ដោយៈ សុផល / ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ ស្តីពី «​ការ​ស្តារឡើងវិញ វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ វិបត្តិ​ជំងឺ​កូ​វីដ​-១៩» កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ ដោយមាន​ផ្សាយ​ផ្ទាល់ លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម ក្នុង​កិច្ចពិភាក្សា ពី​វាគ្មិន​ជាតិ និង​អន្តរជាតិ មកពី​ស្ថាប័នរដ្ឋ ឯកជន តំណាង​ការិយាល័យ​សម្របសម្រួល​ទេសចរណ៍ មេគង្គ និង​ភាគី​ពាក់ព័ន្ធ តាម​ប្រព័ន្ធ​វីដេអូ​។​

​សិក្ខាសាលា ធ្វើឡើង​ក្នុង​គោលបំណង ផ្លាស់ប្តូរ​បទពិសោធន៍ និង​ព័ត៌មាន ពី​គ្រប់ភាគី​ពាក់ព័ន្ធ លើ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ទិសដៅ​របស់​អង្គភាព និង​ស្ថាប័ន​នានា ក្នុងការ​ផ្លាស់ប្តូរ បញ្ហា​ប្រឈម បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ ឱ្យក្លាយ​ទៅជា​ឱកាស ក្នុង​វិស័យ​ទេសចរណ៍ ជាពិសេស​ជំរុញ ការអនុវត្ត​ផែនទី ចង្អុល​ផ្លូវ ស្តីពី​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ក្នុង​និង​ក្រោយ វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២១-២០២៥ ដែល​រាជរដ្ឋាភិបាល បានដាក់ចុះ​។​

​លោក ថោង រដ្ឋ​ស​ក្កិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បានលើកឡើង ថា សិក្ខាសាលា​នេះ គឺ​បាន ចែករំលែក អំពី​ផែនការ ស្ដារ​វិស័យ ទេសចរណ៍ ឡើងវិញ ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩ ដល់​សាធារណជន វិស័យ​ឯកជន ដៃគូ និង​ភាគី​ពាក់ព័ន្ធ ទាំងអស់ ដើម្បី​ចូលរួម​អនុវត្ត សម្រាប់​ឆ្នាំ ២០២១-២០២៥ ខាងមុខ បាន​យ៉ាង​ល្អប្រសើរ ជាពិសេស​ទទួលបាន ភាព​ចូល​ថ្មីៗ​បន្ថែម លើ​ការអភិវឌ្ឍ សហគ្រិនភាព ការ​រ​ជំរុញ​បច្ចេកវិទ្យា ក្នុង​វិស័យ​ទេសចរណ៍ និង​ទស្សនទាន​របស់ សមាគម​ឧស្សាហកម្ម ទេសចរណ៍ ក្នុងការ​ស្តារ​វិស័យ​ទេសចរណ៍ ក្រោយ​វិបត្តិ​។​

​លោក ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ បានលើកឡើង បង្ហាញ​ពី​ការគាំទ្រ​របស់ សហគ្រិនភាព នៅក្នុង​វិស័យ ទេសចរណ៍ តាមរយៈ​កិច្ច សហប្រតិបត្តិការ ថ្មីៗ ជាមួយនឹង​វិស័យ ទេសចរណ៍ ដោយ​ផ្តោត​សំខាន់ ទៅលើ​ការជំរុញ​សហគ្រិនភាព ក្នុង​វិស័យ​ទេសចរណ៍ នៅក្នុង​តំបន់ឆ្នេរ ក៏ដូចជា ផែនការ​បណ្តុះបណ្តាល ផ្នែក​ទេសចរណ៍ ទៅក្នុង​សហគមន៍​ផងដែរ​។​

​លោក Federic H. Proulx នាយក​ប្រតិបត្តិ Wonderpass technology ក៏បាន​លើកឡើង ពី​ជំហរ យ៉ាង​មុតមាំ នៅក្នុង​កា​វិនិយោគ លើ​វិស័យ​បច្ចេកវិទ្យា ការទូទាត់​រហ័ស និង​ងាយស្រួល នៅក្នុង​វិស័យ​ទេសចរណ៍ នៅ​កម្ពុជា ទោះបីជា​ប្រទេស​កម្ពុជា កំពុងស្ថិត​នៅក្នុង​ដំណាក់កាល នៃ​ការ​ស្តារឡើងវិញ នៃ​វិស័យ​ទេសចរណ៍ ក៏ដោយ​។ លោក​រំពឹងថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា នឹងមាន​ការ​រូ​ក​ចំរើន​ខ្លាំង នៅក្រោយ​វិបត្តិ កូ​វីដ​១៩ ហើយ​ប្រព័ន្ធ នៃ​ការទូទាត់​រហ័ស​របស់​លោក នឹងចូលរួម​ចំណែក យ៉ាងសំខាន់ មិន​ត្រឹង​តែ​ទូទាត់​រហ័ស​ទេ និង​អាច​ឈានដល់ ការគ្រប់គ្រង ព្រិ​ត្តិ​ការណ៍​ទេសចរណ៍ កីឡា​ទេសចរណ៍ និង​ការគ្រប់គ្រង ការ​ទស្សនា​ផ្សេងៗ​។​

