ព​ន្លឿ​ន ដល់​ការចាក់​វ៉ាក់សាំង បាន​កាន់តែ​លឿន និង​បាន​ជ្រាបចូល​ក្នុង​ខ្លួន ប្រជាពលរដ្ឋ បាន​ឆាប់រហ័ស ។​

​ដោយឡែក លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា ថ្ងៃទី​១​កក្កដា​ថាៈ ចំពោះ​មន្ត្រី សង្ឃ​គណ​ខេត្ត អនុគណ​ស្រុក​ក្រុង ព្រះសង្ឃ​មេវត្ត (​ចៅ​ធិ​ការ​) គ្រូសូត្រស្តាំ គ្រូ​ឆ្វេង​ចំនួន ៣៤៦ អង្គ (​មកពី​ខេត្ត និង ៨ ក្រុង​ស្រុក​) និង ២៣៦ អង្គ (​មកពី​ក្រុង ប៉ោយប៉ែត​) បានទទួល​ការចាក់ នៅ​ទីតាំង​វត្ត​និមិត្ត​សុធី​រាម ឬ កូនដំរី ៕/V​-PC