​ដោយៈ វ៉ៃ​កូ / ស្វាយរៀង​៖ លោក សេង សីលា អភិបាលរង​ខេត្ត និង​ជា​តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​វ៉ាន ទឹកស្អាត ជា​និមិត្តរូប នៃ​ការចាប់ផ្ដើម ផលិត​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ ប្រើប្រាស់ នៅក្នុង​តំបន់​សេវាកម្ម ចំនួន ២ ឃុំ​គឺៈ ឃុំ​ញរ និង​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ដែលជា​គម្រោង​ជំនួយ ឥត​សំណង ក្រោម​កិច្ច​សហ ប្រតិបត្តិការ រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​កម្មវិធី​វិនិយោគ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ហៅ​កាត់​ថា (3i) របស់​ប្រទេស អូស្ដ្រាលី​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ រួមមាន លោក ឡុង សុខុម ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​, លោក​អភិបាល ស្រុក​កំពង់រោទិ៍​, លោកនាយ​ករង ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​, លោក​មេឃុំ​ញរ និង​ឃុំ​ខ្សែ​ត្រ​, មេភូមិ​ញរ និង​ម្ចាស់​ស្ថានីយ​ទឹកស្អាត ។

​លោក ឡុង សុខុម បានអោយដឹងថាៈ រោងចក្រ​ផលិត ទឹកស្អាត​ថ្មី​នេះ មាន​ទីតាំង​ស្ថិត នៅក្នុង​ភូមិ​រោទិ៍ ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង មាន​សមត្ថភាព ផលិត​ទឹកស្អាត បាន ២.៨៨០ ម៉ែត្រត្រីគុណ ក្នុង​មួយថ្ងៃ ផ្គត់ផ្គង់​ទឹកស្អាត តាម​បំពង់ ២៤ / ២៤ ម៉ោង ជូន​ប្រជាពលរដ្ឋ ប្រមាណ ៥.០០០ គ្រួសារ នៅក្នុង ២០ ភូមិ នៃ​ឃុំ​ញរ និង​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។

​បន្ទាប់ពី​ធ្វើការ​បើក​វ៉ាន​មេ បញ្ជូន​ទឹកស្អាត ពី​រោងចក្រ រួចមក លោក​អភិបាលរង​ខេត្ត និង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​បើក​វ៉ាន​ប្រើប្រាស់​ទឹក តាម​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ៥ គ្រួសារ ស្ថិតក្នុង​ភូមិ​រោទិ៍ ឃុំ​ញរ និង​វ៉ាន​ទឹក​ប្រើប្រាស់ សាធារណៈ នៅក្នុង​វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ និង​ទីស្នាក់ការ គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កំពង់រោទិ៍ ព្រមទាំង​បាន​សំណេះសំណាល ដោយបាន​នាំមក​នូវ បណ្តាំ​ផ្ញើ​សួរសុខទុក្ខ​របស់លោក អភិបាលខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់ គិតគូរ​ដល់​សុខទុក្ខ របស់​ប្រជាពលរដ្ឋ ជាពិសេស​នៅក្នុង​ស្ថានភាព នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩​នេះ​។

​លោ​អភិបាលរង​ខេត្ត ក៏បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទាំងអស់គ្នា ក្នុងការ​ទប់ស្កាត់ ការចម្លង​មេរោគ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ ៣​កុំ ៣​ការពារ របស់​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរ​ដ្ខា​ភិ​បាល​។

​ក្នុងឱកាស​នោះ លោក​អភិបាលរង​ខេត្ត ក៏បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ដែលជា​អំណោយ ដ៏​ថ្លៃថ្លា របស់លោក​អភិបាលខេត្ត ដល់​បងប្អូន​ប្រជាពលរដ្ឋ លោក​មេភូមិ លោកនាយក វិទ្យាល័យ និង​មន្ត្រី​ប្រចាំការ ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កំពង់រោទិ៍​៕/V​-PC