ដោយៈឆាំង យុ​ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញៈការទទួលបាន​យុត្តិធម៌​នៅក្នុង​សង្គម​ក្រោយ​ជម្លោះ​ពិតជា​មានការ​លំបាក​ខ្លាំងណាស់ ពីព្រោះ​អ្វីៗ​ដែល​បាន​កើតឡើង​ដោយសារ​អំពើហិង្សា អំពើ​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ និង​អំពើ​ប្រល័យពូជសាសន៍ គឺ​ពិភពលោក​មិនអាច​ប៉ះប៉ូវ​មកវិញ​បាន​នោះទេ​។ គ្មាន​ទឹកប្រាក់​ក្នុង​ទំហំ​ណាមួយ​អាច​ទូទាត់​សង​ដល់​ជីវិត​ដែល​បាត់បង់​ទៅ ហើយក៏​គ្មាន​សំណង​ណាមួយ អាច​ជួសជុល​នូវ​ភាព​ប្រេះស្រាំ​កើតមាន​ក្នុងសង្គម ដែល​បន្ត​អូសបន្លាយ​ជាច្រើន​ជំនាន់​នោះដែរ​។ របប​ខ្មែរក្រហម​បាន​ដួលរលំ​ជាង​បួន​ទសវត្សរ៍​កន្លង​ទៅហើយ ប៉ុន្តែ​បើទោះជា​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ឆ្ពោះទៅមុខ​ដោយ​រួច​ផុតពី​ស្រមោល​ប្រវត្តិសាស្ត្រ​ដ៏​ព្រឺព្រួច​នេះ​យ៉ាងណាក្តី ក៏​ប្រទេស​កម្ពុជា​នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​អាច​ធ្វើបាន​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ ទោះបី​ជាមាន​ស្ថាប័ន​ជាច្រើន​មាន​ភាពលេច​ធ្លោ​ក្នុង​វិស័យ​សំខាន់ៗ​នានា ហើយ​បាន​ស្រោចស្រង់​ផលប៉ះពាល់​បន្សល់ទុក​ដោយ​អំពើ​ប្រល័យពូជសាសន៍ និង​អំពើ​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ​យ៉ាងណាក្តី ក៏​ប្រព័ន្ធ​សុខាភិបាល​នៅតែ​ជា​ស្ថាប័ន​មួយ​ដែល​ទាមទារ​ការគាំទ្រ​ជាច្រើន​បន្ថែមទៀត មិនមែន​ដោយសារតែ​ស្ថានភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​នេះ និង​វិបត្តិ​ដ៏​ស្រួចស្រាវ​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដោយសារតែ​ប្រព័ន្ធ​នេះ គឺជា​វិធី​មួយ​ដែល​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​ដោយផ្ទាល់​ដល់​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។​

កែវ កុលធីតា ឯកស័ក កើត​នៅ​ឆ្នាំ​១៩៥៩ នៅ​ទីក្រុង​ភ្នំពេញ​។ កែវ កុលធីតា ឯកស័ក ត្រូវបាន​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​ភូមិ​ត្រពាំងវែង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅក្នុង​របប​ខ្មែរក្រហម​។ កែវ កុលធីតា ឯកស័ក​បានទទួល​មរណភាព​ដោយសារ​ជំងឺមហារីក​ធ្ងន់ធ្ងរ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥​។ (​រូបថត​៖ ឆាំង យុ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

​នៅក្នុង​ប្រទេស​កម្ពុជា ចំណែក​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ដល់​ប្រជាជន​រាប់លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​របប​ខ្មែរក្រហម គឺ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ ទោះបីជា​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា មាន​ភាពខ្វះ​ចន្លោះ​លើ​ផ្នែក​ផ្សេងៗ​ជាច្រើន​យ៉ាងណាក្តី ក៏​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅតែ​អាច​សម្រេចបាន​នូវ​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អាណត្តិ​របស់ខ្លួន​។ ដំណើរការ​កាត់ទោសរ​បស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានបង្ហាញ​អំពី​អ្វីដែល​កើតមានឡើង​នៅក្នុង​អំឡុង​របប​ខ្មែរក្រហម ហើយ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់ និង​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​បង្កឡើង​ដោយ​របប​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ថ្វីត្បិតតែ​ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុ​ជាមាន​សារសំខាន់​ចំពោះ​ការធ្វើឱ្យ​សះស្បើយ​ដល់​ប្រជាជន​កម្ពុជា​យ៉ាងណាក្តី ក៏​នៅតែមាន​តម្រូវការ​ឱ្យមាន​យន្តការ​ផ្នែក​តុលាការ​ផ្សេងៗ​ទៀត និង​មធ្យោបាយ​ផ្សេងៗ​បន្ថែមទៀត ដើម្បី​ធានាថា ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅតែ​បន្ត​ប្រសិទ្ធភាព​ដល់​មនុស្ស​ជំនាន់​ក្រោយៗ ដែល​បានចាប់កំណើត​ក្រោយ​របប​ខ្មែរក្រហម​។ ការអប់រំ គឺជា​វិធីសាស្ត្រ​មួយ​ដែល​ធានា​ដល់​ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ព្រមទាំង​ធានាថា ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម នឹងមិន​ត្រូវបាន​បំភ្លេចចោល​។​

