​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ថ្ងៃនេះ​ការប្រកួត​យូរ៉ូ ២០២០ ឈាន​ដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដោយមាន​២​គូប្រកួត​គ្នា​ដូចខាងក្រោម ៖

– ស្វីស vs អេ​ស្ប៉ាញ (​កីឡដ្ឋាន Gazprom Arena ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺក រុស្ស៊ី​)

​ក្រុម​ជម្រើសជាតិ​ស្វីស​បាន​បង្ហាញ​នូវ​ភាព​តស៊ូ​អត់ធន់​គួរឱ្យកត់សម្គាល់​ដើម្បី​យកឈ្នះ​លើ​គូ​ប្រជែង​ខ្លាំង​ជាង​ខ្លួន​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។​

​ចាប់​គូ​ប៉ះ​ចំ​ម្ចាស់​ជើងឯក​វើល​ខាប់​បារាំង ពួកគេ​បាន​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ជាមួយ​មាន់គក​បារាំង​មិន​ព្រម​ចុះចាញ់​រហូត​វិនាទី​ចុងក្រោយ​។ ពួកគេ​បាន​រក​គ្រាប់​បាល់​នាំមុខ​បារាំង​មុន​រហូត​ដល់​ចប់​តង់​ទី ១ ។​

​នៅ​ប៉ុន្មាន​នាទី​បើកឆាក​ដំបូង​នៃ​តង់​ទី ២ ស្វីស​មានឱកាស​នាំមុខ​២-០​ដោយ​បាល់​ប៉េណាល់​ទី ហើយ​បិទ​យក​លទ្ធផល​នេះ​រហូតដល់​ចប់​តង់​។ ទោះយ៉ាងណា អ្នកចាំទី​យូ​ហ្គោ ឡូរី​ស បាន​សង្គ្រោះ​បាល់​នោះ ហើយ​បន្ទាប់មក​ភ្លាមៗ​ខ្សែប្រយុទ្ធ​បារាំង ការី​ម បិ​ន​សេ​ម៉ា បាន​ស៊ុត​ចូល​ពីរ​គ្រាប់​សង​វិញ​យ៉ាង​លឿន​។​

​បារាំង​ហាក់​ឈ្នះ​ការប្រកួត​យ៉ាង​ងាយស្រួល​ទៅហើយ ពេល ផូល ផុ​កបា ដាក់​មួយ​ជើង​លឿន​ដូច​រន្ទះ នាំមុខ​ស្វ៊ី​ស ៣-១ ខណៈ​សល់​តែ ១៥ នាទី​ទៀត​នឹង​ចប់​តង់​ទី​២​។​

​ទោះយ៉ាងណា កូនក្រុម​របស់​វ្ល៉ា​ឌី​មៀរ ប៉េ​ត​កូ​វី​ក បាន​រៀប​ក្បួន​លេង​ឡើងវិញ ហើយ​វាយបក​តាម​ស្មើ ៣-៣​។ វា​ពិតជា​រឿង​មិន​ធម្មតា​ទេ ដែល​ស្វ៊ី​សអាច​ទម្លុះ​សំណាញ់​ទី​របស់​បារាំង​នៅ​ចុង​ម៉ោង​បាន​២​គ្រាប់ ទោះបី​បារាំង​សម្បូរ​ទៅដោយ​កីឡាករ​លំដាប់​ពិភពលោក​ពេញ​តារាង​ក៏ដោយ​។​

​ការ​តាម​ស្មើ​ប្រកបដោយ​ទំនុកចិត្ត​នេះ​បាន​ជួយ​ពួក​គេ​បិទ​បាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​ថែម​ម៉ោង ៣០ នាទី ហើយ​ពួកគេ​ក៏​ឈាន​ដល់​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​យកឈ្នះលើ​បារាំង​តែម្តង​។​

