ដោយៈ បាយ័ន / សៀមរាបៈ ផ្សារដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ ត្រូវបានហ៊ុមព័ទ្ធបិទហើយ ដើម្បីការពារនៃការរីករាលដាល ជំងឺកូវីដ-១៩ ។

លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បាននិយាយ តាមទូរស័ព្ទ នៅម៉ោង ៥ និង៤០នាទី ល្ងាច ថ្ងៃទី២ ខែកក្កដា នេះថាៈ ផ្សារដំដែក ស្ថិតក្នុងទីរួមស្រុកសូទ្រនិគម ត្រូវបានចុះទៅ ហ៊ុមព័ទ្ធបិទ នៅល្ងាចថ្ងៃនេះហើយ តាមបទបញ្ជារអភិបាល ខេត្តសៀមរាប។

លោកបាននិយាយថាៈ នៅក្នុងផ្សារដំដែក មិនទាន់រកឃើញអ្នកឆ្លងជំងឺ នៅឡើយទេ តែអ្នកលក់បន្លែខ្លះ ដែលធ្លាប់លក់បន្លែ នៅផ្សារកំពង់ក្តី ស្រុកជីក្រែង បានមកលក់ នៅផ្សារដំដែក ខាងលើ ។ ដោយសារបែបនេះ ផ្សារដំដែកត្រូវតែបិទ ដើម្បីការពារជំងឺ ដ៍កាចសាហាវនោះ ព្រោះអីអ្នកផ្សារកំពង់ក្តី រកឃើញអ្នកឆ្លងច្រើន​មក​ហើយ រយៈពេលពីរថ្ងៃនេះ។

លោកអភិបាលស្រុក បាននិយាយថាៈ ការធ្វើកំហាក នឹងចាប់ផ្តើម លើអាជីវករជាច្រើននាក់ នៅពេលបន្ទាប់។

សូមរំលឹកថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ១២៣ នាក់ ហើយអ្នកស្លាប់ ចំនួន ២ នាក់ ។ ក្នុងចំនួននោះ គឺផ្សារកំពង់ក្តី រកឃើញអ្នកវិជ្ជមានកូវីដ ១៩ រហូតជាង ៦០ នាក់ ៕/V