​ដោយសារតែ​យុត្តិធម៌​ពិបាក​នឹង​សម្រេចបាន ចំណែកឯ​ការជួសជុល​ឡើងវិញ​នូវ​ការ​ខ្ទេចខ្ទាំ និង​ការបាត់បង់​យ៉ាងពិត​ប្រាកដ​មួយ​គឺ​មិនអាច​ប្រព្រឹត្ត​ទៅរួច មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានផ្តល់​អាទិភាព​ចំពោះ​ការអប់រំ​អំពី​ប្រ​វិត្ត​សាស្ត្រ​កម្ពុជា​ប្រជា​ធិ​តេ​យ្យ ជាការ​បំពេញបន្ថែម​លើ​ទម្រង់​ប្រពៃណី​នៃ​យុត្តិធម៌​អន្តរកាល​។ ក្នុង​បរិបទ​ជាច្រើន ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ អាចជា​វិធីសាស្ត្រ​ឈានទៅ​សម្រេចបាន​យុត្តិធម៌​ក្នុង​ទម្រង់​មួយ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ប្រើប្រាស់​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ ជា​វិធីសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​មួយ ចំពោះ​ដំណើរ​ឈានទៅ​សម្រេចបាន​យុត្តិធម៌​សម្រាប់​សង្គម​ក្រោយ​ជម្លោះ ក៏ដូចជា​រារាំង​ទប់ស្កាត់​ការសម្លាប់​រង្គាល និង​អំពើ​ប្រល័យពូជសាសន៍​មិនឱ្យ​កើតមាន​ជាថ្មី​ម្តងទៀត​។ ផ្អែកលើ​បុគ្គលិកលក្ខណៈ​របស់ខ្លួន ការអប់រំ​អាចជួយ​ទប់ស្កាត់​អំពើហិង្សា ជម្លោះ និង​អំពើ​អមនុស្សធម៌​នាពេល​អនាគត ពីព្រោះ​ការអប់រំ​អាចជួយ​ឱ្យ​សិស្សានុសិស្ស​ចេះ​វិភាគ​លើ​ប្រវត្តិសាស្ត្រ និង​ឆ្លុះបញ្ចាំង​ថា​តើ​ស្ថានភាព​និង​កាលៈទេសៈ​ដែល​ជំរុញឱ្យមាន​អំពើ​ប្រល័យពូជសាសន៍​និង​ការសម្លាប់​រង្គាល​កាលពី​អតីតកាល អាច​នឹងត្រូវ​រាំងខ្ទប់​មិនឱ្យ​កើតមាន​ជាថ្មី​នាពេល​អនាគត​យ៉ាងដូចម្តេច​។ បើ​មើល​ឱ្យ​ស៊ីជម្រៅ​ជាង​នេះ រាល់​ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ ត្រូវតែ​រួមបញ្ចូល​សេចក្តី​អាណិតអាសូរ​ចំពោះ​មនុស្ស ព្រមទាំង​ការដែល​អំពើ​អមនុស្សធម៌​អាច​កើតមានឡើង​និង​ធ្វើឱ្យមាន​ភាពជ្រុលនិយម​នៅក្នុង​កម្រិត​បុគ្គល កម្រិត​សហគមន៍ និង​កម្រិត​ជាតិ​។ ទោះជា​យ៉ាងណាក៏ដោយ ក៏​ការអប់រំ​អាច​នាំមក​នូវ​យុត្តិធម៌​បន្ថែម​លើ​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ និង អំពើ​ឃោរឃៅ​។

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ប្រើប្រាស់​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​របស់ខ្លួន ជា​វេទិកា​មួយ​ដែល​អនុញ្ញាតឱ្យ​ជនរងគ្រោះ​និយាយ​រៀបរាប់​អំពី​រឿងរ៉ាវ​និង​បទពិសោធន៍​របស់ខ្លួន ហើយ​វេទិកា​នេះ​បាន​ប្រើប្រាស់​សកម្មភាព​អប់រំ​នានា​ដូចជា វេទិកា​បើកទូលាយ​សម្រាប់​ជនរងគ្រោះ​ក្នុងការ​ប្រឈម​ជាមួយនឹង​អតីត​កម្មាភិបាល​ខ្មែរក្រហម ដើម្បី​សម្រេច​គោលបំណង​នៃ​ការផ្សះផ្សា​។ នៅពេលដែល​ការអប់រំ​ត្រូវបាន​រៀបចំ​យ៉ាង​ដូច្នេះ ជនរងគ្រោះ​មានឱកាស​ទទួលបាន​ភា​ព​ជាម​នុស្ស និង​អាច​ឆ្លុះបញ្ចាំង​ផ្ទាល់ខ្លួន​និង​ជារួម ដោយ​ផ្អែកលើ​បទពិសោធន៍​របស់ខ្លួន​ជា​វិធីសាស្ត្រ​បង្រៀន​ដល់​មនុស្ស​ជំនាន់​ក្រោយ​។ ដូចគ្នានេះដែរ អតីត​កម្មាភិបាល​ខ្មែរក្រហម ក៏​ទទួលបាន​ឱកាស​ដើម្បី​ឆ្លុះបញ្ចាំង​លើ​ប្រវត្តិសាស្ត្រ​របស់ខ្លួន និង​ចូលរួមចំណែក​ដល់​ការផ្សះផ្សា​ពី​ជ្រុង​ម្ខាង​ទៀត​សម្រាប់​សហគមន៍​ដែល​ខ្លួន​រស់នៅ​។ ការអប់រំ គឺជា​ឱកាស​មួយ​សម្រាប់​ស្តារ និង​កសាង​ឡើងវិញ​នូវ​បំណែក​នៃ​មនុស្សជាតិ​ដែល​បាន​បែកខ្ញែក​ដោយសារ​ការសម្លាប់​រង្គាល​។