​ទន្ទឹមនឹងនេះ អេ​ស្ប៉ាញ​ភ័យ​ខ្លួន​មិន​ស្ទើរ​ទេ ដែល​ទីបំផុត​អាច​យកឈ្នះ​ក្រុម​ជើងឯក​រងវើ​លខាប់ ក្រូ​អាស៊ី ទាំង​ត្រដាបត្រដួស​។ គោ​ជល់​អេ​ស្ប៉ាញ​មិន​ត្រឹមតែ​ស៊ុ​តចូល​ទី​ខ្លួនឯង​យ៉ាង​ខ្ជីខ្ជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ពួកគេ​ថែម​ទាំង​អនុញ្ញាតឱ្យ​ការប្រកួត​ឈានដល់​ការបន្ថែម​ម៉ោង​៣០​នាទី ក្រោយ​ក្រូ​អាស៊ី​ស៊ុត​តាម ៣-៣ នៅ​ចុង​ម៉ោង​។​

​ទោះយ៉ាងណា ក្នុងពេល​ថែ​ម៉ោង ៣០ នាទី គោ​ជល់បាន​បង្ហាញឱ្យឃើញ​ភាពខ្លាំង​របស់ខ្លួន​ដូច​កាលពី ១០ ឆ្នាំមុន​។ ក្រូ​អាស៊ី​ស្ទើរតែ​មិន​បាន​ប៉ះបាល់​សោះ​នៅក្នុង​ការ​ថែម​ម៉ោង​នេះ ហើយ​កូនក្រុម​របស់​លោក​ល្វីស អិន​រីកេ បាន​ស៊ុត​ចូល​បន្ថែម​២​គ្រាប់​ទៀត ដោយ​ឈ្នះ​ក្នុង​លទ្ធផល​សរុប ៥-៣​។​

​អេ​ស្ប៉ាញ​ចូលម​កការប្រកួ​តថ្ងៃ​នេះ​ដោយ​ក្តី​សង្ឃឹម​យ៉ាង​ខ្ពស់បំផុត ព្រោះ​ព័រ​ទុយ​ហ្គាល់​និង​បារាំង​បាន​វេច​បង្វិច​ទៅផ្ទះ​អស់រលីង​ទៅហើយ ហើយ​ផ្លូវ​ឆ្ពោះ​ទៅ​រកពាន​យូរ៉ូ​សម្រាប់អេ​ស្ប៉ាញ​ឥឡូវ​នេះ​គឺ​មើលឃើញ​កាន់​ច្បាស់​ទៅៗ​។ ហើយ​លើសពីនេះ​ទៀត គូ​ខ្វែង​ដែល​អេ​ស្ប៉ាញ​រំពឹង​ជួប​ខ្ពស់​បំផុត​គឺ​អង់គ្លេស ក្រោយ​ពួកគេ​ផ្តួល​អាល្លឺម៉ង់​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

​ប្រាកដ​ណាស់ អេ​ស្ប៉ា​ញនឹង​ស៊ុត​១០០​ៗ​នៅថ្ងៃនេះ ដើម្បី​ប្រា​ដក​ថា ពួកគេ​យក​ឈ្នះ​ស្វ៊ី​ស​បាន​សម្រេច និង​មិន​ឱ្យ​ភ្លាត់ស្នៀត​ដូច​លេង​ទល់​នឹងក្រូ​អាស៊ី​។​

​ទន្ទឹមនឹងនេះ​ដែរ ស្វ៊ី​ស​បាន​បង្ហាញថា​ពួកគេ​មាន​ស្មារតី​ប្រយុទ្ធ​ដ៏​អស្ចារ្យ ហើយ​ថ្ងៃនេះ​ពួកគេ​គ្មានអ្វី​ត្រូវ​ខាតបង់​នោះ​ទេ​ទោះ​ឈ្នះ​ឬ​ចាញ់ក្តី ដូច្នេះ​យើង​រំពឹង​ពួកគេ​លេង​បុក​ជា​មួយអេ​ស្ប៉ាញ ដោយ​គ្មាន​ការបិទ​មុខ​ទី​ច្រើន​នោះ​ទេ​។​

