ដោយៈ ជា សីហៈ /​ភ្នំពេញ​៖ គម្រោង​មួយទៀត ស្តីពី “​របៀង​អភិរក្ស​ជីវចម្រុះ​មហា អនុតំបន់​មេគង្គ​” គឺជា​គម្រោង​ទី​១៨ ដែល លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានបង្ហាញ​តាម​បណ្តាញ​សង្គម ។

​លោក​បាន​បន្តថា គម្រោង​នេះ ទទួលបាន​ជំនួយឥតសំណង​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១១ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១៩​លាន​ដុល្លារ​។

​លោក​បាន​បន្តថា គម្រោង​នេះ​ផ្តល់​អាទិភាព​ដល់​ការវិនិយោគ​តាម​សហគមន៍ និង​ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការបង្កើន​ប្រាក់ចំណូល​។ ដោយសារតែ​ភាព ធន់​នឹង​អាកាសធាតុ​មិនទាន់បាន​ដោះស្រាយ​គ្រប់គ្រាន់ ព្រោះតែ​ខ្វះខាត​ធនធាន ទើប​មាន​ហិរញ្ញប្បទាន​បន្ថែម គម្រោង​នេះ​បានសម្រេច​ផ្តល់​ដល់​គម្រោង​ចំនួន ៧,៤​លាន​ដុល្លារ​អាមេរិក ដែល​បាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ ដោយ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបង្កើន​ជីវភាព​រស់នៅ របស់​សហគមន៍​មូលដ្ឋាន​។

​លោក​បាន​បន្តថា គម្រោង​ផ្តោតជាសំខាន់​លើ​តំបន់​របៀង​ជីវចម្រុះ​ចំនួន​ពីរ​គឺ​៖ ទីមួយ​តំបន់​ទេសភាព​ភាគ​ខាងកើត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្តមណ្ឌលគិរី មាន​សហគមន៍​ព្រៃឈើ​ចំនួន​១០ ដូចជា អូរ​ង្លា​វ​, ក្រង់​រពុក​ដេ​អេ​, ត្រពាំង​ក្អើ​ម​, អូរ​ចុង​ណា​ចុំ​, អូរ​ក្លើ , ច្បារ​តាប់​កេះ​កាប់​ចុង​លូ​ង​, ពីង​ប្រង់​ក្លង់​ពេ​ស​ថូ​, ស្រែ​ព្រះ , ង្លា​វ​ក្រា​ច់ និង​, អូរ​ពុង​រុង​។ ហើយ​ទី​ពីរ​នោះ គឺ តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ តាម​ព្រំដែន​កម្ពុជា​-​ថៃ នា​ភាគ​ខាងលិច ក្នុង​ខេត្តកោះកុង មាន​សហគមន៍​ព្រៃឈើ​ចំនួន ៤ ដូចជា ឬ​ស្សី​ជ្រុំ​, តា​ទៃ​លើ , ថ្ម​ដូន​ពៅ និង សាមគ្គី​ព្រែកជីក​។​

​លោក​បាន​ឲ្យ​ដឹងថា គម្រោង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ ២០១១ គ្រោង​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ​២០១៩ ប៉ុន្តែ​ដោយសារ នៅ​សេសសល់​ការងារ​មួយចំនួន​មិនទាន់​បានបញ្ចប់ ជាពិសេស​ការងារ​សាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ខ្នាតតូច (​ទំនប់ ស្រះ​ទឹក និង​អណ្តូង ខួង​) ទើប​គម្រោង​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ដំណាច់ ឆ្នាំ​២០២០ ហើយ​ត្រូវបាន ពន្យា​ជា​លើក​ទី​ពីរ​ទៀត​រហូតដល់​ខែធ្នូ ឆ្នាំ​២០២១ ដោយសារ​បញ្ហា​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២១ នេះ គម្រោង​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា ២៣.០៦​លាន​ដុល្លារ ត្រូវជា ៨៧% នៃ​ថវិកា​សរុប​ចំនួន ២៦.៤​លាន​ដុល្លារ ដោយ សម្រេចបាន​លទ្ធផល​ប្រមាណ​ជា ៩១% នៃ​លទ្ធផល​រំពឹងទុក​រួម​របស់​គ​ម្រោ​ង​។ គម្រោង​ធ្វើការ​ជាមួយ និង​គាំទ្រ​ដល់​ប្រជា​សហគមន៍​ចំនួន ១៣.៧៨៤ គ្រួសារ​នៅ ក្នុង​ឃុំ​ទាំង​២២ ដែល​ពឹងផ្អែក​ដោយផ្ទាល់​ទៅលើ​ធនធានធម្មជាតិ​ជាពិសេស​ធនធាន ព្រៃឈើ​៕​/PC