​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ មកដល់​ពេលបច្ចុប្បន្ន​នេះ ដំរី​អាស៊ី​បើទោះបីជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ក៏ដោយ ប៉ុន្តែ​គេ​ឃើញ​នៅ​បន្ត​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​យោងតាម​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​បានដាក់​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា​បាន​គេ​រក​ឃើ​គ​ថា​ដំរី​អាស៊ី​បានរស់នៅ​ជា​ហ្វូង​នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ហើយ មាន​ឃើញ​កូនតូចៗ​ជាច្រើន​ថែមទៀត​។

​ទាក់ទិន​ក្នុង​រឿងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​វត្តមាន​កូនដំរី​តូចៗ​ដែល​ទើបនឹង​កើត​នៅក្នុង​ហ្វូង​ដំរី​ធំៗ​គឺជា​ក្តីសង្ឃឹម​របស់​ក្រុម​អ្នក​អភិរក្ស និង​ក្រុម អ្នក​បរិស្ថាន ដែលថា​នេះ​គឺជា​ប្រសិទ្ធភាព​នៃ​ការការពារ និង​អភិរក្ស​ព្រៃឈើ​ទីជម្រក​សត្វ​ដំរី និង​ការថែរក្សា​បាន​នូវ​ប្រភេទ​ពូជ​ដំរី​អាស៊ី ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។

​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​អ្នកជំនាញ ដំរី​នៅ​អាស៊ី ត្រូវបាន​គេ​ចាត់ថ្នាក់​នៅក្នុង​បញ្ជី​ឧបសម្ព័ន្ធ​១​នៃ​អនុសញ្ញា​សាយ​តេស​។ ដំរី​ជា​ប្រភេទ​សត្វចតុបាទ​ដែលមាន​មាឌធំ​ជាងគេ​បំផុត​។ វា​មាន​ប្រមោយ​វែង​ស្បែ​ក្រាស់​ពណ៌​ប្រផេះ និង​មាន​រោម​រឹងៗ ស្លឹកត្រចៀក​រាង​ដូច​ផ្លិត​តែ​ស្តើង​។ ដំរី​មាន​ក្រចក​ម្រាមជើង ១៨ គឺ​នៅ​ជើង​មុខ​នីមួយៗ​មាន​ក្រចក​ម្រាមជើង ៥ ឯ​ក្រចកជើង ក្រោយ​មាន​ម្រាមជើង ៤ តែ​ក៏មាន​ដំរី​ខ្លះ​មាន​ក្រចក​ម្រាមជើង​ដល់​ទៅ ២០ ដែរ​។ ភ្លុក​ដំរី​ឈ្មោល​មួយចំនួន​មាន​ប្រវែង​រហូតដល់​ទៅ​១​ម៉ែត្រ​។ ដំរី​នៅ​តំបន់​អាស៊ី​ខុសពី​ដំរី​នៅ​តំបន់​អាហ្វ្រិក ដោយសារ​មាឌ​និង​ស្លឹកត្រចៀក​មាន​ទំហំ​តូច​ជាង​។ ដំរី​អាស៊ី​មាន​ខ្នង​ស្ទើរ​រាបស្មើ ឯ​ដំរី​អាហ្វ្រិក​មាន​ខ្នង​កោង​ជា​ទួល​ខ្ពស់​ឡើងលើ​។