​ប៉ុន្តែ ទោះបីជា​អាច​ផ្តល់នូវ​អត្ថប្រយោជន៍​សំខាន់ៗ​ទាំងអស់នេះ​យ៉ាងណាក៏ដោយ មជ្ឈមណ្ឌល​ឯកសារ​
​កម្ពុជា​យល់ឃើញថា ការអប់រំ​នៅតែមាន​កម្រិត​នៅឡើយ និង​ត្រូវមាន​ការងារ​ជាច្រើន​ទៀត​ដែល​អាច​ធ្វើឡើង​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​នៃ​ការសម្លាប់​រង្គាល និង​អំពើ​ប្រល័យពូជសាសន៍​។ ប្រទេស​កម្ពុជា​នៅតែ​បន្ត​តតាំង​ជាមួយនឹង​ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម​រហូតដល់​ស​ព្វ​ថ្ងៃនេះ​។ ទោះបីជា​នយោបាយ ស្ថាប័ន​សង្គម និង​សេដ្ឋកិច្ច គឺ​សុទ្ធសឹង​ជា​វិស័យ​ដ៏​លេចធ្លោ​ហើយ​បាន​ស្រោចស្រង់​ផលប៉ះពាល់​ពី​ការសម្លាប់​រង្គាល​យ៉ាងណាក្តី ក៏​ប្រព័ន្ធ​សុខាភិបាល​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​។​

​នៅ​ឆ្នាំ​២០១៥ វេជ្ជបណ្ឌិត ដេ​មី រេ​យស៍ បច្ចុប្បន្ន​គឺជា​អ្នក​ប្រឹក្សា​យោបល់​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​សរសេរ​អត្ថបទ​មួយ​អំពី​បទដ្ឋាន​អន់ថយ​នៃ​ឱសថ​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រទេស​កម្ពុជា​ពុំទាន់​មាន​បទដ្ឋាន​គុណភាព​នៃ​ការថែទាំ​វេជ្ជសាស្ត្រ​នៅឡើយ ចំណែកឯ​ជំនឿ​សាសនា និង​អ​បិ​យ​ជំនឿ​នានា​ដែល​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ឬ​វេជ្ជសាស្ត្រ​ភាគច្រើន គឺជា​កត្តា​ចម្បង​នៃ​ការសម្រេចចិត្ត​ទទួល​សេវាកម្ម​ថែទាំ​សុខភាព និង​ការវះកាត់​។ ទន្ទឹមនឹងនេះ មុខងារ​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​នៅ​ប្រទេស​កម្ពុជា នៅតែ​រង​ឥទ្ធិពល​ដោយ​អាកប្បកិរិយា​សម្ភារ​និយម​និង​
​កង្វះ​មេត្តាធម៌​។​

​របប​ខ្មែរក្រហម មិន​សមជា​អ្នកទទួលខុសត្រូវ​ចំពោះ​បទដ្ឋាន​នៃ​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃនេះ​ទេ ប៉ុន្តែ​វា​ពិតជា​ច្បាស់​ណាស់​ថា ខ្មែរក្រហម​បាន​បំផ្លាញ​ជំនាញ​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​។  អ្នកជំនាញ​វិជ្ជាជីវៈ អ្នកសិក្សា​ស្រាវជ្រាវ និង​អ្នកជំនាញ​នានា រួមទាំង​វេជ្ជបណ្ឌិត គឺជា​គោលដៅ​នៃ​ការចាប់ខ្លួន ហើយ​ភាគច្រើន​នៃ​បុគ្គល​ក្នុង​សហគមន៍​វេជ្ជសាស្ត្រ​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ឬ​បាន​បាត់បង់​ជីវិត​នៅក្នុង​របប​ខ្មែរក្រហម​។ នៅ​ចុងបញ្ចប់​នៃ​របប​ខ្មែរក្រហម វិស័យ​សុខាភិបាល បាន​បាត់បង់​រូបរាង​ពី​ប្រទេស​កម្ពុជា ដោយ​មានតែ​អ្នកជំនាញ​វិជ្ជាជីវៈ​សុខាភិបាល​មួយចំនួន​តូច​តែប៉ុណ្ណោះ ដែល​ត្រូវបាន​ជឿជាក់ថា នៅ​បន្ត​រស់រានមានជីវិត​នៅក្នុង​ប្រទេស​កម្ពុជា​។

