ដោយ ៖ ភ្នំ​សន្ទុក​-​ភ្នំ​ស្វាយ / កំពង់ធំ​៖ រដ្ឋបាលខេត្ត​កំពង់ធំ បានសម្រេច​បិទ ១​ថ្ងៃ ផ្សារ​ចំនួន ២ ក្នុង​ខេត្ត ដើម្បី​បាញ់ថ្នាំ សម្លាប់​មេរោគ ដោយសារតែ​មានការ​ព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ គ្រប់រូប ក្នុង​ខេត្ត ដែល​បាន​នឹង​កំពុង រង​ផលប៉ះពាល់ ពី​ការរីក​រាលដាល​ខ្លាំង នៃ​ជំងឺ​កូ​វីដ -១៩ ។​

​នេះ​បើតាម​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​ប្រាប់​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ នេះ ។​

​លោក​បាន​មានប្រសាសន៍ថាៈ ដូច្នេះហើយ រដ្ឋបាលខេត្ត​កំពង់ធំ សម្រេច​បិទ ១ ថ្ងៃ នូវ​ផ្សារ​ចំនួន ២ ទីតាំង ដើម្បី​យក​ថ្នាំ បាញ់សម្លាប់​មេរោគ អោយអស់​ស្អាត​សិន ដើម្បី​បញ្ចៀស ការរីក​រាលដាល ឆ្លង​មេរោគ​កូ​វីដ​១៩ ចូល​សហគមន៍ បន្ថែមទៀត ។ ហេតុនេះ សូម​បងប្អូន​អាជីវករ និង​អតិថិជន​ទាំងឡាយ មេត្តា​យោគយល់​ហើយ​ចូលរួម អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ និង​២ អនុវត្ត ។ នេះ​ជា​ចំណាត់ការ​មួយ​របស់​រដ្ឋបាល ខេត្ត ដើម្បី​ជួយ​បង្ការ ការពារ ទប់ស្កាត់ កុំអោយ​មេរោគ​នេះ កាន់តែ​រីក​រាលដាល បន្ថែមទៀត ។​

​ចំណែក លោក ម៉ាក់ ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន បាន​ប្រាប់ថាៈ ក្រោយពី​អាជ្ញាធរ បានទទួល​ព័ត៌មាន​ថា មាន​ស្ត្រី​ម្នាក់ ដែលជា​អ្នក​រាប់​លុយ នៅក្នុង​ផ្សារ​កំពង់ធំ និង​ផ្សារ​ក្រុង​ស្ទឹងសែន មាន​វិជ្ជមាន​មេរោគ​កូ​វីដ ១៩ ដូច្នេះហើយ ក្នុងនាម​រដ្ឋបាល ក្រុង​ស្ទឹងសែន សូម​អំពាវនាវ​ដល់ បងប្អូន​អាជីវករ ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ នឹង​ស្ត្រី​ខាងលើនេះ ប្រញាប់​មក​ធ្វើតេស្ត​សំណាក​ជាបន្ទាន់​។ ចំណែក​បងប្អូន ប៉ះពាល់ ដោយ​ប្រយោល ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់គ្នា នៅតាម​ផ្ទះ​រៀងខ្លួន រយៈពេល ១៤ ថ្ងៃ ។​

​លោក​បាន​បន្តទៀតថាៈ នៅវេលា​ម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ តទៅ នឹង​ចាប់ផ្ដើម​ដំណើរការ បិទ​បណ្តោះអាសន្ន​ផ្សារ ខាងលើនេះ ចំនួន ១ ថ្ងៃ ដើម្បី​បាញ់ សម្លាប់​មេរោគ នៅ​ទូទាំង​ផ្សារ ហើយ​នា​ព្រឹក​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ ស្អែក ផ្សារ​ទាំង ២ នឹង​បើក​អោយ​បងប្អូន​អាជីវករ ទាំងអស់ វិល​មក​បើក​លក់ដូរ ជាធម្មតាឡើងវិញ ៕/V​-PC