ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រាប់​ទៅ​ដៃគូ​សន្ទនា​របស់លោក​ថា លទ្ធិប្រជាធិបតេយ្យ​មិនមែនជា​ការរត់​ប្រណាំង​ចម្ងាយ​ខ្លី​នោះទេ ប៉ុន្តែ​វា​ជា​ការរត់​ចម្ងាយ​ឆ្ងាយ​មួយ​។ រាល់​វិធានការ​ច្បាប់ និង​គ្រប់គ្រង​រដ្ឋបាល ត្រូវបាន​ពង្រឹង​និង​អនុវត្ត​នៅក្នុង​ព្រំដែន​ច្បាប់​។ ការចោទប្រកាន់​ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះមុខ​តុលាការ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​និង​ការរំលោភច្បាប់​រដ្ឋធម្មនុញ្ញ​។ ជនជាប់ចោទ​មានឱកាស​ពេញលេញ​ក្នុងការ​ស្តាប់ និង​បដិសេធ​រាល់​ការចោទប្រកាន់ ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន​នីតិវិធី​ត្រឹមត្រូវ​។​

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (រូបឯកសារ)

​ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​លោក សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន អ្នករាយការណ៍​ពិសេស​ថ្មី​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១ ខែកក្កដា​ម្សិលមិញ​។​

​ប្រភព​ក្រសួងការបរទេស​បាន​បញ្ជាក់ថា កិច្ចពិភាក្សា​នេះ​បាន​ផ្តោតលើ​បញ្ហា​ចំនួន​៣​។​ទី​១. កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង តំបន់ ,​ទី​២.​ជំងឺ​កូ​វីដ​១៩ និង​ផលវិបាក​របស់​វា​ព្រមទាំង និង​ទី​៣. សិ​ទ្ឋ​ប្រជាធិបតេយ្យ និង ពលរដ្ឋ​។
​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ទស្សនៈ​ផងដែរ​លើ​ការរៀបចំ​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២ និង គំនិត​ផ្តួចផ្តើម​ដែលមាន​សក្តានុពល​ពាក់​ព័ន្ធ​មួយចំនួន​។
​ស្តីពី​ប្រជាធិបតេយ្យ​និង​ពលរដ្ឋ​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ប្រាប់​មន្ត្រី​អ​.​ស​.​ប​ថា ការវាយតម្លៃ​ណាមួយ​មកលើ​ប្រទេស​កម្ពុជា គួរតែ​ចងចាំ​ថា តើ​ការវាយតម្លៃ​នោះ​ចេញពី​ប្រភព​ណា ហើយ​វា​ស្ថិតនៅ​ត្រង់ណា​នៅពេលនេះ ។ យន្តការ​នានា ត្រូវបាន​រៀបចំ​បង្កើត​ឡើង ដើម្បី​បង្កើត​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​កាន់តែ​ជិតស្និទ្ធ​។ លទ្ធិប្រជាធិបតេយ្យ​មិនមែនជា​ការរត់​ប្រណាំង​ចម្ងាយ​ខ្លី​នោះទេ ប៉ុន្តែ​វា​ជា​ការរត់​ចម្ងាយ​ឆ្ងាយ​មួយ​។ រាល់​វិធានការ​ច្បាប់ និង​គ្រប់គ្រង​រដ្ឋបាល ត្រូវបាន​ពង្រឹង​និង​អនុវត្ត​នៅក្នុង​ព្រំដែន​ច្បាប់​។
​លោក​ពន្យល់ថា​ការចោទប្រកាន់​ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះមុខ​តុលាការ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​និង​ការរំលោភច្បាប់​រដ្ឋធម្មនុញ្ញ​។ ជនជាប់ចោទ​មានឱកាស​ពេញលេញ​ក្នុងការ​ស្តាប់ និង​បដិសេធ​រាល់​ការចោទប្រកាន់ ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន​នីតិវិធី​ត្រឹមត្រូវ​។​

​ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​លោក​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​សង្ខេប ពី​វិធានការ​ហ្មត់ចត់​និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ក្នុងការ​ឆ្លើយតប​នឹង​វិបត្តិ​សុខភាព និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​-​សង្គម​លើ​ជន​ងាយ​រងគ្រោះ ក្នុងនោះ​មានកម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់ ការផ្តល់​ម្ហូបអាហារ​ក្នុងអំឡុង​ការបិទ​ខ្ទប់ និង​ការចាក់​វ៉ាក់សាំង​។ អាទិភាព​របស់​រដ្ឋាភិបាល​គឺ​ធានា​សិទ្ធិ​រស់រានមានជីវិត​និង​សុខភាព រួមជាមួយ​ស្ថិរភាព​សង្គម និង​សុខភាព​សាធារណៈ​។ ជាការ​ឆ្លើយតប លោក សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន បាន​ស្វាគមន៍​ចំពោះ​ការឧបត្ថម្ភ​សាច់ប្រាក់ និង​ការចាក់​វ៉ាក់សាំង​ការពារ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន បាន​គូសបញ្ជាក់​ពី​ការគោរព​ដ៏​ជ្រាលជ្រៅ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​បាន​សម្តែង​នូវ​អំណរ​សាទរ ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ទូលំទូលាយ​របស់​កម្ពុជា​នៅក្នុង​យន្តការ​សិទ្ធិមនុស្ស ដូចជា​ការផ្តល់​សច្ចាប័ន​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​ជាច្រើន ការចូលរួម​ក្នុង​ស្ថាប័ន​សន្ធិសញ្ញា យន្តការ​ត្រួតពិនិត្យ​តាម​កាលកំណត់​និង​អ្នករាយការណ៍​ពិសេស​និង​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​នៅក្នុង​សិទ្ធិ​សេដ្ឋកិច្ច​និង​សង្គម​។​
ឧបនាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ចំពោះ​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន ដែល​បានទទួល​ការតែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ថ្មី​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បាន​ស្វាគមន៍​ចំពោះ​វិធីសាស្ត្រ​ប្រកបដោយ​ការគោរព​របស់លោក​សាស្ត្រាចារ្យ ព្រមទាំង​បានបញ្ជាក់​សារជាថ្មី​ពី​កិច្ចសហប្រតិបត្តិការ​រ​បស់​កម្ពុជា ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នករាយការណ៍​ពិសេស​។
​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ទស្សនៈ​ផងដែរ​លើ​ការរៀបចំ​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២ និង គំនិត​ផ្តួចផ្តើម​ដែលមាន​សក្តានុពល​ពាក់​ព័ន្ធ​មួយចំនួន​។

​នេះ​ជា​កិច្ចប្រជុំ​លើក​ទី​៦ តាម​ប្រព័ន្ធ​វីដេអូ ដែល​លោក​សាស្ត្រាចារ្យ វិ​ទិ​ត មុន​តា​ប៊​ន បាន​ជួប ជាមួយ​បណ្តា​ឥស្សរជន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​លោក​បាន​ចូលកាន់​តំណែង​ក្នុង​អាណត្តិ​របស់លោក​។

​អ្នករាយការណ៍​ពិសេស​ថ្មី​រូបនេះ​បាន​ជួប​សន្ទនា​ជាមួយ​ឥស្សរជន និង​តំណាង​មកពី​ក្រសួងមហាផ្ទៃ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្រសួងសុខាភិបាល ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួងយុត្តិធម៌​។
​លោក​សាស្ត្រាចារ្យ វិ​ទិ​ត បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជួយ​សម្រួល​ឲ្យ​មានការ​សន្ទនា​ដោយ​បើកចំហ​និង​ប្រកបដោយ​ការស្ថាបនា ដែល​បង្ហាញ​ពី​ការផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ​របស់​កម្ពុជា ៕

​ ​