​ដូចគ្នានេះដែរ របប​ខ្មែរក្រហម​មិនមែនជា​ឫសគល់​បង្ក​ជា​បញ្ហា​លើ​គុណភាព​នៃ​វិស័យ​ថែទាំ​សុខភាព​សព្វថ្ងៃនេះ​ទេ ក៏ប៉ុន្តែ រាល់​គ្រប់ផ្នែក​ទាំងអស់ របប​ខ្មែរក្រហម​បាន​បង្ក ជំរុញ និង​បង្កើន​បញ្ហា​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បញ្ហា​ទាំងនោះ​រួមមាន វប្បធម៌​រួម​នៃ​អាកប្បកិរិយា​យករួចខ្លួន​និង​គិតគូរ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ដោយសារតែ​មនោគមន៍​វិជ្ជា​ខ្មែរក្រហម​ផ្តោតលើ​ការបំភិតបំភ័យ​មហាជន កង្វះ​មេត្តាធម៌ គឺជា​កេរដំណែល​បន្សល់​ដោយ​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​។ មេត្តាធម៌​ចំពោះ​អ្នកដទៃ​អាច​ត្រូវ​ចាត់ទុកថា​ជាការ​មិន​ស្របតាម​ការលះបង់​ចំពោះ​មនោគមន៍វិជ្ជា​របស់​ខ្មែរក្រហម ហើយ​ការមិន​ស្របតាម​នេះ​សបញ្ជាក់​អំពី​ចំណុចខ្សោយ​និង​កង្វះ​ការប្តេជ្ញា ដែល​អាច​ទ​ទួ​ស​ទោស​ជាការ​ស្លាប់​។ អំពើ​ព្រៃផ្សៃ​ឥត​គណនា​នេះ បាន​យាយី​ដល់​ជីវិត​ប្រជាជន​កម្ពុជា​ទាំងអស់​នៅក្នុង​របប​ខ្មែរក្រហម ចំណែកឯ​សំណល់​នៃ​គំនិត​និង​ការយល់ឃើញ​យ៉ាង​ដូច្នេះ នៅតែ​បន្ត​កើតមាន​នៅក្នុង​មុខងារ​វិជ្ជាជីវៈ​និង​ស្ថាប័ន​នានា ដែល​កំណត់​យក​មេត្តាធម៌​ជា​ក្រមសីលធម៌​ស្នូល​។

​ប៉ុន្តែ ក្រៅពី​ជាគោលការណ៍​ចម្បង​នៃ​មនោគមន៍វិជ្ជា​របស់​ខ្មែរក្រហម កង្វះ​មេត្តាធម៌ ក៏​ជា​យន្តការ​ដើម្បី​រស់រាន​ទូទៅ​របស់​ជនរងគ្រោះ​និង​សង្គមជាតិ​កម្ពុជា​ទាំងមូល​។ រាប់​ទសវត្សរ៍​បន្ទាប់​ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម ប្រទេស​កម្ពុជា​នៅ​បន្ត​ទទួលរង​សង្គ្រាមរ៉ាំរ៉ៃ គ្រោះ​ទុរ្ភិក្ស និង​អស្ថេរភាព​ជាច្រើន​ទសវត្សរ៍ ដែល​កត្តា​ទាំងអស់នេះ​បាន​បន្ត​វប្បធម៌​មួយ​ដែល​ការយក​រួច​ជីវិត​តែង​កើតមាន ចំណែកឯ​ការផ្តល់សេវា​កម្ម​ដោយ​មិន​អាត្មានិយម ការលះបង់ និង​មេត្តាធម៌​ចំពោះ​អ្នកដទៃ ត្រូវបាន​ជំនួស​ដោយ​ឥរិយាបថ​ដែល​គិតតែ​អំពី​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន​។
​ក្នុង​ឆ្នាំ​២០១៤ ខ្ញុំ​បាន​ចុះផ្សាយ​អត្ថបទ​មួយ​នៅលើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អំពី​អ្វីដែល​ខ្ញុំ​បាន​យល់ដឹង​ពី​បងស្រី​របស់ខ្ញុំ​ឈ្មោះ កែវ កុលធីតា ឯកស័ក្តិ​។ ក្នុងនាម​ជា​សាក្សី​ម្នាក់​នៃ​អំពើ​ឃោរឃៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ស្គាល់​ជាទូទៅ​ថា របប​ខ្មែរក្រហម និង​ជា​អ្នកស្រាវជ្រាវ​ម្នាក់ ដែល​ធ្វើការ​សិក្សា​ជាច្រើន​ឆ្នាំ និង​បាន​ប្រមូល​ចងក្រង​រឿងរ៉ាវ​របស់​បុគ្គល​ដែល​ទទួលរង​ទុក្ខ និង​បាត់​បង់ជីវិត​ក្នុង​របប​ខ្មែរក្រហម ខ្ញុំ​យល់ថា ខ្ញុំ​បាន​យល់ដឹង​អំពី​ទិដ្ឋភាព​ភាគច្រើន​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ ខ្ញុំ​ជឿជាក់ថា ខ្ញុំ​បាន​បញ្ចៀស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​មួយចំនួន​នៃ​របប​នេះដែរ​។ ប៉ុន្តែ អ្វីដែល​ចាប់យក​ចំណាប់អារម្មណ៍​របស់ខ្ញុំ​នៅពេលដែល​ផ្សាភ្ជាប់​ខ្លួន​ជាមួយ​បងស្រី​របស់ខ្ញុំ​នៅក្នុង​ឆ្នាំ​២០១៤ គឺ​ការពិត​ដែលថា ខ្ញុំ​ត្រូវ​សិក្សា​ស្វែងយល់​បន្ថែម​ជាច្រើន​ទៀត​នូវ​កត្តា​ផ្សេងៗ ដែល​ប្រវត្តិសាស្ត្រ​នេះ​បាន​ជះឥទ្ធិពល​លើ​ប្រជាជន​កម្ពុជា​។​

