ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រុងព្រះសីហនុ ពេលនេះ មាន​គម្រោង​សាងសង់​អគារ​ដល់ កម្ពស់ ៥៣ ជាន់ និង​កម្ពស់​ចាប់ពី ២០ ជាន់ ដល់ ៤២ ជាន់ មាន​ច្រើន​អគារ​នៅក្នុង គម្រោង​សាងសង់ ចំនួន ២១២ បាន​សាងសង់​រួច ធ្វើ​ឱ្យគេ​មើលឃើញ​ទិដ្ឋភាព ក្រុងព្រះសីហនុ ពេលនេះ ដូចជា​ទីក្រុង នៃ​បណ្តា​ប្រទេស ជឿនលឿន លើ​ពិភពលោក បន្ទាប់ពី​គម្រោង​សាងសង់ ផ្លូវ ៣៤ ខ្សែ ដោយ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង​អភិវឌ្ឍន៍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានធ្វើ​រួចមក​។​

​លោក ចេង ស្រុង ប្រធាន​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២ ខែ​កក្ត​ដា ឆ្នាំ​២០២១​ថាៈ សំណង់​ដែល​បាន ឱ្យ​ផ្អាក ដោយសារ​មិនទាន់​មានច្បាប់​គ្រប់គ្រាន់ កាលពីពេល​កន្លង​ទៅនោះ ពេល នេះ បាន​បំពេញបែបបទ ច្បាប់​គ្រប់គ្រាន់ អស់ហើយ និង​បាន​សាងសង់​បន្ត ខ្លះ​បាន ហើយ​នៅ​ផ្នែក​ខាងក្រៅ ខ្លះ​កំពុង​ធ្វើ​បន្ត តែ​មិនមាន​ល្បឿន​លឿន​ទេ ។ ចំពោះ​ការ សុំ​សាងសង់ សំណង់​ថ្មី ក៏​មិនមាន​ច្រើន​ដែរ នៅក្នុង​ឆ្នាំ​២០២១​នេះ ដោយសារ វិ​ប​ត្ត​កូ​វីដ​។​

​ទោះជា​យ៉ាងណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ខាងលើ បានបញ្ជាក់​ថាៈ សព្វថ្ងៃនេះ ដើម្បីឱ្យ​ការសាងសង់ មានច្បាប់​ត្រឹមត្រូវ នៅ​កន្លែង​ខ្លះ មន្ទីរ​បាន​ជួយ​ទាំង គូរ​ប្លង់​ឱ្យ​ទៀតផង​។ សំណង់​ផ្សេងៗ នៅ​ក្រុងព្រះសីហនុ ទាំង​តូច ទាំង​ធំ ពេលនេះ គឺមាន​ច្បាប់​ត្រឹមត្រូវ ខ្លះ​ចេញ​ដោយ​ក្រសួង ខ្លះ​ចេញ​ដោយ​រដ្ឋបាលខេត្ត​។ សំណង់ ដែល​គេ​បាន​សុំច្បាប់​សាងសង់ នៅក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ២០២១ មាន​ប្រមាណ ជា ៣០ គម្រោង ដែល​ភាគច្រើន ជា​សំណង់​អគារ​ស្នាក់នៅ​រួម (​ខុន​ដូ​) និង​ខ្ពស់បំផុត ត្រឹម ២០ ជាន់​។​

​លោក ចេង​ស្រុង បាន​និយាយ​ឱ្យដឹង​ផងដែរ​ថាៈ គម្រោង​អគារ​ដែល​ខ្ពស់​ជាងគេ នៅ​ក្រុងព្រះសីហនុ មាន​កម្ពស់ ៥៣ ជាន់​(​សង់​មិនទាន់រួច ដោយសារ​បញ្ហា​កូ​វីដ​) បន្ទាប់​នេះ​គឺ ៤២​ជាន់ , ៣០​ជាន់ , ២០​ជាន់ មាន​ច្រើន​អគារ បាន​សាងសង់​រួច និង​ដំណើរការ​អាជីវកម្ម ជាពិសេស​អគារ​ស្នាក់នៅ​រួម (​ខុន​ដូ​) បាន​សង់ រួច​ច្រើន​អគារ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២១​ថាៈ សកម្មភាព​សាងសង់ សំណង់​ផ្សេងៗ នៅក្នុង​ខេត្ត​ព្រះសីហនុ ពេលនេះ ដោយសារ​បញ្ហា​កូ​វីដ ធ្វើឱ្យមាន​ការថយចុះ​។ សំណង់​ដែល​គេ​បាន សាងសង់ ជិត​រួច គេ​បានធ្វើការ​សាងសង់​បង្ហើ​យ ។ សំណង់​ខ្លះ​ហើយ​តែ​ផ្នែក ខាងក្រៅ ឯខាង​ក្នុង មិនទាន់​បំពាក់​សម្ភារៈ ។ សំណង់​ធំៗ ដែល​ទើប​ចាប់ផ្តើម​តិចតួច បាន​ផ្អាក​ការសាងសង់​ទៅវិញ តែ​ក៏មាន​ការសុំ​សាងសង់​ថ្មីៗ​ដែរ ជា​សំណង់​មិនធំ និង​មាន​ចំនួន​មិន​ច្រើន​។​

​យោងតាម​ទិន្នន័យ ដែល​កត់ត្រា​ដោយ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ ចាប់ពី​ត្រឹម​ឆ្នាំ​២០១៨ មកដល់​ខែមិថុនា ឆ្នាំ​២០២១ បង្ហាញឱ្យឃើញថា មាន​ចំនួន ២១២ គម្រោង ភាគច្រើន ជា​អគារ​ស្នាក់នៅ​រួម (​ខុន​ដូ​) កម្ពស់​ជាង ២០ ជាន់​។​

​អគារ​ទាំងនេះ ភាគច្រើន នៅ​ផ្នែក​ខាងក្រៅ គេ​បាន​សាងសង់​រួច ធ្វើ​ឱ្យគេ​មើលឃើញ ទិដ្ឋភាព ក្រុងព្រះសីហនុ ដូចជា​ទីក្រុង​របស់​ប​ណ្តា​ប្រទេស​ជឿនលឿន​នៅលើ​ពិភព លោក បន្ទាប់ពី​គម្រោង​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំនួន ៣៤ ខ្សែ បានធ្វើ​រួច ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍ តំបន់ឆ្នេរ សមុទ្រ​កម្ពុជា​ដែលមាន លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ធ្វើជា​ប្រធាន តាម​ការ​អនុមតិ​យល់ព្រម​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕/V​-PC