​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថាៈ ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ កម្ពុជា កំពុង​ពិនិត្យ​លើ​ការស្នើសុំ​បង្កើត កុងស៊ុល​កិត្តិយស​ស៊ុយអែត ប្រចាំ​កម្ពុជា ហើយ​ពាក់ព័ន្ធ​នឹង ការបន្ត​ទិ​ដ្ឋា​ដល់ ប្រជាពលរដ្ឋ​ស៊ុយអែត នៅ​កម្ពុជា សម្ដេច​បាន​បញ្ជាក់ថា នឹង​ប្រមូល​ព័ត៌មាន ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ធ្វើការ​ងារ​នេះ ជាមួយ​សហការី ដើម្បី​ឆ្លើយតប ទៅ​ស្ថានទូត​។​

​ការបញ្ជាក់​របស់​សម្តេច​ក្រឡាហោម ស ខេង បានធ្វើ​ឡើង បន្ទាប់ពី​មាន​សំណើ ពី​លោក ប្យ៊​ន ហេ​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត ប្រចាំ​កម្ពុជា នៅក្នុង​ជំនួប​កាល ពី​រសៀល ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ កន្លងទៅនេះ​។​

​ឯកអគ្គរាជទូត​ស៊ុយអែត បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម ស ខេង អំពី​ការងារ ពាក់ព័ន្ធ​នឹង ការបញ្ចប់ តួនាទី​ការទូត​របស់លោក នៅ​កម្ពុជា ទន្ទឹមគ្នា​នឹង​ការធ្វើ កំណែទម្រង់ រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដែល​តម្រូវឱ្យ​ស្ថានទូត​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា បិទ​ជា​ផ្លូវការ នៅ​ខែធ្នូ ខាងមុខនេះ​។​

​លោក​បាន​បន្តថាៈ ទោះបី​ជាមាន​ការបិទ​ស្ថានទូត ប៉ុន្តែ​ប្រទេស​ស៊ុយអែត​នៅតែ បន្ត​មាន កិច្ចសហប្រតិបត្តិការ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ការងារ​ឧ​ត្ត​មសិ​ក្សា ស្រាវជ្រាវ និង​វប្បធម៌ ហើយ​ថា ការងារ​បន្ត នឹង​ទទួល​អនុវត្ត ដោយ​ស្ថានទូត​ស៊ុយអែត នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​លោក​ទូត បានលើកឡើង អំពី​សំណើ ២ ដល់​កម្ពុជា ៖ ទី​១. គឺ​ស្នើ​បង្កើត​កុងស៊ុល កិត្តិយស ដោយ​លោក បាន​បន្តថា បច្ចុប្បន្ន ស្ថានទូត​ស៊ុយអែត ប្រចាំ​ទីក្រុង​បាងកក កំពុង​រង់ចាំ​ការយល់ព្រម ពី​ភាគី​កម្ពុជា ដើម្បី​បង្កើតជា​ស្ថាន​កុងស៊ុល​កិត្តិយស ដើម្បី​សម្រួល​ដល់ ប្រជាពលរដ្ឋ​ស៊ុយអែត ដែល​កំពុងមាន​វត្តមាន នៅ​កម្ពុជា​។ ទី​២. លោក​ទូត​បាន​ជម្រាបជូន​ថា ប្រជាពលរដ្ឋ​ស៊ុយអែត នៅ​កម្ពុជា មានការ​លំបាក ក្នុង​ការបន្ត​ទិដ្ឋាការ​របស់ខ្លួន ដោយសារ​លិខិតឆ្លងដែន ជិត​ផុតកំណត់ ហើយ​ស្ថាន ទូត​នៅ​កម្ពុជា មិនអាច​ទទួល​សំណើ ធ្វើលិខិត​ឆ្លងដែន​បាន ដោយ​តម្រូវឱ្យ​ពួកគេ ត្រូវធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាងកក ដើម្បី​ដាក់សំណើ ស្នើសុំ​លិខិតឆ្លងដែន​ថ្មី ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​បាន​ជម្រាបជូន សម្ដេច​ក្រឡាហោម ស ខេង ថាៈ ជា​ដំណោះស្រាយ ស្ថានទូត​ស៊ុយអែត នៅ​កម្ពុជា បាន​អនុវត្ត​វិធានការ បណ្ដោះអាសន្ន​ដោយ​ដាក់ ចេញ​ទម្រង់ លិខិតឆ្លងដែន​ថ្មី ជូន​ពួកគាត់​។ ស្នើសុំ​ភាគី​កម្ពុជា ពិនិត្យ​លទ្ធភាព អនុញ្ញាត​បន្ត​ទិដ្ឋាការ ស្នាក់នៅ​ដល់​ពលរដ្ឋ​ស៊ុយអែត ដោយ​ទទួល​នូវ​ទម្រង់ លិខិតឆ្លងដែន​ថ្មី ដែល​បានចេញ ជា​បណ្ដោះអាសន្ន​នេះ​។

