ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង រាជធានី ភ្នំពេញ និង​លោក សឿ ឡងឌី ជា​តំណាង​អយ្យការ នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ បានសម្រេច បើកសវនាការ​ជំនុំជម្រះ លើ​ជន​ជាតិចិន ចំនួន ៣ នាក់ ជាប់ចោទ​ពីបទ កំហែង​យក​មាន​ស្ថាន ទម្ងន់ទោស ដោយសារ​ការប្រើ​អាវុធ ( ចាប់​ជនរងគ្រោះ ដាក់​ខ្នោះដៃ និង​ប្រើប្រាស់ ឧបករណ៍​ឆក់ ជំរិត​ទារប្រាក់ ) ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា បើករថយន្ត បុក បណ្តាល​ឲ្យ​ខូចខាត រថយន្ត ២ គ្រឿង និង​បុក​របង​ផ្ទះ បណ្តាល​ឲ្យ​ខូចខាត និង​ប្រើប្រាស់​ឯកសារ សាធារណៈ​ក្លែង ( ពាក់​ស្លាក​លេខ រថយន្ត ដោយ​គ្មាន​សិទ្ធិ ) ជំរិត​ទារប្រាក់ ១០ ម៉ឺន​ដុល្លារ ។

​ជនជាប់ចោទ ជា​បុរស​ជនជាតិ​ចិន ចំនួន ៣ នាក់​នោះ រួមមានៈ ១. ឈ្មោះ ចម ជី ង មីង ( ZHAO-JIANMING ) អាយុ ៣៥ ឆ្នាំ ស្នាក់នៅ​ម្ដុំ ខាងក្រោយ​ក្រសួងការពារជាតិ , ២. ឈ្មោះ XIAO-ZEAN អាយុ ៣២ ឆ្នាំ កាន់​លិខិតឆ្លងដែន លេខ EA- 2019587 ស្នាក់នៅ​ម្ដុំ​កោះ​ពេជ្រ មុខរបរ​មិន​ពិតប្រាកដ និង ៣. ឈ្មោះ HU FENGWEN អាយុ ៣១ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល លេខ​១៥ ផ្លូវ​លេខ ០៣ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ រកស៊ី​ខាង​រ៉ែ​មាស​។​

​សូមបញ្ជាក់ថា ជនជាប់ចោទ ទាំង ៣ នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ចំណុច ក្នុង​បន្ទប់​លេខ ៩០២ ជាន់​ទី​៩ សណ្ឋាគារ ហាយ ហៀ​ង មីង​ជូ ផ្លូវ​លេខ ២៧៨ ភូមិ​៥ សង្កាត់​បឹង​កេងកង ទី​១ ខណ្ឌ បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ២១:២០ នាទី ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច ដកហូត​វត្ថុតាង ចាប់យក រួមមានៈ
១.​រថយន្ដ ចំនួន ១ គ្រឿង ម៉ាក HILUX REVO ពណ៌ ស្ករ ( របស់​បក្ខពួក​ជនសង្ស័យ រត់គេចខ្លួន ) ។​
២. ទូរស័ព្ទ​ចំនួន ២ គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស​, លុយ​ចំនួន ៣២៦ ដុល្លារ​, ប័ណ្ណ​ព័ត៌មាន ( CTN TV) , ដំបងឆក់ ចំនួន ២ និង​គ្រាប់ ចំនួន​១, ប័ណ្ណ សម្គាល់​រថយន្ដ ១ និង​កាត​ធនាគារ ១ (ATM – ABA BANK) , ខ្នោះដៃ ២, ក្រណាត់ ពណ៌​ខ្មៅ ចំនួន ៤ សម្រាប់​គ្រប​មុខ របស់​ឈ្មោះ ZHAO JIANMING) ។​
៣. ទូរស័ព្ទ ចំនួន ២ គ្រឿង ម៉ាក IPhone 6 ពណ៌​ខ្មៅ​និង​ស​, លុយ​ចំនួន ១៣ ដុល្លារ និង​ប្រាក់​ខ្មែរ ចំនួន ៤.២០០ រៀល​, លិខិតឆ្លងដែន ចំនួន​១ លេខ EA 2019587 , Power Bank ពណ៌​ស ម៉ាក Romoss, កូនសោរ​មួយ​ចង្កោម និង​កាបូប​ខ្មៅ ចំនួន​១ ជា​របស់​ឈ្មោះ XIAO ZEAN ។

​ចំណែក ជនរងគ្រោះ មានឈ្មោះ Lin Wei Xian ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣១ ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយ លៀង មីង ជូ ផ្ទះ​លេខ​៨ ផ្លូវ ២៧៨ ភូមិ ៥ សង្កាត់​បឹង កេងកង ទី​១ ខណ្ឌ​បឹង កេងកង រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ខារ៉ាអូខេ​។

​ក្រោយពី​បញ្ចប់​សវនាការ សួរដេញដោល លើ​ជនជាប់ចោទ រួចរាល់​ហើយ លោក​ចៅក្រម សម្រេច កំណត់​យក ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៨ ព្រឹក ដើម្បី​ធ្វើការ​ប្រកាស​សាលក្រម​៕/V​-PC