​ក្នុងនាម​ជា​មនុ​ស្សគ​ថ្លង់ ពុំមាន​ន​ណារ​ម្នាក់​ខ្វាយខ្វល់​សួរនាំ​អំពី​បទពិសោធន៍​របស់​បងស្រី​ខ្ញុំ​នៅក្នុង​អំឡុង​របប​ខ្មែរក្រហម​នោះទេ​។ នាពេលនោះ បងស្រី​របស់ខ្ញុំ​កំពុង​ទទួល​ការព្យាបាល​ជំងឺមហារីក ហេតុនេះហើយ ខ្ញុំ​បានចាប់ផ្តើម​ផ្សាភ្ជាប់​ជាមួយ​គាត់​សាជាថ្មី អំពី​ប្រធានបទ​និង​បទពិសោធន៍​ផ្សេងៗ​ដែល​យើង​ទាំងពីរ​មិន​ធ្លាប់បាន​ពិភាក្សាគ្នា​នាពេល​កន្លងមក​។ គាត់​បាន​ប្រាប់​ខ្ញុំ​អំពី​បទពិសោធន៍​ក្នុងនាម​ជា​មនុ​ស្សគ​-​ថ្លង់​ម្នាក់ នា​អំឡុង​របប​ខ្មែរក្រហម ហើយ​រឿងរ៉ាវ​របស់គាត់​បាន​ធ្វើឱ្យ​ខ្ញុំ​មានការ​អាម៉ាស់ ដោយសារ​ហេតុថា​ខ្ញុំ​មានការ​យល់ដឹង​តិចតួច​ណាស់​អំពី​ភាព​វេទនា​របស់គាត់​។ រឿងរ៉ាវ​របស់គាត់ បានធ្វើឱ្យ​ខ្ញុំ​ដឹងថា មាន​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​ដែលមាន​វិបត្តិ​ផ្លូវចិត្ត ឬ​ពិការភាព​ផ្នែក​រូបរាងកាយ ដែល​បាន​ទទួលរង​ការឈឺចាប់​តែម្នាក់ឯង​។ តើ​នៅមាន​រឿងរ៉ាវ​ជីវិត​ប៉ុន្មាន​ទៀត ដែល​ត្រូវបាន​បំភ្លេចចោល មើលរំលង ឬ​មិន​ធ្លាប់បាន​និយាយ​រៀបរាប់​ពីមុនមក​?
​បងស្រី​របស់ខ្ញុំ បានទទួល​មរណភាព​ដោយសារ​ជំងឺមហារីក​ប្រហែល​មួយឆ្នាំ​ក្រោយពី​ការចុះផ្សាយ​អត្ថបទ​របស់ខ្ញុំ​។ ចាប់តាំងពី​ពេលនោះ​មក ការ​ដំណាល​រៀបរាប់​អំពី​បទពិសោធន៍​គាត់​ក្នុងនាម​ជាម​នុស្ស គ​-​ថ្លង់​ម្នាក់ បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់ខ្ញុំ​ជានិច្ច​។ រឿងរ៉ាវ​របស់គាត់ គ្រាន់តែ​ជា​ចំណែក​តូច​មួយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​តែប៉ុណ្ណោះ ប៉ុន្តែ​ដូច​ទៅនឹង​មនុស្សម្នា​ដទៃទៀត ដែល​មិនអាច​និយាយបាន រឿងរ៉ាវ​របស់គាត់​បា​ន​ជំ​រុញឱ្យ​ខ្ញុំ​ពិចារណា​ល្អិតល្អន់​ទៅលើ​និយមន័យ​នៃ​យុត្តិធម៌ និង​ថា​តើ​យើង​អាចធ្វើ​អ្វីៗ​ទាំងអស់​តាម​ដែល​អាចធ្វើ​ទៅបាន​សម្រាប់​អ្នក​ដែល​មិនអាច​និយាយបាន​។​