​ជួបគ្នា ៦ ទសវត្សរ៍​ចុង​ក្រោយ​មក​នេះ អេ​ស្ប៉ាញ​ចាញ់​ស្វ៊ី​ស​តែ​ម្តង​គត់ គឺ​ចាញ់​ក្នុង​ឆ្នាំ ១៩៥៧​។

​យោង​លើ​ប្រវត្តិ​និង​ទម្រង់​លេង​បច្ចុប្បន្ន យើង​រំពឹង​អេ​ស្ប៉ាញ​ឈ្នះ​ដោយ​ទំនុកចិត្ត មិន​ដូច​ពេល​ឈ្នះ​ក្រូ​អាស៊ី​នោះឡើយ​។

​លទ្ធផល​ព្យាករណ៍ អេ​ស្ប៉ាញ​ឈ្នះ​យ៉ាងតិច ៤-០​។​

– បែលហ្ស៊ិក vs អ៊ីតាលី (​កីឡដ្ឋាន Allianz Arena ទីក្រុង​មុយ​និច អាល្លឺម៉ង់​)

​វា​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏​គួរ​ឱ្យ​រំភើប​បំផុត​នៅពេល​ដែល​បែលហ្ស៊ិក​ប៉ះ​អ៊ីតាលី​ក្នុង​វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​យូរ៉ូ ២០២០ ។​

​ក្រុម​ទាំង​ពីរ​បាន​ប្រឹងប្រែង​ខ្លាំង​សម្បើម​ណាស់​ទម្រាំ​ឈ្នះ​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ប៉ុន្តែ​ក្រុម​បែលហ្ស៊ិក​ប៉ះ​គូប្រកួត​ខ្លាំង​ជាង គឺ​ព័រ​ទុយ​ហ្គាល់​។​

​ការ​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​ពី​កីឡាករ ថូ​ហ្គិន ហាហ្សា​ដ នៅ​មុន​ចប់​តង់​ទី​១ បានធ្វើឱ្យ​ការប្រកួត​ប្រែប្រួល​ទាំងស្រុង ទោះបីជា​ពួកគេ​មានឱកាស​ស៊ុត​នាំមុខ​បន្ថែម​ច្រើន​គ្រាប់​ក៏​ដោយ​។​

​គ្រូបង្វឹក​លោក រ៉ូបឺតូ ម៉ា​ទីណេស បាន​បាត់បង់​ទាំង​ខេ​វិន ដេ​ប្រាយ​អិ​ន និង អេដិន ហាហ្សា​ដ នៅ​តង់​ទី ២ ដោយសារ​របួស ប៉ុន្តែ​ខ្សែការពារ​បែលហ្ស៊ិក​បាន​បិទ​រ៉ូ​ណាល់ដូ​និងមិត្តរួម​ក្រុមឡើង​ជិតឈឹង​ទាំងនៅ​តង់​ទី​១​និង​ទី​២​។ ចប់​ការប្រកួត​បែលហ្ស៊ិក​ឈ្នះ ១-០ យ៉ាង​ស័ក្តិសម​បំផុត ត្បិត​ខ្សែការពារ​ស្លាប​ព័រ​ទុយ​ហ្គាល់ រ៉ា​ហ្វា​អែល ក្វេ​រី​រ៉ូ ស៊ុត​ប៉ះ​បង្គោល​ទី​នៅ​ចុង​ម៉ោង​ក៏​ដោយ​។​

​ការប្រកួត​មិនដែល​ចាញ់​របស់​បែ​ល​ហ្សិ​ក​បានប​ន្លាយ​រហូតដ​ល់ ១៣ ប្រកួត ដោយ​ឈ្នះ ១១ និង​ស្មើ​២​។ ដា​ណឺ​ម៉ាក​គឺជា​ក្រុម​តែមួយ​គត់​ដែល​អាច​ស៊ុត​ចូល​ទី​របស់​បែលហ្ស៊ិក​ក្នុង​ការប្រកួត​យូរ៉ូ ប៉ុន្តែ​មាន​តែ​ព័រ​ទុយ​ហ្គាល់​ទេ ដែល​ជា​គូ​តឹង​បំផុត​លើក​ដំបូង​សម្រាប់​ធ្វើតេស្តិ៍​លើ​ពួកគេ​នៅ​យូរ៉ូ ហើយ​ថ្ងៃនេះ​ប៉ះ​អ៊ីតាលី​ច្បាស់​ជា​វេទនា​បន្តិច​ហើយ ព្រោះនេះ​ជា​ក្រុម​លំដាប់​ពិភពលោក​រាប់​ជំនាន់​មកហើយ​។