​សូម​បញ្ជាក់ដែរថា សិក្ខាសាលា បាន​បែងចែក​កិច្ចពិភាក្សា លើ​ប្រធានបទ​សំខាន់ៗ ចំនួន​២ រូប​មាន​៖
*​ទី​១៖ ផែនការ​ស្តារឡើងវិញ​វិស័យ​ទេសចរណ៍ ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ដោយមាន​វាគ្មិន​កិត្តិយស មកពី​ក្រសួងទេសចរណ៍ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វ័ន​ឌឺ​ផាស អតីត​នាយក​ប្រតិបត្តិ ការិយាល័យ​សម្របសម្រួល ទេសចរណ៍​មេគង្គ និង​ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​។​

​កិច្ចពិភាក្សា បាន​រំលេច​ពី​ការ​ផែនការ ស្តារ​ទេសចរណ៍​ឡើងវិញ​នៅក្នុង​កម្រិត​មហា អនុតំបន់​មេគង្គ និង​នៅ​កម្ពុជា ការចូលរួមចំណែករ​បស់ វិស័យ​ឯកជន​លើ​ការអនុវត្ត ផែនការ ស្តារ​វិស័យ​ទេសចរណ៍ និង​ការត្រៀមខ្លួន​របស់ ភាគី​ពាក់ព័ន្ធ​សម្រាប់​ចាប់ យក​ឱកាស ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស កិច្ចពិភាក្សា​ក៏បាន​ផែនការ​ទទួល កញ្ចប់ ទេសចរណ៍ ចាក់​វ៉ាក់សាំង នៅ​អំឡុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ ដែល​ក្រសួង ទេសចរណ៍ កំពុង​រៀបចំ ការជំរុញ​ការផ្សព្វផ្សាយ ទេសចរណ៍​រួមគ្នា នៅក្នុង​មហា អនុតំបន់​មេគង្គ និង​ការជំរុញ​ការអភិវឌ្ឍន៍​សហគ្រិន​ភាព ក្នុង​វិស័យ​ទេសចរណ៍​។​

២៖ ការជំរុញ​បច្ចេកវិទ្យា ឌីជីថល លើ​ការទូទាត់​រហ័ស នៅក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ដោយមាន ការចូលរួម ពី​តំណាង​វិស័យ​ឯកជន សមាគម​ឧស្សាហកម្ម​ទេសចរណ៍ និង​តំណាង​មជ្ឈមណ្ឌល​កម្ពុជា ៤.០ ។​

​កិច្ចពិភាក្សា បាន​រំលេច​ពី​ភាពចាំបាច់ នៅក្នុង​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា ទូទាត់​រហ័ស និង​ងាយស្រួល និង​ការគ្រប់គ្រង​ការ​ទស្សនា ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ក្នុងនោះ វិស័យ​ឯកជន ជា​ភាគី សំខាន់ ក្នុង​ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ និង​នាវា​នុ​វត្ត​ន៍ សំដៅ​សម្រួល​ដំណើរ​ទេសចរ តាំង​ការចាប់ផ្តើម​ដំណើរ រហូតដល់​បញ្ចប់​ដំណើរ របស់​ទេសចរ​។ បច្ចេកវិទ្យា​ទូទាត់​រហ័ស និង​ងាយស្រួល គឺមាន​ភាពចាំបាច់ ក្នុងដំណាក់កាល នៃ​ការរីក​រាលដាល នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ សំដៅ​កាត់បន្ថយ​ការ ប្រើប្រាស់ ក្រដាសប្រាក់ និង​មាន​ភាពងាយស្រួល ក្នុងការ​ទូរ​ទាត់​គ្រប់គ្រង​ចរន្ត សាច់ប្រាក់ និង​មាន​សុវត្ថិភាព​៕/V​-PC