ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​អះអាងថា ល្បឿន​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា ឆ្នាំ​២០២១​នេះ សម្រេចបាន ៧៦,០១ ភាគរយ នៃ​ផែនការ ដោយ​ឆ្នាំមុន​សម្រេចបាន ៦៩,២៤ ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​។

​លោក​បាន​បន្តថា រីឯ​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម សម្រេចបាន ៧៩​ភាគរយ ខណៈ​ឆ្នាំមុន​សម្រេចបាន ៧៥​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​។ ទន្ទឹមនឹងនេះ ក្រសួង​បាន​ណែនាំ​ដល់​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​រួមទាំង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី ខេត្ត​ទាំងអស់​ឱ្យ​ខិតខំ​ជំរុញ​ប្រជាកសិករ ក្នុងការ​រៀបចំ​ដី ភ្ជួរ​រាស់ សាប ព្រោះ តាម​បច្ចេកទេស​កសិកម្ម​សម​ស្រប ដើម្បី​ឲ្យ​ទាន់ រដូវ​កាល​ដាំ​ដុះ​។ លើសពីនេះ​ទៀត ក្រសួង​ក៏បាន​ជំ​រុញឱ្យ​អង្គភាព​ជំនាញ​បន្ត ចុះ​ពិនិត្យ​តាមដាន​សុខភាព​សត្វ ការអន្តរាគមន៍​ចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ ដោយ​បង្កើន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ​ផ្សេងៗ ជាពិសេស​ទប់ស្កាត់​ចលនា សត្វ​ដោយ​ខុសច្បាប់​នៅតាម​បណ្តា​រាជធានី ខេត្ត​ជាប់​ជាប្រចាំ រួមទាំង​បទល្មើស ជលផល និង​ព្រៃឈើ​ផងដែរ​។​

​ក្រសួងកសិកម្ម​បាន​អះអាងថា លទ្ធផល​ភ្ជួរ​រាស់​រៀបចំ​ដី​សម្រេចបាន​ចំនួន ២.១៤៥.០០៦​ហ​.​ត ក្នុងនោះ ភ្ជួរ​រាស់​ដោយ​គោក្របី​ចំនួន ៨.៨៩៨​ហ​.​ត ស្មើនឹង ០,៤១% និង​ដោយ​គ្រឿងយន្ត​ចំនួន ២.១៣៦.១០៨​ហ​.​ត ស្មើនឹង ៩៩,៥៩% តិចជាង​ឆ្នាំមុន ២២.១៨៥​ហ​.​ត​។ ដោយឡែក​ការ សាប​បាន​សរុប​ចំនួន ៩.៩៣៩​ហ​.​ត លើស​ឆ្នាំមុន ចំនួន ៣.៩៨០​ហ​.​ត​។​

​ក្រសួង​បាន​បន្តថា លទ្ធផល​ស្ទូង​និង​ព្រោះ​សម្រេចបាន​ចំនួន ១.៩៨៣.០៤៥​ហ​.​ត ស្មើនឹង ៧៦,០១% នៃ​ផែនការ​២ .៦០៩.០៦៥​ហ​.​ត លើស​ឆ្នាំមុន ១៩១.០៨១​ហ​.​ត ។ សម្រាប់​ល្បឿន​ការងារ​បង្កបង្កើនផល​ដំណាំ​សាកវប្បកម្ម​និង​ដំណាំ​ឧស្សាហកម្ម​រដូវវស្សា​ឆ្នាំ​២០២១ ដូចជា​ពោតស ដំឡូងជ្វា បន្លែ​គ្រប់មុខ ម្ទេស ឪឡឹក … គឺ អនុវត្ដ​បាន ចំនួន ៤៣.២០២​ហ​.​ត ស្មើនឹង ៨០,៤៧ ភាគរយ​នៃ​ផែនការ ៥៣.៦៨៦​ហ​.​ត តិចជាង​ឆ្នាំមុន ៦៩០​ហ​.​ត​។ សម្រាប់​ផ្ទៃដី​ដំណាំ​ឧស្សាហកម្ម ដូចជា​ពោតក្រហម ដំឡូង​មី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក អនុវត្ដ​បាន ចំនួន ៦៤៩.៦៩៦​ហ​.​ត ស្មើនឹង ៧៩,២៣​ភាគរយ​នៃ​ផែនការ ៨១៩.៩៨៩​ហ​.​ត លើស​ឆ្នាំមុន ៤.១៨៥​ហ​.​ត​៕​/PC