ដោយៈ សុផល / ពោធិ៍សាត់​៖ គម្រោង​រេ​ដ​បូក តំបន់​ជួរ​ភ្នំក្រវាញ នៃ​អង្គការ​សម្ព័ន្ធ មិត្ត​សត្វព្រៃ បានផ្តល់​ថវិកា ចំនួន ១៩៩.៧៥៧ ដុល្លារ សហរដ្ឋអាមេរិក ជូន​ខេត្តពោធិ៍សាត់ សម្រាប់​ប្រើប្រាស់ ក្នុងការ​ទប់ស្កាត់​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ កូ​វីដ​១៩​។ នេះ​ជា​ជំនួយ​បន្ទាន់ ដើម្បី​ដោះស្រាយ បញ្ហា​កូ​វីដ​១៩ នៅ​ខេត្តពោធិ៍សាត់ ដែលមាន​ករណី​ឆ្លង​កូ​វីដ ១៩ ចំនួន​ជាង ៦០០ ករណី​។​

​ជំនួយ​ជា​ទឹកប្រាក់​សរុប ចំនួន ១៩៩.៧៥៧ ដុល្លារ​សហរដ្ឋអាមេរិក​នេះ ត្រូវបាន​ផ្តល់ជូន ដោយ​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដើម្បី​ទ្រទ្រង់​ដល់​ការទិញ​សម្ភារ វេជ្ជសាស្ដ្រ​សំខាន់ៗ ដោយ​រួមបញ្ចូល ទាំង​ការទិញ​ថ្នាំ និង​ឧបករណ៍​វេជ្ជសាស្ត្រ សម្រាប់​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ជួរមុខ នៅក្នុង​ខេត្តពោធិ៍សាត់​។​

​សូមជម្រាបថា ជំនួយ​នេះ ត្រូវធ្វើឡើង បន្ទាប់ពី​មានការ​ស្នើសុំ​ថវិកា ពី​លោក​អភិបាល ខេត្តពោធិ៍សាត់ ម៉ៅ ធនិន កាលពី​ថ្ងៃទី​២៩ ខែមិថុនា ដោយ​លោក បាន​មាន ប្រសាសន៍ថា វិធានការ​បន្ថែម ចំពោះ​ការប្រយុទ្ធ ប្រឆាំងនឹង​ការ​រាតត្បាត នៃ​ជម្ងឺ​កូ​វីដ​១៩ គឺជា​ការចាំបាច់​នៅក្នុង​ខេត្ត​។​

​យោងតាម​ទិន្នន័យ​ពី​នាយកដ្ឋាន ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កម្ពុជា បានឱ្យដឹងថា ខេត្តពោធិ៍សាត់ មាន​ករណី​ឆ្លង​កូ​វីដ​១៩ ចំនួន ៦៧១ ករណី​។​

​ពិធី​ប្រគល់​ជំនួយ បានរៀបចំ​ឡើង នៅ​រសៀល​ថ្ងៃទី ២ ខែកក្កដា នៅ​សាលាខេត្ត ពោធិ៍សាត់ ក្រោម​អធិបតីភាព លោក ជួប ប៉ារីស៍ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន មកពី​ក្រសួងបរិស្ថាន និង​តំណាង អង្គការ​សម្ព័ន្ធ មិត្ត​សត្វព្រៃ ។​

​គួរ​បញ្ជាក់ថា ជំនួយ​ហិរញ្ញវត្ថុ​នេះ បានមក​ដោយសារ ការប្តេជ្ញាចិត្ត​របស់ ក្រសួង បរិស្ថាន ក្នុងការ​ថែរក្សា​ព្រៃឈើ អោយ​គង់វង្ស នៅ​តំបន់​ព្រៃ រងទឹក​ភ្លៀង​ជួរ​ភ្នំក្រវាញ​។ ជំនួយ​ហិរញ្ញវត្ថុ ផ្តល់ជូន​ខេត្តពោធិ៍សាត់ គឺជា​លទ្ធផល​ផ្ទាល់ ពី​ឥណទាន​កាបូន ដែល​ទិញ​ដោយ​ក្រុមហ៊ុន​អន្តរជាតិ ដែលជា​ការទូទាត់ ការ​បំ​ភាយ​ឧស្ម័ន កាបូ​និក​របស់ខ្លួន តាមរយៈ​ការ​ស្រូបយក​កាបូន ដោយ​ព្រៃឈើ តំបន់​ជួរ​ភ្នំក្រវាញ​។​

​គម្រោង​រេ​ដ​បូក តំបន់​ជួរ​ភ្នំក្រវាញ ត្រូវបាន​បង្កើតឡើង ដោយ​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដោយមាន​គោលបំណង បី យ៉ាង​គឺៈ ទីមួយ គឺ​ដើម្បី​លើកកម្ពស់​ជីវភាព រស់នៅក្នុង​មូលដ្ឋាន , ទី​ពីរ គឺ​ដើម្បី​ការពារ​ព្រៃឈើ ពីព្រោះ​វា​ជា​កន្លែង​ស្តុក​កាបូន សម្រាប់​ការលក់​ឥណទាន​កាបូន និង​ទី​បី គឺ​ដើម្បី​នាំ ប្រាក់ចំណូល ជូន​ដល់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​។ ការលក់​ឥណទាន​កាបូន ពី​គម្រោង រេ​ដ​បូក តំបន់​ជួរ​ភ្នំក្រវាញ បានចាប់ផ្តើម នៅ​ខែមករា ឆ្នាំ​២០១៩ ហើយ​អ្នកទិញ បច្ចុប្បន្ន គឺ​មកពី​បណ្តាល​ប្រទេស ប៉ែក​អឺរ៉ុប និង អាមេរិក​។​

​ក្នុង​រយៈពេល​ពេញ​មួយ​អាយុកាល របស់​គម្រោង​រេ​ដ​បូក តំបន់​ជួរ​ភ្នំក្រវាញ គម្រោង​នេះ ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​អាច​ការពារ ការ​បំ​ភាយ​កាបូន រហូតដល់ ១១០ លាន​តោន​។ ដូច្នេះ​ភូមិ​នានា នៅ​តំបន់​ព្រៃរងទឹកភ្លៀង ជួរ​ភ្នំក្រវាញ កំពុងធ្វើការ​ជាមួយ ក្រុមហ៊ុន​អន្តរជាតិ ដើម្បី​ទប់ស្កាត់​ឥទ្ធិពល នៃ​ការប្រែប្រួល អាកាសធាតុ​ពិភពលោក​។ រដ្ឋបាលខេត្ត​ពោធិ៍សាត់ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ទន្ទឹងរង់ចាំ​ធ្វើការ​រួមគ្នា ដើម្បី​ចាប់ផ្តើម​ផ្តល់ជំនួយ សម្រាប់​ដោះស្រាយ បញ្ហា​កូ​វីដ​១៩ ឱ្យបាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន​៕/V​-PC