​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួមជាមួយ​លោក​-​លោកស្រី​អភិបាលរង លោកនាយក នាយករង​រដ្ឋបាល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​ចុះ​ជួប​សំណេះសំណាល និង​ណែនាំ​ដល់​ចៅសង្កាត់ ក្រុម ប្រឹក្សា​ភូមិ មេភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់​ព័​ន្ឌ អោយ​បន្ដ​ចុះ​អប់រំ​ណែ​នាំនូវ​វិធានការ ៣​ការពារ ៣​កុំ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ជាប់​ជាប្រចាំ ហើយ​ត្រូវ​ដឹង​ពី​សុខទុក្ខ​និង​ការលំបាក​របស់​បងប្អូន​ដែល​កំពុង​ជួបប្រទះ ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​19​នេះ និង​ផ្តល់ព័ត៌មាន​មក​ថ្នាក់ លើ​វិញ​អោយបាន​ទាន់ពេលវេលា ។

​ការចុះ​ណែនាំ និង​ផ្សព្វផ្សាយ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​សាលាសង្កាត់​ស្នោរ ដោយមាន​ការចូលរួម​ពី​លោក​ចៅសង្កាត់​, ចៅសង្កាត់រង សមាជិក​ក្រុមប្រឹក្សា​សង្កាត់ លោក​-​លោកស្រី​ជា​ប្រធាន អនុប្រធាន​ភូមិ យុវជន ស​.​ស​.​យ​.​ក សង្កាត់ និង​អ្នកពាក់ព័ន្ធ មួយចំនួនទៀត​ផងដែ​រ​។

​លោក ឃឹម ស៊ុន​សូ​ដា បានបញ្ជាក់​ផងដែរ​ថា គោលបំណង​ដែល​អាជ្ញាធរ​ខណ្ឌ​ចុះមក​អប់រំ​ផ្សព្វផ្សាយ​នេះ គឺ​ដើម្បី​ពង្រឹង​របៀបរបប​អនុវត្តន៍​ការងារ ជាពិសេស​ការងារ​ពង្រឹង​ការអនុវត្ត​វិធានការ ការពារ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​មួយ​នេះ​។ ត្រូវ​ពង្រឹង​ប្រសិទ្ធិភាព​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល និង​ការងារ​អភិវឌ្ឍ​មូលដ្ឋាន ។

​លើសពីនេះ​ក៏ត្រូវ​ពង្រឹង​ការផ្តល់សេវា​រដ្ឋបាល ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវ​ការជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធិភាព និង​ប្រសិទ្ធិ​ផល ។ ពង្រឹង​ការងារ​អនាម័យ បរិស្ថាន ក្នុង​ដ្ឋា​ន​សង្កាត់ និង​កិច្ច​គាំទ្រ សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ការផ្តល់សេវា​សម្អាត និង​ប្រមូល​សំរាម តាម​លំនៅដ្ឋាន និង​អាជីវ​កម្មដ្ឋាន ក្នុង​ភ​មិ​សាស្ត្រ​សង្កាត់ នីមួយៗ​អោយបាន​ល្អ​។

​លោក​បាន​បញ្ជាក់ទៀតថា ៖​ការងារ​នៅ​ចំពោះមុខ​នេះ គឺ​ការអនុវត្ត​នូវ​រាល់​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​ក៏ដូចជា​អនុវត្តតាម​ប្រសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​របស់​យើង ក្រៅពីនេះ​ការងារ​ចំពោះមុខ​មួយទៀត​នោះ គឺ​ការអភិវឌ្ឍន៍​មូលដ្ឋាន យើង​ជា​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ត្រូវ​បន្ត​ជំរុញ និង​យកចិត្តទុកដាក់​បំផុត គឺ​ការស្ដារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ​ប្រឡាយ លូ នៅក្នុង​មូលដ្ឋាន​នីមួយៗ​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​កាត់បន្ថយ​ការលិចលង់​ដោយ​ទឹកជំនន់​ក្នុង​រដូវវស្សា​នេះ​។ បន្ថែម​ពីនេះ​ទៅទៀត លោក​លោកស្រី​ក៏​មិនត្រូវ​ភ្លេច​ពី​ការកៀងគរ​ប្រមែប្រមូល​កម្លាំង​សមាជិក​របស់​យើង​នៅក្នុង​មូលដ្ឋាន ដោយ​ថែរក្សា​កម្លាំង​ចាស់ ពង្រីក​កម្លាំង​ថ្មី​តាមរយៈ​ស្រទាប់​យុវជន​ឲ្យ​បាន​ច្រើន​កុះករ​ថែមទៀត ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​បាន​ជោគជ័យ​ថែម​ទាប​នូវ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​និង​ការបោះឆ្នោត​សកល​នាពេល​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា ៖​ពិធី​សំណេះសំណាល​នេះ ប្រកាន់ខ្ជាប់​នូវ​ការអនុវត្តន៍ “៣​ការពារ ៣​កុំ ” ដោយ ប្រើ​ឧបករណ៍ វាស់​កំដៅ ការ​អង្គុយ​រក្សា​គម្លាត ពាក់​ម៉ាស់ និង​មាន​អាល់កុល​លាង​សម្អាត​ដៃ និង​សាប៊ូ​ជាប្រចាំ តាម​ការណែនាំ​របស់ កនរ​សួង​សុខាភិបាល​៕​