​មួយរយៈ​ពេល​ខ្លី​ក្រោយពី​បងស្រី​ខ្ញុំ​ទទួលមរណភាព ខ្ញុំ​បាន​ចុះផ្សាយ​អត្ថបទ​មួយទៀត​អំពី​ការដែល​ប្រព័ន្ធ​សុខាភិបាល​របស់​កម្ពុជា​មិនអាច​បម្រើ​ដល់​ប្រជាជន​ក្រីក្រ​។ ក្នុង​រយៈពេល​ចុងក្រោយ​នៃ​ជីវិត​របស់​បងស្រី​ខ្ញុំ​ក្រុមគ្រួសារ​ខ្ញុំ អាច​ផ្គត់ផ្គង់​លើ​សេវាកម្ម​ថែទាំ​សុខភាព​ល្អ​បំផុត​ក្នុងប្រទេស​កម្ពុជា​ដល់​ប​ង​ស្រី​ខ្ញុំ ប៉ុន្តែ​បទដ្ឋាន​នៃ​ការថែទាំ​សុខភាព​មាន​ភាពដុនដាប និង​តែង​សម្គាល់​ឃើញ​នូវ​កង្វះ​ភាព​អាណិតអាសូរ​។ ក្នុង​អត្ថបទ ខ្ញុំ​បាន​លើកឡើងថា​៖ខ្ញុំ​មិន​ចាត់ទុកថា​កាលៈទេសៈ​និង​រឿងរ៉ាវ​របស់​បងស្រី​ខ្ញុំ​ជា​រឿង​ខុសគេ និង​ពិសេស​នោះទេ​។ ប្រសិនបើ​យើង​មិនបាន​នៅក្បែរ​និង​គាំទ្រ​គាត់ ដែល​អង្វរ​ចង់បាន​ការថែទាំ​និង​ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់គាត់ ព្រមទាំង​ពិចារណា​អំពី​ជម្រើស​ផ្សេង​ក្នុង​ការផ្តល់​ការព្យាបាល​បន្ថែម​ចំពោះ​សភាព​ពិតប្រាកដ​នៃ​ជំងឺ​របស់គាត់ ខ្ញុំ​គិតថា គាត់​ប្រហែលជា​អាច​រស់នៅ​បានយូរ​។ ការមិន​យកចិត្តទុកដាក់ ឬ​ការព្រងើយកន្តើយ​ដោយ​គំរោះគំរើយ​ចំពោះ​ជនក្រីក្រ ឬ​ការប្រកាន់​បក្ខពួក ដោយ​ផ្តល់​ការព្យាបាល​តាម​​រយៈ​ការទាមទារ​ឱ្យ​បង់​​ប្រាក់ បាន​បង្កឱ្យមាន​ភាពឈឺចាប់​និង​វេទនារម្មណ៍​ជ្រាលជ្រៅ ជាង​ភាព​រំខាន ភាព​អសមត្ថភាព ឬ​ភាព​ខ្ជិលច្រអូស​ទៅទៀត​។ ស្នាម​ដាន​នៃ​របប​ឃោរឃៅ​ខ្មែរក្រហម​តែងតែ​ដក់​ជាប់​នៅក្នុង​ការយល់ដឹង សម្មានចិត្ត និង​ក្តីបារម្ភ​របស់​យើង ដែល​យើង​មាន​ចំពោះ​មនុស្សជាតិ​របស់​យើង ទាំង​ពេល​ទំនាក់ទំនង​ជាមួយគ្នា​ធ​ម្ម​តា និង​សេវាកម្ម​ផ្សេងៗ ដែល​យើង​បានផ្តល់​ចំពោះ​មនុស្សជាតិ​។ ចំពោះ​បញ្ហា​នេះ កម្ពុជា​នៅមាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវបំពេញ​។

​ចាប់តាំងពី​ឆ្នាំ​២០១៤ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ស្វះស្វែង​អនុវត្ត​កម្មវិធី​មួយ ដើម្បី​ទំនុកបម្រុង​ដល់​សុខភាព និង​សុខុមាលភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដែលជា​កម្មវិធី​មួយ​កើតឡើង​ដោយសារ​រឿងរ៉ាវ​របស់​បងស្រី​ខ្ញុំ និង​បទពិសោធន៍​របស់គាត់​ទាក់ទង​នឹង​សេវាកម្ម​សុខាភិបាល​។ ធ្វើការ​រួមគ្នា​ជាមួយនឹង​វេជ្ជបណ្ឌិត ដេ​មី រេ​យស៍ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ព្រាង​សំណើរ​គម្រោង អត្ថបទ​បកស្រាយ​ពី​គោល​គំនិត និង​សៀវភៅ​ណែនាំ​លម្អិត​ជាច្រើន ស្តីពី​គំនិត​គាំពារ​ដល់​សុខភាព​និង​សុខមាលភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចាត់ទុកថា ការខិតខំ​ប្រឹងប្រែង​នេះ មិន​ត្រឹមតែ​អាច​បន្តសកម្មភាព​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការងារ​ទ្រទ្រង់​ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ទៀតផង​។​

