ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​កក្កដា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អំពាវនាវ​ឱ្យមាន​ការត្រួតពិនិត្យ​ឱ្យបាន​កាន់តែ​ប្រសើរ​អំពី​ការប្រកួត​បាល់ទាត់​យូរ៉ូ ២០២០ ខណៈ​ករណី​ឆ្លងកូវី​ដ​កើនឡើង​ជា​ថ្មី​ម្តងទៀត​នៅ​ទ្វីបអឺរ៉ុប ដែល​ជំរុញ​ដោយ​មេរោគ​កូរ៉ូ​ណាបំ​ប្លែងខ្លួន Delta ដែល​កំពុង​ឆ្លង​រាលដាល​នៅ​ជុំវិញ​ពិភពលោក​។​

​ករណី​ឆ្លង​រាប់រយ​ត្រូវបាន​រកឃើញ​ក្នុងចំណោម​អ្នកទស្សនា​ដែល​ចូលរួម​ការប្រកួត​យូរ៉ូ​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប ដោយ​អ្នក​ផ្ទុក​មេរោគ Delta ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​កូ​ប៉ិន​ហាក​ហើយ​ជនជាតិ​ស្កុត​ឡែន​​និង​ហ្វាំង​ឡ​ង់​ដែល​ឆ្លង​មេរោគ​នេះ​បាន​ត្រឡប់​ពី​ទីក្រុង​ឡុង​ដ៍​និង​សេន​ភី​ត​ធឺ​ស្បឺក​ទៅ​ប្រទេស​កំណើត​រៀងៗ​ខ្លួន​។​

​រុស្ស៊ី​បានប្រកាស​ពី​ការស្លាប់​ដោយកូវី​ដ​ខ្ពស់​បំផុត​រយៈពេល ៣ ថ្ងៃ​ជាប់ៗ​គ្នា​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​នៅ​ចក្រភព​អង់គ្លេស​ដែល​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​វគ្គ​ផ្តាច់ព្រ័ត្រ​​យូរ៉ូ​នៅ​សប្តាហ៍​ក្រោយ ការឆ្លង​បាន​កើនឡើង​យ៉ាង​ខ្លាំង​ទោះបីជា​មាន​ការជំរុញ​ចាក់​វ៉ាក់សាំង​យ៉ាង​ខ្លាំងក្លា​យ៉ាងណាក៏ដោយ​។​

​លោក​ហាន់ គ្លូក នាយក WHO ប្រចាំ​អឺរ៉ុប បាន​ប្រាប់​សន្និសីទកាសែត​ថា “​ច្បាស់​ជា​មាន​រលក​ថ្មី​មួយទៀត​នៅក្នុង​តំបន់​អឺរ៉ុប​របស់ WHO លុះត្រាតែ​យើង​នៅ​មាន​វិន័យ​”​។​

​លោក​បាន​ព្រមាន​ថា តំបន់​អឺរ៉ុប​មាន​ការកើនឡើង ១០ ភាគរយ​ក្នុងករណី​ឆ្លងកូវី​ដ​កាលពី​សប្តាហ៍​មុន “​ដែល​ជំរុញ​ដោយ​ការកើនឡើង​ការ​លាយ​បញ្ចូល​គ្នា​នៃ​ការធ្វើដំណើរ ការប្រមូលផ្តុំ​គ្នា និង ការបន្ធូរបន្ថយ​លើ​ការ​រឹតបន្តឹង​សង្គម​”​។​

​នៅពេល​សួរ​ថា​តើ​ការប្រកួត​យូរ៉ូ​អាច​ដើរតួ​ជា​ព្រឹត្តិការណ៍ “​ចម្លង​រាលដាល​យ៉ាងខ្លាំង​” ឬ​យ៉ាងណា លោកគ្លូ​ក​បាន​ឆ្លើយតបថា “​ខ្ញុំ​សង្ឃឹមថា​មិនមែន​ទៅ​ចុះ​…​ប៉ុន្តែ​រឿង​នេះ​មិន​អាច​ទាត់ចោល​បានឡើយ​”៕

WHO មិន​ទាត់ចោល​នោះ​ឡើយ​នូវ​គំនិត​ដែល​ថា យូរ៉ូ​ជា​ព្រឹត្តិការណ៍​ចម្លង​រាលដាល​មេរោគ​កូរ៉ូណាដ៏​ខ្លាំងក្លា