ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អាជ្ញាធរ​ស្រុក​មង្គល​បូរី និង​ឃុំ​សឿ បាន​បើក​ផ្សារ ហ៊ុយ​ឡេង សឿ នៅ​ឃុំ​សឿ ស្រុក​មង្គល​បូរី ឱ្យ​អាជីវករ​លក់ដូរ​ឡើងវិញ ក៏ដូចជា​បង្ក លក្ខណៈ​ងាយស្រួល អោយ​បងប្អូន​ប្រជាពលរដ្ឋ ឬ​អតិថិជន អាច​ចេញ ចូល​ទិញ និង​ដោះដូរ​ទំនិញ ក្រោយពេល​បិទ​ខ្ទប់ ១៤ ថ្ងៃ ហើយ​អ្នកជំងឺ​កូ​វីដ​១៩ និង​អ្នកពាក់ព័ន្ធ បានជា​សះស្បើយ​នោះ ។​

​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី និង​លោក ជា ទី មេឃុំ​សឿ ព្រមទាំង​ក្រុមការងារ បាន​អញ្ជើញ​កាត់​ខ្សែ​របាំង បិទ​ខ្ទប់​ផ្សារ និង​បរិវេណ​ជុំវិញ ផ្សារ​នោះ កាលពី​ល្ងាច​ថ្ងៃទី​១ ខែកក្កដា ហើយ​ផ្សារ​នេះ បាន​ដំណើរការ ជា​ប្រក្រតី​វិញ​ហើយ នៅ​ព្រលឹម​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២១ នេះ ។​

​លោក​អភិបាលស្រុក បាន​បន្តថាៈ ការសម្រេច​បើក​ផ្សារ​ហ៊ុយ ឡេង សឿ ឡើងវិញ​នេះ ដោយសារ​អាជ្ញាធរ​ឃុំ ភូមិ មណ្ឌល​សុខភាព ម្ចាស់​ផ្សារ និង​បងប្អូន​អាជីវករ បាន​អនុវត្ត​វិធានការ​នានា ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ ១៩ ហើយ​អ្នកជំងឺ​កូ​វីដ ១៩ ចាស់ បានជា​សះស្បើយ ហើយក៏​មិនមាន អ្នក​វិជ្ជមាន​ថ្មី ជំងឺ​កូ​វីដ ១៩ ក៏​ទេ​ដែរ​។​

​សូម​រំលឹកថា រដ្ឋបាល​ស្រុក​មង្គល​បូរី បានចេញ​សេចក្តី​ដំណឹង នា​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ បិទ​ទាំងស្រុង​ផ្សារ​ហ៊ុយ ឡេង​សឿ នេះ បន្ទាប់ពី​មាន​អាជីវករ លក់ដូរ​បន្លែ ចំនួន ៣ នាក់ និង​សាច់ញាតិ នៅផ្ទះ​របស់​ពួកគេ ៤ នាក់​ទៀត រកឃើញ​វិជ្ជមាន​កូ​វីដ ១៩ ដោយ​មន្ទីរ​ពហុ​ព្យាបាល ទេវិន្ទ​រក្សាសុខ ក្រុង​សិរីសោភ័ណ ពោលគឺ​ពេល​ពួកគេ បាន​ទៅ​ព្យាបាល​ជំងឺ​ផ្សេង នៅ​ទីនោះ ។

​ទោះជា​យ៉ាងណា អាជ្ញាធរ និង​មន្ត្រី​ជំនាញ បានស្នើ​ម្ចាស់​ផ្សារ អាជីវករ ពលរដ្ឋ និង​អ្នកពាក់ព័ន្ធ ត្រូវ​បន្ត​អនុវត្ត​វិធាន ៣​កុំ ៣​ការពារ និង ២ អនុវត្ត ដើម្បី​បង្ការ​ការពារ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ។​

​បើ​យោង​មេឃុំ​សឿ បានអោយដឹងថាៈ ផ្សារ​ហ៊ុយ ឡេង​សឿ នេះ បម្រើអោយ​ពលរដ្ឋ នៅ​ឃុំ​សឿ ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ និង​ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​៕/V​-PC