ប្រែសម្រួល : កញ្ញាដាលីស ៖ ដោយប្រកាន់យកជំហរតឹងរ៉ឹងបំផុតនៅថ្ងៃខួប ១០០ ឆ្នាំរបស់គណបក្សកុម្មុយនីស្តកាន់អំណាច ប្រធានាធិបតីចិនលោកស៊ី ជីនភីងបានសន្យានៅថ្ងៃព្រហស្បតិ៍នេះថានឹងសម្រេចឱ្យបាននូវការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនិងប្តេជ្ញាថានឹងវាយកម្ទេចរាល់ការប៉ុនប៉ងប្រកាសឯករាជ្យជាផ្លូវការសម្រាប់កោះនេះ។
ចិនចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយក្រោមការដឹកនាំរបស់លោកស៊ីបានបង្កើនការអះអាងទាមទារអធិបតេយ្យភាពរបស់ខ្លួនរួមទាំងការបញ្ជូនយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកទៅជិតកោះនេះជាញឹកញាប់។
លោកស៊ីបាននិយាយនៅក្នុងសុន្ទរកថាពីទីលានធៀនអានមេនរបស់ទីក្រុងប៉េកាំងថា”ការដោះស្រាយនូវបញ្ហាកោះតៃវ៉ាន់និងការបង្រួបបង្រួមមាតុភូមិឱ្យបានពេញលេញគឺជាកិច្ចការប្រវត្តិសាស្ត្រដែលមិនធ្លាប់មានរបស់បក្សកុំម្មុយនីស្តចិននិងជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនចិន”។
“កុលបុត្រកុលធីតាទាំងអស់របស់ចិនរួមទាំងជនរួមជាតិនៅសងខាងច្រកសមុទ្រតៃវ៉ាន់ត្រូវតែរួមគ្នានិងឆ្ពោះទៅមុខរួមគ្នាដោយសាមគ្គីភាពដោយកម្ទេចចោលដាច់ខាតនូវផែនការឯករាជ្យរបស់កោះតៃវ៉ាន់”។
ខណៈចិនមិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីយកកោះតៃវ៉ាន់ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន លោកស៊ីបានអំពាវនាវឱ្យមានដំណើរការនៃ “ការបង្រួបបង្រួមគ្នាដោយសន្តិវិធី”។
ទោះយ៉ាងណាលោកបាននិយាយថាគ្មាននរណាម្នាក់អាចមើលស្រាលការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជនចិននិងសមត្ថភាពខ្លាំងក្លារបស់ខ្លួនក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីបាននោះឡើយ។
ក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ខ្លួនកំពុងធ្វើការងារលើការឆ្លើយតបទៅនឹងអត្ថាធិប្បាយរបស់លោកស៊ី។
ចិនជឿថាប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវិន គឺជាជនផ្តាច់ខ្លួននិយម ដែលចង់ប្រកាសឯករាជ្យ។ លោកស្រីនិយាយថា តៃវ៉ាន់គឺជាប្រទេសឯករាជ្យរួចទៅហើយ ដែលមានឈ្មោះដើមផ្លូវការថា សាធារណរដ្ឋចិន៕
លោកស៊ីចូលរួមខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុំម្មុនីស្តចិននៅថ្ងៃព្រហស្បតិ៍នេះ