​ឆ្លើយតប​នឹង​សំណើ​ទី​១ របស់​ឯកអគ្គរាជទូត សម្ដេច​ក្រឡាហោម ស ខេង​បាន​មាន ប្រសាសន៍ថាៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​ពិនិត្យ និង​ធ្វើការ​លើ​រឿងនេះ ហើយ​ពាក់ព័ន្ធ​នឹង​សំណើ​ទី​២ សម្ដេច​បាន​បន្តថា នឹង​ប្រមូល ព័ត៌មាន ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ធ្វើការ​ងារ​នេះ ជាមួយ​សហការី ដើម្បី​ឆ្លើយតប​ទៅ​ស្ថានទូត​។​

​នាឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង អំពី​កិច្ចសហប្រតិបត្តិការ មួយចំនួន ដែល​ភាគី​កម្ពុជា និង​ស៊ុយអែត​ត្រូវ​បន្ត​ជាមួយ គ្នា​ទៀត គឺ​ការងារ​កំណែទម្រង់ ថ្នាក់ក្រោម​ជាតិ និង​ការអនុវត្ត​ច្បាប់​ផ្នែក​នគរបាល ដូចជា​ការប្រយុទ្ធប្រឆាំង បទល្មើស​ឆ្លងដែន ជាដើម​។​

​សម្ដេច បាន​មានប្រសាសន៍ថាៈ កន្លងមក ស៊ុយអែត បាន​ចូលរួម ក្នុង​ការងារ​កំណែ ទម្រង់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​កម្ពុជា ហើយ ស៊ុត​អែ​ត ជា​ប្រទេស​មាន​បទ ពិសោធន៍​ច្រើន លើ​ការងារ​កំណែទម្រង់​នេះ ពិសេស​សម្ដេច​ផ្ទាល់ ក៏បាន​អញ្ជើញ ទស្សនកិច្ច​ផ្ទាល់ នៅ​ប្រ​ទេ​ស៊ុយអែត ដើម្បី​ស្វែងយល់ លើ​ការងារ​កំណែទម្រង់​នេះ ផងដែរ​។​

​សម្ដេច​ក្រឡាហោម បាន​បន្តថាៈ សម្រាប់​កម្ពុជា ទោះ​គោលដៅ​កំណែទម្រង់ មិនទាន់​សម្រេច បាន​ទាំងស្រុង ប៉ុន្តែ​បាន​បោះ​ជំ​ហ៊ាន ទៅមុខ​ជាប្រចាំ និង​ទទួល បាន​លទ្ធផល តាម​ការរំពឹងទុក ជាក់ស្ដែង កម្ពុជា​កំពុង​រៀបចំ​ដាក់ចេញ ផែនការ ១០ ឆ្នាំ ដំណាក់កាល​ទី​២ ជុំវិញ​ការងារ​កំណែទម្រង់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ចំពោះ​ការងារ​អនុវត្ត​ច្បាប់ ផ្នែក​នគរបាល ដូចជា ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​រួមមាន ការប្រឆាំង​បទល្មើស បច្ចេកវិទ្យា បញ្ហា​គ្រឿងញៀន និង​ការប្រឆាំង​ភេ​វរ​កម្ម សម្ដេច​ក្រឡាហោម បានស្នើ​សុំ​ភាគី​ស៊ុយអែត ពិនិត្យ​លទ្ធភាព​បន្ត​ព​ង្រឹ​ការងារ​នេះ ជាមួយ​ភាគី​កម្ពុជា​បន្ថែមទៀត​។​

​ជាការ​ឆ្លើយតប ឯកអគ្គរាជទូត​ស៊ុយអែត បាន​ថ្លែងអំណរគុណ ចំពោះ​សម្ដេច ក្រឡាហោម ដែល​បានលើកឡើង អំពី​ការងារ​កំណែទម្រង់ និង​បាន​បន្តថា ស៊ុយអែត ពិត​ជាមាន​មោទកភាព ដែល​បាន​គាំទ្រ​កម្ពុជា បង្កើតជា​មូលដ្ឋាន ក្នុងការ​ធ្វើ​កំណែ ទម្រង់រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​។

​ចំពោះ​សំណើ​សម្ដេច ពាក់ព័ន្ធ​នឹង​ការពង្រឹង​បន្ថែម នូវ​កិច្ចសហប្រតិបត្តិការ ផ្នែក​នគរបាល និង​ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្ម​ឆ្លងដែន លោក​ទូត បាន​ជម្រាប​សម្ដេច​ថា នឹង​នាំ​សំណើ​នេះ ជូន​រដ្ឋាភិបាល​ស៊ុយអែត និង​បាន​អះអាងថា ការងារ​ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្ម​ឆ្លងដែន ពិត​ជាមាន​សារៈសំខាន់ ពិសេស​បទល្មើស​ឧក្រិដ្ឋកម្ម បច្ចេកវិទ្យា​៕/V​-PC