​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ៊ីតាលី​បាន​ផ្តួល​បែលហ្ស៊ិក ២-១ ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​យូរ៉ូ ២០២០ នៅ​ទីក្រុង​មុយ​និច​កាលពី​ថ្ងៃ​សុក្រ​ទី​២​កក្កដា​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប៉ះ​អេ​ស្ប៉ា​ញ ដែល​ឈ្នះ​បាល់​ប៉េណាល់​ទីកាត់​សេចក្តីលើ​ក្រុម​ស្វ៊ី​ស ដែល​សល់​គ្នា​១០​នាក់​។​

​ការ​ស៊ុត​ដ៏​អស្ចារ្យ​របស់​កីឡាករ ឡូរិន​ហ្សូ អ៊ី​ន​ស៊ី​ញេ បាន​ក្លាយ​ជា​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​អ៊ីតាលី ដែល​ពង្រីក​កំណត់ត្រា​មិនដែល​ចាញ់​របស់​ខ្លួន​រហូតដល់ ៣២ ប្រកួត​។​

​កូនក្រុម​របស់​លោក​រ៉ូបឺតូ មែន​ស៊ី​នី នឹង​ត្រូវ​ប៉ះ​អេ​ស្ប៉ាញ​ក្នុងវ​គ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើកដំបូង​នៅ​ថ្ងៃ​អង្គារ​ទី​៦​កក្កដា​នៅឯ​កីឡដ្ឋាន Wembley ក្នុង​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។​

​លោក​មែន​ស៊ី​នី គ្រូបង្វឹក​របស់​អ៊ីតាលី​បាន​ប្រាប់​វេបសាយ Rai ថា “​យើង​សម​នឹង​ឈ្នះ​។ កីឡាករ​ទាំងអស់​ពិត​ជា​អស្ចារ្យ​ណាស់​។ វា​ច្បាស់​ណាស់​ថា យើង​រង​ការ​វាយ​សម្រុក​នៅ ១០ នាទីចុងក្រោយ ពីព្រោះ​ពួក​យើង​អស់កម្លាំង​គ្រប់គ្នា​ទៅហើយ​។ ពួក​គេ​លេង​បាន​ល្អ​ណាស់ យើង​សមតែ​អាច​រក​គ្រាប់​បាល់​បាន​ពីរ​ឬ​បី​គ្រាប់​ថែម​ទៀត​”៕

​អ៊ីតាលី​ឈ្នះ​បែលហ្ស៊ិក​២-១​កាលពី​ថ្ងៃ​សុក្រ​