​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​បាន​ឈាន​ចូល​វគ្គ ១៦ ក្រុម​ចុងក្រោយ​ដោយ​រំពឹង​ឈ្នះ​ខ្ពស់បំផុត​។ ប៉ុន្តែ​អូទ្រីស​បានរៀបចំ​ផែនការ​លេង​យ៉ាង​ល្អ ហើយ​អូស​អ៊ីតាលី​ចូល​ដល់​វគ្គ​បន្ថែម​ម៉ោង ៣០ នាទី​។​

​កូនក្រុម​របស់​លោក​ហ្វ្រង់​កូ ហ្វូ​ដា បាន​បិទ​អ៊ីតាលី​បាន​យ៉ាង​ល្អ ហើយ​ថែមទាំង​អាច​ស៊ុត​បញ្ចូល​ទី​អ៊ីតាលី​បាន​ទៀត តែ​គួរ​ឱ្យ​ស្តាយ​វា​ជា​បាល់​អក​ហ្សឺ​។ ក្រោយមក​ឱកាស​ស៊ុត​របស់​អូទ្រីស​ក៏​លែង​មាន​រហូត​ដល់​ចប់​ម៉ោង ៩០ នាទី ប៉ុន្តែ​គុណភាព​របស់​អ៊ីតាលី​បានបង្ហាញ​នៅពេល​ថែម​ម៉ោង​៣០​នាទី ហើយ​កីឡាករ​ទើប​ប្តូរ​ចូល គឺ ឈី​សា និង ប៉េស​ស៊ីណា រកបាន​២​គ្រាប់​នៅ​វគ្គ​ទី ១ នៃ​ម៉ោង​បន្ថែម​។ នៅ​វគ្គ​ទី​២ អូទ្រីស​បាន​វាយ​សម្រុក​យ៉ាង​ខ្លាំងក្លា រហូតរ​ក​បាន​គ្រាប់​បាល​លួង​ចិត្ត​នៅ​ចុង​ម៉ោង ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ កាឡា​ក​ហ្ស៊ី​ក​។​

​ជាមួយ​នឹង​ជ័យជម្នះ​នេះ អ៊ីតាលី​ឥឡូវ​បាន​បន្លាយ​ភាព​មិន​ដែល​ចាញ់​របស់​ខ្លួន​រហូត ៣១ ប្រកួត ដែល​បរាជ័យ​ចុងក្រោយ​របស់​ពួកគេ​គឺ​តាំងពី​ខែ​កញ្ញា​ឆ្នាំ ២០១៨ ក្នុង​ការប្រកួត Nations League ទល់​នឹង​ព័រ​ទុយ​ហ្គាល់​។ គ្រាប់​បាល់​របស់​កា​ឡាក​ហ្ស៊ី​ក​គឺជា​ការ​របូត​គ្រាប់​បាល់​លើកដំបូង​របស់​អ៊ីតាលី ដែល​លេង​ឈ្នះ ១១ លើក​មុន​នេះ គឺ​មិន​បាន​របូត​សូម្បី​១​គ្រាប់​។​

