ដោយ​: ពៅ​និមល​/​ភ្នំពេញ​៖ ជំនួប​ការងារ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង​លោក វូ ក្វាង​មិញ ( Vu Quang Minh) ឯកអគ្គរដ្ឋទូត វៀតណាម​ប្រចាំ​កម្ពុជា បាន​ប្តេជ្ញា​រួមគ្នា​ថា នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ ឲ្យ​កាន់តែ​ឈានដល់​កម្រិត​ដែល​ប្រទេស​ទាំងពីរ ចង់បាន​។​

​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ និង​ជម្រាបលា​ក្នុងឱកាស​ដែល​លោក​ឯកអគ្គ រដ្ឋទូត​វៀតណាម បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា កាល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅ នៅ​ទីស្តីការក្រសួង លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការ អរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម​ចំពោះ​ការគាំទ្រ និង​ផ្តល់ជំនួយ​លើ​គ្រប់​វិស័យ ដល់​កម្ពុជា​។ ក្នុងឱកាស​នោះដែរ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល និង​ការរួមចំណែក​របស់​ភា​គី​វៀតណាម លើ​ការអភិវឌ្ឍន៍​គ្រប់​វិស័យ និង​ជួយ​បង្កើន ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឈានដល់​ការរីកចម្រើន​ជា​បន្តបន្ទាប់ ផងដែរ​។

​ភាគី​ទាំងពីរ បាន​អះអាង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម លំហូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ឲ្យ​កាន់តែ​រលូន ទោះបីជា​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​
យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា បាន​បញ្ជាក់ថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២១​ហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម មាន​កំណើន​ខ្ពស់ ដល់​ទៅ ១០៣​ភាគរយ ឬ​ស្មើ ២,៦៩ ពាន់​លាន​ដុល្លារ​។ ក្នុងនោះ ការនាំ​ចេញពី​កម្ពុជា ទៅ​វៀតណាម បន្ត​មាន​កំណើន​ខ្ពស់​ខ្លាំង ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាល ពី​ឆ្នាំ​២០២០៕​/PC