​គួរបញ្ជាក់​ថា​ដំរី​ច្រើន​រស់នៅ​តាម​ព្រៃរបោះ វាលស្មៅ ព្រៃ​ឫស្សី ព្រៃ​ជាំ​ទឹក​តាម​ដងអូរ ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃស្រោង វា​ស៊ី​សំបកឈើ ស្លឹកឈើ មើម​ឈើ ឫស​ឈើ​ខ្លីៗ ទំពាំង​ឫស្សី ផ្តៅ និង​វ​ល្លិ៍​ជាដើម​។ ដំរី​ផឹកទឹក​រហូតដល់ ២០០ លីត្រ​ក្នុង​មួយថ្ងៃ (​នៅ​កន្លែង​សម្បូណ៌​ទឹក​)​។ ដំរី​ច្រើន​ផ្តល់កំណើត​កូន​នៅ អំឡុង​ខែកក្កដា និង​ខែសីហា​។ កូន​ម្តង​បាន​១​ក្បាល ឬ​ភ្លោះ​ក៏មានដែរ ប៉ុន្តែ​កម្រ​ណាស់ បន្ទាប់ពី​ពពោះ​រយៈពេល ២១ ខែ (​យូរ​បំផុត ២៥​ខែ​)​។ ដំរី​មេ​អាចបង្កើត​កូន​បាន ៤ ឬ​៥​ដង ហើយ​អាច​មានកូន​រហូតដល់​អាយុ ៥០ -៧០​ឆ្នាំ​។ គេ​អាច​សម្គាល់​ដំរី​ឈ្មោល​ចុះប្រេង​នៅពេលដែល​គេ​ឃើញ​មាន​សា​ធាតុ​រាវ​ម្យ៉ាង​ហូរ​ចេញពី​រន្ធ​មួយ​នៅ​ចន្លោះ​ត្រចៀក និង​ភ្នែក​ដែលជា​ទូទៅ​នៅ​ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងឱ្យដឹងថា នៅក្នុង​ប្រទេស​កម្ពុជា​ប​ច្ចុ​ប្បន្ន​នេះ ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល ដែល​ភាគច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ដែលជា​តំបន់ជីវៈ​ចម្រុះ​ដ៏​សំបូរបែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន​ប្រមាណ​ជាង ៧០ ក្បាល​។​

​លោក នេត្រ ភក្ត្រា បាន​បន្ត​ឱ្យដឹងថា យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ ក្នុង​រយៈពេល ៦០ ទៅ ៧០ ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ដំរី​អាស៊ី​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រហែលជា ៥០​ភាគរយ ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជិត ៩០​ភាគរយ​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី ៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧ ក្បាល​ដែល​កំពុង​រស់នៅ​ក្នុងព្រៃ​សត្វ​ថ្ងៃ ក្នុងនោះ​ប្រហែល ៧៥​ភាគរយ​រស់នៅក្នុង ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។ ដំរី​អាស៊ី​ត្រូវបាន​ចាត់ទុកថា​ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់​ដោយសារ​សារៈ សំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល​ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​នៅ ក្នុង​ដែន​ជម្រក​របស់​វា​។​

​លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍ថា ដំរី​អាស៊ី​កំពុងតែ​ទទួលរង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​នៅលើ​សកលលោក ហើយ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN)​។ ការ​រិច​រិល​ទីជម្រក​បានធ្វើឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពីគ្នា​និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន​បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី ដោយបាន​ថ្លែងថា​៖ «​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​(CECG) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ ដោយមាន​ការចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាមរយៈ​ការរក្សា​ស្ថិរភាព​និង​ជំរុញឱ្យមាន​កំណើន​ចំនួន​ប្រភេទ​នេះ​នៅក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព​ដើម្បី អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យនៅ​គង់វង្ស​ត្រូវបាន​រៀបចំឡើង​សម្រាប់​រយៈពេល ១០ ឆ្នាំ គឺ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩​ដោយបាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន ៦ ក្នុងនោះ​រួមមាន​៖

១) ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក​
២)​អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើងវិញ
៣) ពង្រឹង​ការអនុវត្ត​ច្បាប់
៤) បង្ការ​មិនឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម
៥)​បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ​និង​មនុស្ស
៦)​អប់រំ​ផ្សព្វផ្សាយ និង​ដាក់ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​

​យោងតាម​ការប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈ​ពេល ១០ ឆ្នាំ​ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ​ត្រូវការ​ថវិកា​ចំនួន ៤០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែលជា​គម្រោង​ថវិកា​រំពឹងថា​នឹង​បានមកពី​ប្រភព​រួមបញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​៕