​សកម្មភាព​មួយ​ក្នុងចំណោម​ការប្តេជ្ញាចិត្ត​ជា​សាធារណៈ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​លេច​ជា​រូបរាង​ឡើង​នៅក្នុង​ឆ្នាំ​២០១៧​។ នៅក្នុង​ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បោះពុម្ពផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០២០​របស់ខ្លួន ដែល​បង្ហាញ​ដល់​ម្ចាស់ជំនួយ​អំពី​ការប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​នូវ​មន្ទីរ​ពិគ្រោះ​ផ្នែក​ថែទាំ​សុខភាព​បណ្តោះអាសន្ន សម្រាប់​ដើមបណ្ដឹង​រដ្ឋប្បវេណី​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ ដូចដែល​បានលើកឡើង​នៅក្នុង​គម្រោង​៖

​មន្ទីរ​ពិគ្រោះ​ផ្នែក​ថែទាំ​សុខភាព​នេះ នឹង​ផ្តល់​ជាទី​តាំង​មួយ​ដល់​គ្រឹះស្ថាន​សុខភាព​ផ្លូវចិត្ត និង​សង្គមកិច្ច​នានា សម្រាប់​បម្រើ​យ៉ាង​ទូលាយ​ទៅលើ​វិស័យ​ផ្លូវលោក និង​សាសនា​ទាំងឡាយ ដើម្បី​ផ្តល់នូវ​អ្នក​ប្រឹក្សា​ដោយ​ស្ម័គ្រចិត្ត និង​សេវាកម្ម​សុខភាព​សង្គម​ដទៃទៀត​។ វេជ្ជបណ្ឌិត ដេ​មី រេ​យស៍ ជា​គ្រិស្ត​បរ​ស័​ទ​មួយរូប​និង​ជា​គ្រូពេទ្យ​មកពី​ប្រទេស​ហ្វីលីពីន​ផ្នែក​វះកាត់​ដុំ​សាច់​និង​មហារីក ព្រមទាំង​បណ្ឌិត កេសា​រ៉ា ចាន ទទួលបាន​សញ្ញាប័ត្រ​ប​ណ្ឌិ​ត​ផ្នែក​សិរី​រៈ​មនុស្ស​ពី​ប្រទេស​ស្វី​ស នឹង​គ្រប់គ្រង​លើ​ការងារ​នេះ ដោយ​ធ្វើការ​ជាមួយនឹង​គ្រឹះស្ថាន​ដទៃទៀត​នៅក្នុង​ប្រទេស​។ គោលដៅ​ចម្បង​នៃ​មន្ទីរ​ពិគ្រោះ​នេះ គឺ​ដើម្បី​ប្រើប្រាស់​ការងារ​ស្ម័គ្រចិត្ត​នានា​ដែល​សម្រេចបាន​រួចមកហើយ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ទទួលបាន​ការរួបរួម​មួយ​ឆ្ពោះទៅរក​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​ផ្លូវចិត្ត និង​សង្គម​របស់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​។

​ ​បន្ថែម​លើ​សេវាកម្ម​ដែល​អាច​ផ្តល់ជូន​ដោយ​មន្ទីរ​ពិគ្រោះ​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​អនុវត្ត​សាកល្បង​លើ​គម្រោង​ថែទាំ​សុខភាព​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ ស្ថិតក្នុង​គម្រោង​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ផ្តល់​កញ្ចប់​សុខភាព​បឋម និង​អន្តរាគមន៍​ស្ថិតក្នុង​ដែន​កំណត់​មួយ ជូន​ដល់​ដើម​បណ្តឹងរដ្ឋប្បវេណី និង​អ្នកដាក់ពាក្យ​បណ្តឹង​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​ចំនួន​ជាក់លាក់​មួយ ដែលមាន​ប្រមាណ​ជាង​ពីរពាន់​នាក់​។ នៅ​ចុងបញ្ចប់​នៃ​គម្រោង​សាកល្បង មន្ទីរ​ពិគ្រោះ​បានធ្វើការ​វាយតម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ឋិត​ឋេ​រ​ចីរកាល​នៃ​គម្រោង​ដែល​ផ្តល់នូវ​សេវា​ថែទាំ​សុខភាព​បឋម​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។​
​ ​ចាប់តាំងពី​សំណើ​ដើមដំបូង​ទាំងអស់នេះ​មក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បង្កើន​នូវ​ការប្រមូល​ទិន្នន័យ​អំពី​ប្រជាជន​ដែល​ត្រូវការ​ការ​គាំពារ​នូវ​សេវាកម្ម​សុខភាព ព្រមទាំង​បាន​កែសម្រួល​យុទ្ធសាស្ត្រ គោលបំណង និង​សកម្មភាព​នានា ដែល​អាចជួយ​ធ្វើឱ្យ​សុខភាព​និង​សុខុមាលភាព​របស់​អ្នក​រស់រានមានជីវិត​ពីរ​បប​ខ្មែរក្រហម​មាន​ភាពប្រសើ​រ​ឡើង​។ នាពេល​ថ្មីៗ​នេះ ខ្ញុំ​មាន​សេចក្តីសោមនស្ស​ដោយបាន​ដឹង​អំពី​ជំនួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​
​អាមេរិក ដើម្បី​ទ្រទ្រង់​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ក្នុងការ​ទទួលបាន​សេវា​ថែទាំ​សុខភាព និង​សេវា​
​សង្គម​។ ក្នុង​ឆ្នាំ​២០២០ គណៈកម្មការ​ព្រឹទ្ធិ​សភា​សហរដ្ឋអាមេរិក​ស​ម្រេច​លើ​ថវិកា បានផ្តល់​ហិរញ្ញប្បទាន​ដោយ​បញ្ជាក់​លម្អិត​អំពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចំពោះ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម នៅក្នុង​គម្រោង​ថវិកា​របស់​សភា​សហរ​ដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ​២០២១​។​

