​ដោយៈ​អង្គា​រ៍​ហេង​/​កណ្តាលៈ យុវជន​៣​នាក់ ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន ខ្វះ​ការប្រុងប្រយ័ត្ន បាន​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ចត​ចោល​នៅ​ប្រប​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​អ្នករួមដំណើរ​ពីក្រោយ​ម្នាក់ទៀត​រងរបួស​ធ្ងន់​។
​ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​បាន​បើកទ្វារ​ចុះ​គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០ និង​៤០​នាទី​យប់ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ខាងមុខ​ផ្សារ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា សព​មានឈ្មោះ វាចា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ផ្នែក​បោច​មាន់ មាន​ស្រុកកំណើត​នៅ​ស្រុក​កៀនស្វាយ ខេត្ត​ក​ណ្ត​ល (​ស្លាប់​នៅ​កន្លែង​កើ​ហេតុ​) ឯ​សព​ម្នាក់ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ និង​អ្នករបួសធ្ងន់​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ ក្បាល​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ៣A-៨៦២៩ ចត​ចោល​នៅ​ប្រប​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ រហូតមកដល់​ម៉ោង​កើតហេតុ ស្រាប់​តែមាន​យុវជន​៣​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល ១AM-១៦៨៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ពេញទំហឹង​បណ្តាល​ឲ្យ​យុវជន​ម្នាក់​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ឯ​ម្នាក់ទៀត​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ចំណែក​អ្នករួមដំណើរ​ជាមួយ​ម្នាក់ទៀត​រងរបួស​ស្រាល​។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនឹង​ផ្នែក​ជំនាញ​ចរាចរណ៍ បាន​ចុះ​មកដល់​ធ្វើការ​វាស់វែង យក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ចំណែក​សព​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​