ដោយៈ ភ្នំ​ខៀវ / បាត់ដំបង​÷ អាជ្ញាធរ ចុះ​ពង្រឹង​ពិនិត្យ​ធ្វើតេស្ត លើ​អ្នកបើកបរ​រថយន្ត ដឹកទំនិញ​ដែល​ចេញចូល កម្ពុជា​-​ថៃ តាម​ច្រកទ្វា​អន្តរជាតិ និង​ច្រក​តំបន់​នានា នៅក្នុង​ភូមិសាស្ត្រ ខេត្តបាត់ដំបង បាន​រកឃើញ​ករណី វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ជាង ១០ នាក់​។​

​មន្ត្រីរដ្ឋបាល ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹង នៅ​ចុង​សប្តាហ៍​នេះ​ថា​÷ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មានការ​កើនឡើង ជា​បន្តបន្ទាប់ មន្ត្រី​សុខាភិបាល នៅ​តំបន់​ព្រំដែន ខេត្តបាត់ដំបង បាន​ចុះ​ពង្រឹង​ការត្រួតពិនិត្យ​ធ្វើតេស្ត​លើ​អ្នកបើកបរ និង​ព្រូ ទាំង​ខាង​ភាគី​កម្ពុជា ទាំង​ភាគី​ថៃ ដែលមាន​សិទ្ធិ​ចេញចូល ដឹកជញ្ជូន​ទំនិញ ក្នុង​រង្វង់​ក្បែរ​មាត់ច្រក នៃ​ច្រកទ្វា​អន្តរជាតិ និង​ច្រក​តំបន់​ចំនួន ៤ ក្នុង​ខេត្តបាត់ដំបង រួមមាន​: ច្រកទ្វា​អន្តរជាតិ គីឡូ​១៣ (​ភ្នំ​ដី​) ក្នុងស្រុក​សំពៅ​លូន​, ច្រក​អន្តរជាតិ​ដូង ក្នុងភូមិ​សាស្ត្រ​ស្រុក​កំរៀង​, ច្រកទ្វារ​តំបន់​ស៊ួ​ន​ស៊ុ (​អូរ​អន្លក់​) ក្នុងស្រុក​កំរៀង និង​ច្រកទ្វារ​តំបន់​អូរ​រំដួល ក្នុងស្រុក​ភ្នំព្រឹក​។​

​ប្រភព​ខាងលើ បាន​បន្តថា​÷ ការងារ​ពង្រឹង​ចុះ​យក​វត្ថុ​សំណាក ធ្វើតេស្ត​ខាងលើ ធ្វើឡើង រយៈពេល ២​ថ្ងៃ នៅ​ដើមខែ​កក្កដា​នេះ ក្នុងនោះ បាន​ពិនិត្យ​តេស្ត លើ​អ្នកបើកបរ និង​ព្រូ ជនជាតិខ្មែរ សរុប​ចំនួន ៦៩០ នាក់ ស្មើនឹង​ចំនួន​រថយន្ត ២៥៥ គ្រឿង ជា​លទ្ធផល ក្រោយ​ការធ្វើ​តេស្ត​រហ័ស រកឃើញ​ករណី វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន ១២ នាក់​។​

​ដោយឡែក ចំពោះ​អ្នកបើកបរ និង​ព្រូ ជនជាតិ​ថៃ ពិនិត្យ​ធ្វើតេស្ត បាន​ចំនួន ១៧១ នាក់ ស្មើនឹង​រថយន្ត ចំនួន ១៤៧ គ្រឿង លទ្ធផល​អវិជ្ជមាន​ទាំងអស់​។​

​គិត​ត្រឹម​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត​បាត់ដំបង បាន​រកឃើញ​ប្រជាពលរដ្ឋ ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១.០៥៦ នាក់ បាន​ព្យាបាល ជាសះស្បើយ ចំនួន ៥៩០ នាក់ កំពុង​សម្រាក​ព្យាបាល ចំនួន ៤៥៩ នាក់ និង​ករណី​ស្លាប់ ចំនួន ៧ នាក់​៕/V