​ ​ជំនួយ​គាំទ្រ​នេះ​ទទួលបាន​នៅ​ចំពេល​វេលា​ដ៏​សក្តិសម​បំផុត​។ នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ អង្គ​បុ​រេ ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានចេញ​សេចក្តីសម្រេច​និង​អនាគត​នៃ​សំណុំរឿង​០០៣​។
​ខណៈដែល​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នឹង​បន្ត​ដំណើរការ និង​ចេញ​សេចក្តី​ម្រេច​នានា​ទៅលើ​បញ្ហា​
​សំខាន់ៗ នោះ​ការយកចិត្តទុកដាក់​ទៅលើ​ស្ថាប័ន​មួយ​នេះ​នឹងមាន​ការថយចុះ ហើយ​ដែល​ត្រូវបាន​មើលឃើញថា វិធានការ​ដ៏​លេចធ្លោ​មួយ​នេះ​ឈានទៅ​សម្រេចបាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​របស់ខ្លួន​។​

​ ​របប​ខ្មែរក្រហម បាន​ដួលរលំ​ប្រមាណ​ជាង​បួន​ទសវត្សរ៍ ហើយ​ថ្វីត្បិតតែ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ឆ្ពោះទៅមុខ​គេចចេញ​ពី​ស្រមោល​ប្រវត្តិសាស្ត្រ​ដ៏​ព្រឺព្រួច​នេះ​យ៉ាងណាក្តី នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​យើង​អាច​ធ្វើបាន​សម្រាប់​ជនរងគ្រោះ​នៃ​របប​ប្រល័យពូជសាសន៍​។ ការគាំទ្រ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក រាជរដ្ឋាភិបាល​កម្ពុជា និង​សកលលោក មិន​ត្រឹមតែ​បាន​ជួយ​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចាំបាច់ ក្នុង​ការបង្កើតឡើងវិញ​នូវ​រូបភាព​ថ្មី​មួយ​សម្រាប់​គំនិត​ផ្តួចផ្តើម​នៃ​យុត្តិធម៌​អន្តរកាល​នៅក្នុង​ប្រទេស​ដទៃ​ថែម​ទៀតផង​។

​ ​យុត្តិធម៌​អន្តរកាល ត្រូវតែ​រួមបញ្ចូល លើសពី​អ្វី​ដែលជា​សំណង​និមិត្តរូប ដែល​ត្រូវ​រួមផ្សំ​នូវ​សកម្មភាព​ដែល​យ៉ាងហោចណាស់​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​របស់​អ្នក​រស់រានមានជីវិត​។ ប្រទេស​កម្ពុជា អាចជា​ប្រទេស​ដំបូង គិត​ចាប់តាំងពី​ការសម្លាប់​រង្គាល​នៅ​អឺរ៉ុប (​ហូ​ឡូ​ខូ​ស្ទ​) មក ដែល​អ្នក​រស់រានមានជីវិត​ពី​អំពើ​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ និង​អំពើ​ប្រល័យពូជសាសន៍ ទទួលបាន​សំណង​ដែល​រួមបញ្ចូល​នូវ​កំណែទម្រង់​វិស័យ​ថែទាំ​សុខភាព សេវាកម្ម​ផ្សេងៗ និង​ការ​គាំពារ​ពី​សហគមន៍​អន្តរជាតិ​។ យើង​គួរតែ​ទទួលស្គាល់​ការខិតខំ​ជួយ​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ជា​ជំហាន​ឆ្ពោះទៅ​មុខគួរ​ជាទី​កោតស្ញប់ស្ញែង​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ ព្រមទាំង​ជាការ​ចាប់ផ្តើម​នៃ​ការសន្ទនា​ថ្មី​មួយ អំពី និយមន័យ​នៃ​យុត្តិធម៌​ក្រោយ​ជម្លោះ​៕សរន

ផ្ទាំងគំនូរគូរដោយវិចិត្រករស្រ្តី (គថ្លង់) មួយរូបឈ្មោះ កែវ កុលធីតា ឯកស័ក (ត្រូវបាន ស្គាល់ថា កុល)។ ផ្ទាំងគំនូរ បង្ហាញអំពីអ្នកដឹកនាំក្រុមខ្មែរក្រហមដែលជាស្រ្តីមួយរូប (មេកង) បានបញ្ជាឲ្យស្រ្តីធ្វើការងារពលកម្មធ្ងន់ធ្ងរ។ (ប្រភពរូបភាព÷បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)