​ដំណឹង​ជើង​បែលហ្ស៊ិក ៖

​ទោះ​ខេ​វិន ដេ​ប្រាយ​អិ​ន និង​អេដិន ហាហ្សា​ដ មាន​បញ្ហា​របួស​ក៏ពិតមែន តែ​គ្រូបង្វឹក​ម៉ា​ទីណេស និយាយថា អ្នក​ទាំង​ពីរ​អាច​នឹង​ចូល​លេង​វិញ​បាន​។ តែ​ទោះ​យ៉ាងណា ទោះ​គ្មាន​កីឡាករ​ទាំងពីរ ក៏​បែលហ្ស៊ិក​នៅមាន​កីឡាករ​ល្អ​ពីរ​នាក់​ទៀត​ដើម្បី​ចូល​ជំនួស គឺ ដ្រាយ ម៉ា​ធិន និង យ៉ាន​នី​ក កា​រ៉ា​ស្កូ​។

​ខ្សែការពារ ថូ​ម៉ា វើ​ម៉ាលែន ជា​ពី​របួសស្រាល​វិញ ហើយ​ទំនង​អាច​វិល​ចូល​ក្រុម​វិញ​បាន​។

​ដំណឹង​ជើង​អ៊ីតាលី ៖

​កីឡាករ ឡូរិន​ហ្សូ ប៉េឡេ​គ្រី​នី គឺជា​កីឡាក​របួស​តែ​ម្នាក់​គត់​សម្រាប់​អ៊ីតាលី​។ ហើយ​លោក​មែន​ស៊ី​នី​នឹង​រឹតតែ​សប្បាយចិត្ត ដែល​កីឡាករ ឆេ​លីនី និង ផ្លរិន​ហ្ស៊ី អាច​ចូល​លេង​បាន​វិញ​នៅថ្ងៃនេះ​។

​កីឡា​ករឈី​សាលេង​បាន​យ៉ាង​ល្អ​ទល់នឹង​អូទ្រីស ហើយ​រូបគេ​ជា​កីឡាករ​ឆ្នើម​ជាងគេ​លើ​ទីលាន​នៅ​ពេល​ប៉ះ​វែល ហើយ​អាច​នឹង​ចូល​ជំនួស​កីឡាករ ដូ​មេនី​កូ បឺ​រ៉ាឌី ដើម្បី​ចាប់​ដៃគូ​ជាមួយ​ខ្សែប្រយុទ្ធ អ៊ី​ម​ម៉ូ​បាល និង អ៊ី​ន​ស៊ី​ញែ​។

​ព្យាករណ៍ ៖

​ត្បិត​បែលហ្ស៊ិក​ជា​ក្រុម​លេខ​១​លើ​ពិភពលោក​នា​ពេលបច្ចុប្បន្ន​ក៏ដោយ ក៏​ប៉ុន្តែ​រាល់​ការប្រកួត​ផ្លូវការ អ៊ីតាលី​គឺ​ឈ្នះ​ពួកគេ​រហូត ហើយ​ជួប​គ្នា​ចុង​ក្រោយ​នៅ​យូរ៉ូ​២០១៦ អ៊ីតាលី​ឈ្នះ ២-០​។

​បើ​និយាយ​ពី​ការប្រកួត​មិត្តភាព អ៊ីតាលី​និង​បែលហ្ស៊ិក​ជួបគ្នា​៣​ដង ហើយ​បែលហ្ស៊ិក​ឈ្នះ​២ ចាញ់​១​។

​ដោយសារ​គូ​នេះ​លេង​បុក​ទៅវិញទៅមក​ដូចគ្នា យើង​រំពឹង​ការប្រកួត​នេះ​នឹង​ល្អមើល​ខ្លាំង​ជាក់​ជាមិនខាន​។ ហើយ​ដោយសារ​ប្រវត្តិ​ប្រកួត​ផ្លូវការ អ៊ីតាលី​ល្អ​ជាង​បែលហ្ស៊ិក យើង​រំពឹង​ពួកគេ​ធ្វើ​បាន​ល្អ​ម្តងទៀត​នៅ​ថ្ងៃនេះ​។​

​លទ្ធផល​ព្យាករណ៍ អ៊ីតាលី​ឈ្នះ ៣-១៕

​អ៊ីតាលី​អាច​ផ្តួល​បែលហ្ស៊ិក​ដូច​កាល​លេង​យូរ៉ូ​២០១៦​បានទេ​?