ដោយៈ​សុផល / ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន បាន​ពិភាក្សាគ្នា ស្វែងរក​ដំណោះស្រាយ ផលប៉ះពាល់ ដែល​នៅ​សេសសល់ ក្នុង​គោលបំណង ដើម្បី​ព​ន្លឿ​ន​ការសាងសង់ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ឱ្យ​សម្រេច​តាម​ផែនការ​គ្រោងទុក​។​

​លោក សួង ហេង រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការងារ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា រចនាសម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ជាមួយនឹង​លោក ចូ​វ យ៉ុង ( Zhou Yong) តំណាង​ក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CP., LTD (CPEC) និង ទីប្រឹក្សាបច្ចេកទេស លោក Peter Tan Beow Teik តំណាង​ក្រុមហ៊ុន MINCONSULT SDN BHD (CE) ដោយមាន​ការចូលរួម ពី​ថ្នាក់​នាំ និង​មន្ត្រីក្រោមឱវាទ​ក្រសួង​។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ នាឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថាៈ កិច្ចប្រជុំ​នេះ ធ្វើឡើង ដើម្បី​ស្វែងរក​ដំណោះស្រាយ ផលប៉ះពាល់ ទាក់ទង​នឹង​បញ្ហា ផ្លូវ​វាង ជា​កម្មសិទ្ធិឯកជន ផ្លូវ​កាត់​ទទឹង​តូចៗ លូ​ឆ្លងកាត់​ក្រោម​ផ្លូវ​ល្បឿន​លឿន ក៏ដូចជា​បញ្ជរ និង​បញ្ហា​មួយចំនួន​ផ្សេងទៀត ដែល​មិនទាន់​មានការ ឯកភាពគ្នា នៅក្នុង​គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី ភ្នំពេញ ទៅកាន់ ខេត្ត​ព្រះសីហនុ ដើម្បី​ព​ន្លឿ​ន​ការអនុវត្ត គម្រោង​នេះ ឱ្យបាន​ចប់​ជា​ស្ថាពរ តាម​ផែនការ ដែល​បាន​គ្រោងទុក​។​

​លោក​បាន​គូសបញ្ជាក់ថាៈ ក្រសួង នឹង​ព្យាយាម ជួយ​សម្រប​ស្រួល សហការ​ដោះ ស្រាយ ដើម្បី​ជំរុញ​ការងារ សាងសង់​នេះ ឱ្យទាន់​ពេលវេលា ដើម្បី​អាច​បញ្ចប់​គម្រោង នៅ​ឆ្នាំក្រោយ និង​បាន​ស្នើឱ្យ ក្រុមហ៊ុន​សាងសង់ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ធ្វើការ​បន្ទន់ឥរិយាបទ ទន់ភ្លន់​ដាក់គ្នា ទៅវិញទៅមក រួបរួមគ្នា​ដោះស្រាយ​បញ្ហា ប្រឈម ទាំងអស់គ្នា ជៀសវាង​ការ​ដោះ ស្រាយ​បញ្ហា​តែ​ភាគី​ម្ខាង​ណាមួយ​។​

​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន សាងសង់​ទៅធ្វើ​ការ សិក្សា​ឱ្យបាន​លម្អិត លើ​ទីតាំង​រង​ផលប៉ះពាល់​ទាំងនោះ ដោយ​កែតម្រូវ​ទៅតាម ភូមិសាស្ត្រ ជាក់ស្តែង ដើម្បី​កាត់បន្ថយ ការដោះស្រាយ ផលប៉ះពាល់ ឱ្យបាន​ច្រើន តាម​កម្រិត ដែល​អាចធ្វើ​ទៅបាន ហើយ​ដាក់ជូន​លទ្ធផល នៃ​ការ សិក្សា​នោះ ទៅ​ថ្នាក់ដឹកនាំ ក៏ដូចជា​គណៈកម្មការ​បច្ចេកទេស ពិនិត្យ​ដោះស្រាយ​។​

​សូម​ជម្រាបជូន​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង​ជាង ១៩០ គីឡូម៉ែត្រ ដែល​បាន បើក​ការដ្ឋាន​សាងសង់ កាលពី​ខែកក្កដា ឆ្នាំ​២០១៩ គិត​ត្រឹម ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ដំណើរការ សាងសង់ សម្រេចបាន ៥៥,០៥% ហើយ និង​គ្រោង​បញ្ចប់ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៣​។ ផ្លូវ​នេះ ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​៕/V​-PC