ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញ​៖ រថយន្ត​ចំនួន ១៤៣​គ្រឿង ត្រូវបាន​ឃាត់​រក្សាទុក រយៈពេល​មួយឆ្នាំ ដោយ​អនុលោម​តាមច្បាប់ ស្តីពី​ផ្លូវថ្នល់ មាត្រា​៦០ និង​តាម​សេចក្ដី ជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការពង្រឹង​វិធានការ យ៉ាង​តឹងរ៉ឹង បន្ថែម ចំពោះ​យានយន្ត​ដឹកជញ្ជូន ធុន​ធ្ងន់ ដែល​បើកបរ​លើ បណ្តាញ​ផ្លូវថ្នល់ ។​

​គណៈកម្មាធិការ សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ ការត្រួតពិនិត្យ យានយន្ត ដឹក​លើស​ទម្ងន់ កម្រិត​កំណត់ បាន​អនុវត្ត​ច្បាប់ ស្តីពី​ផ្លូវថ្នល់ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការពង្រឹង​វិធានការ យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ បណ្តាញ​ផ្លូវថ្នល់ ចាប់ពី​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ​២០២១ បាន​ផាកពិន័យ និង​ឃាត់​រក្សាទុក​រថយន្ត រយៈពេល​មួយឆ្នាំ ចំនួន ១៤៣ គ្រឿង ដែលជា​រថយន្ត ដឹកជញ្ជូន លើស​ទម្ងន់ លើសពី ២០% នៃ​ទម្ងន់​អនុញ្ញាត​។​

​រថយន្ត​ដឹក​លើស​ទម្ងន់​ទាំងនោះ ត្រូវបាន​ឃាត់ទុក ដោយ​ក្រុមការងារ​ក្រសួង ចល័ត​ចម្រុះ សម្រាប់​ឆ្មក់​ត្រួតពិនិត្យ យានយន្ត​លើស​ទម្ងន់ ដែល​ចុះ​តាម​បណ្តា ខេត្ត​នានា និង​គោលដៅ​ដើមទី នៅ​ខេត្តបាត់ដំបង និង​ស្ថានីយ​ជញ្ជីង​អចល័ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ ក្នុងពេល​ចុះ​ពិនិត្យ​វឌ្ឍនភាព ផ្លូវជាតិ​លេខ​៣ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ កន្លងទៅ​ថាៈ ក្រសួង​នឹង​ចាត់វិធានការ តាម​នីតិវិធី​ដោយ គ្មាន​យោគយល់ ខ្សែ​នរណា​ឡើយ ហើយ​សកម្មភាព នៃ​ការចុះ ប្រតិបត្តិការ​នេះ នឹង​ធ្វើជា​បន្តបន្ទាប់ ទូទាំងប្រទេស ដូច​ភ្លៀងរលឹម ដើម្បី​រឹតបន្តឹង ការដឹកជញ្ជូន ឲ្យ​ស្របតាម​ច្បាប់ ការពារ​មិន​ឲ្យ​មាន​ជនខិលខូច ដឹក​លើស​ទម្ងន់​ឡើយ​។ ក្រសួង​នៅតែ​បន្ត អនុវត្ត​វិធានការ នេះ​បន្តទៀត ដោយ​មិន​យោគយល់​ចំពោះ ឡាន​អ្នកក្រ ឡាន​អ្នកមាន អ្នកមាន​ខ្នង ឬ​ឡាន​អ្នក​អត់​ខ្នង​អ្វី​ឡើយ​ព្រោះ​រថយន្ត ដឹក​លើស​ទម្ងន់​ទាំងនោះ ធ្វើឱ្យ​ខូច​ផ្លូវ​ដូចគ្នា​។

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​សំណូមពរ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ គោរព​ច្បាប់​ទាំងអស់គ្នា ចូលរួម​ថែរក្សា ទ្រព្យសម្បត្តិ​ជាតិ​យើង ឱ្យបាន​គង់វង្ស និង​ប្រើប្រាស់​បានយូរ​អង្វែង ដោយហេតុថា រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង រក​ថវិកា​មក​សាងសង់ ដោយ​លំបាក និង​បាន​ទទូចថា​៖ សូមកុំ​ប្រថុយប្រថាន​ដឹកជញ្ជូន លើស​ទម្ងន់ ដែល​បង្ក​ឱ្យ​ផ្លូវ​ឆាប់​ខូច មុន​អាយុ​កាលកំណត់ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​កុំ​បើក​លើស​ល្បឿន កំណត់ដោយ​ច្បាប់ ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង ប្រទេសជាតិ មាតុភូមិ​របស់ យើង ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ក្រោម​ការដឹកនាំ ដ៏​ឈ្លាសវៃ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាថ្មី​ម្តងទៀត ក្រសួង​សាធារណការ រំលឹក​ជូន​ដល់​ម្ចាស់​រោងចក្រ​ស៊ីម៉ងត៍ ដូចជា រោងចក្រ​ស៊ីម៉ងត៍ CONCH ការដ្ឋាន​ផលិត​ថ្ម ដេប៉ូ​ខ្សាច់ ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ រថយន្ត​ធុន​ធ្ងន់ ទាំងអស់​ថា​៖ ក្រសួង​នឹង​បន្ត​អនុវត្ត តាមច្បាប់ និង​សេចក្ដីជូនដំណឹង ខាងលើ យ៉ាង​តឹង​បំផុត​ដោយ​គ្មាន​ការលើក លែង​ឡើយ​។ ដូចនេះ សូម​ម្ចាស់​រោងចក្រ​ស៊ីម៉ងត៍ ការដ្ឋាន​ផលិត​ថ្ម ដេប៉ូ​ខ្សាច់ ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត ធុន​ធ្ងន់​ទាំងអស់ គោរព​ច្បាប់ និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​ខ្លឹមសារ​នៃ សេចក្តីជូនដំណឹង​ខាងលើ​៕/V​-PC